លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទបានអបអរសាទរចំពោះការបញ្ចប់ការចរចាទាក់ទិននឹងការកែប្រែច្បាប់បោះឆ្នោតជាតិ និងបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានយល់ព្រមបញ្ចូលក្នុងច្បាប់នេះនូវសំណើរបស់លោកក្នុងការដកកៅអីសភាពីគណបក្សនយោបាយណា ដែលធ្វើពហិការមិនចូលសភាក្រោយពីការបោះឆ្នោត។
លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់បានបញ្ចប់កាលពីល្ងាចថ្ងៃច័ន្ទ ហើយតាមការដឹងរបស់លោក មិនមានបញ្ចូលសំណើលើកឡើងដោយលោក ហ៊ុន សែន ទេ ប៉ុន្តែបានបន្ថែមថា ការពិភាក្សាគ្នាថែមទៀតអំពីសំណើនេះនឹងត្រូវធ្វើបន្ត។
ថ្លែងនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកនោះ លោក ហ៊ុន សែន បានសរសើររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និង លោក សម រង្ស៊ី ក្នុងការបញ្ចប់ការចរចាដ៏យូរ ក្នុងការប្រជុំរយៈពេលបួនម៉ោងកាលពីល្ងាចថ្ងៃសៅរ៍។
ការសម្របសម្រួលមួយចំនួនសម្រេចបាន ក្នុងនោះគណបក្សប្រជាជនកម្ពុជាយល់ព្រមឲ្យបន្ថែមអាសនៈសភាថ្មីពីរទៀត ហើយគណបក្សសង្គ្រោះជាតិយល់ព្រមទៅនឹងការកាត់បន្ថយរយៈពេលធ្វើយុទ្ធនាការបោះឆ្នោត ហើយលោក ហ៊ុន សែន បានមានប្រសាសន៍ថា ដំណោះស្រាយនេះគួរឲ្យសរសើរ។
មុនពេលបន្ថែមថា សំណើផ្ទាល់របស់លោក ដែលសំដៅបញ្ចៀសភាពជាប់គាំងក្រោយការបោះឆ្នោត ក៏ត្រូវបានយល់ព្រមដែរនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមអបអរសាទរផងនៅថ្ងៃនេះ។ កាលពីថ្ងៃសៅរ៍ គឺថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៥នេះ ឯកភាពគ្នាហើយច្បាប់បោះឆ្នោត”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “[តំណាងរាស្ត្រជាប់ឆ្នោត]ទាំងនោះដែលមិនចូលស្បថដើម្បីយកសុពលភាពរបស់ខ្លួន និងអ្នកដែលមិនចូលប្រជុំ[សភា]។ល។… [យើង]នឹងឃើញអាសនៈរបស់ពួកគេបាត់បង់យ៉ាងម៉េច”។ លោកបានបន្ថែមថា “ពួកគេបានឯកភាពគ្នាហើយ ប៉ុន្តែមិនទាន់បានសរសេរនៅឡើយ។ ពួកគេបានចាប់ផ្តើមសរសេរនៅថ្ងៃនេះ។ សរសេរហើយ ពួកគេធ្វើសិក្ខាសាលា”។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា លោកនឹងវេតូច្បាប់បោះឆ្នោតថ្មីនេះ ប្រសិនបើសំណើនេះមិនត្រូវបានបញ្ចូលក្នុងច្បាប់នេះទេ។ សេចក្តីប្រកាសដែលចេញក្រោយការចរចាកាលពីល្ងាចថ្ងៃសៅរ៍បាននិយាយថា ចំណុចដែលស្នើឡើងនេះនឹងត្រូវចរចាគ្នាបន្តទៀត។
លោក រង្ស៊ី បានមានប្រសាសន៍នៅថ្ងៃច័ន្ទថា លោកប្រកាន់យកតាមសេចក្តីប្រកាសនោះ ប៉ុន្តែថា សេចក្តីព្រាងច្បាប់នោះត្រូវបានធ្វើបញ្ចប់រួចរាល់ដោយមន្ត្រីមកពីគណបក្សទាំងពីរក្នុងកិច្ចប្រជុំបួនម៉ោងកាលពីល្ងាចថ្ងៃច័ន្ទ។
សំដៅដល់ច្បាប់បោះឆ្នោតជាតិនិងច្បាប់មួយផ្សេងទៀតដែលបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី លោក រង្ស៊ី បានមានប្រសាសន៍ថា “ការប្រើពាក្យពេចន៍ចប់ហើយឥឡូវនេះ។ សេចក្តីព្រាងច្បាប់បានបញ្ចប់។ យើងមានសេចក្តីព្រាងច្បាប់ពីរ”។
មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា លោកមិនជឿថា សំណើដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់បញ្ចប់ហើយនេះទេ។
លោក រង្ស៊ី បានមានប្រសាសន៍ថា “យោងតាមសហសេវិករបស់ខ្ញុំដែលបានចូលរួមក្នុងការពិភាក្សាដែលបានបញ្ចប់កន្លះម៉ោងមុននេះ ខ្ញុំមិនដឹងទេ។ ប្រហែលខ្ញុំភ្លេចហើយ ប៉ុន្តែខ្ញុំមិនដឹងអំពីសំណើនេះក្នុងសេចក្តីព្រាងច្បាប់ ដែលទើបតែបញ្ចប់នេះទេ”។
“ខ្ញុំប្រហែលទទួលព័ត៌មានខុស ប៉ុន្តែ…ខ្ញុំមិនដឹងអំពីសំណើនេះនៅក្នុងច្បាប់នេះទេ”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះមិនអធិប្បាយបន្ថែមអំពីសំណើ ឬការអធិប្បាយរបស់លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទទេ។
ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិបានឯកភាពគ្នាកាលពីថ្ងៃសៅរ៍ថានឹងចរចាបន្ថែមទៀតដើម្បីពិភាក្សាអំពីសំណើនេះ។ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមានប្រសាសន៍បន្ទាប់ពីការប្រជុំធ្វើសេចក្តីព្រាងនៅថ្ងៃច័ន្ទថា ជំនួបបែបនេះអាចគ្រោងធ្វើនៅសប្តាហ៍ក្រោយ។
លោក ឈិន បានមានប្រសាសន៍ថា “ចំណុចនេះ…បានលើកឡើងដែរ។ គណបក្សសង្គ្រោះជាតិត្រូវត្រៀមជាពិសេសដើម្បីពិភាក្សាបញ្ហានេះ និងដាក់ចូលសិក្ខាសាលា។ ហើយ[រឿងនេះត្រូវកើតឡើង]មុនច្បាប់នេះទទួលបានការអនុម័តពីសភាជាតិ”។
លោក រង្ស៊ី បានមានប្រសាសន៍ក្នុងបទសម្ភាសមួយកាលពីថ្ងៃអាទិត្យថា លោក ខេង បានបញ្ជាក់ក្នុងអំឡុងការចរចានៅថ្ងៃសៅរ៍ថា សំណើរបស់លោកនាយករដ្ឋមន្ត្រីតាមពិតប្រហែលមិនដាក់ចូលក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោតទេ។
លោកបានមានប្រសាសន៍ថា “អ្វីដែលខ្ញុំបានស្តាប់ឮពីលោក ស ខេង គឺថា គណបក្សប្រជាជនកម្ពុជាគ្រាន់តែបានលើកសំណើប៉ុណ្ណោះ។ មិនមានពេលកំណត់ ឬលក្ខខណ្ឌដែលវាគួរស្ថិតក្នុងច្បាប់បោះឆ្នោតឡើយ”។
“ប្រធានបទនេះនឹងត្រូវពិភាក្សា ហើយយើងនឹងសិក្សាថានឹងប្រើពាក្យពេចន៍បែបណា និងខ្លឹមសារពេញលេញរបស់វា ហើយយើងនឹងត្រូវព្រមព្រៀង…ដាក់វានៅត្រង់ណា អាចនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភា អាចនៅក្នុងវិធានផ្ទៃក្នុងរបស់សភាជាតិ [ឬ] អាចនៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ”។
លោក រង្ស៊ី បានមានប្រសាសន៍ថា ច្បាប់បោះឆ្នោតថ្មីនេះអាចលើកយកមកបង្ហាញក្នុងការប្រជុំពិសេសនៃសភា នាដើមខែនេះ បើទោះជាមានការពិភាក្សានៅសេសសល់ ទាក់ទិននឹងសំណើរបស់លោក ហ៊ុន សែន ក៏ដោយ។
សេចក្តីព្រាងច្បាប់បោះឆ្នោតនឹងត្រូវដាក់ជូនសភាជាតិស្របពេលគ្នាជាមួយច្បាប់បង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទ្វេបក្សថ្មី ដែលជាមូលដ្ឋានសំខាន់នៃកំណែទម្រង់ការបោះឆ្នោតដែលចរចាដោយគណបក្សទាំងពីរកាលពីឆ្នាំមុន៕ និត