34.8 C
Phnom Penh

លោកស្រី ឡាយ ហួង ​និយាយ​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្ថិត​នៅ​ពីក្រោយ​ការ​ចាប់​ខ្លួន​គាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​អ្នកជំនួញ​ម្នាក់​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​កាលពីខែធ្នូ ហើយ​ធ្វើ​បត្យាប័ន​មក​កាន់​កម្ពុជា​​វិញ​​តាម​ការ​ចោទ​ប្រកាន់ពីបទ​រៀប​គម្រោង​រំលោភ ហើយ​សម្លាប់​ភរិយា​ និង​កូនស្រី​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​អះអាង​ក្រោយ​ពី​​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​លោកស្រី​កាលពី​ម្សិលមិញ​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ពាក់ព័ន្ធ​នឹង​ការ​ប្រឌិត​​​ករណី​នេះ​​ប្រឆាំង​លោកស្រី​។lay-huong

លោកស្រី ឡាយ ហួង អាយុ​៤៩​ឆ្នាំ ដែល​ជាប់​ចោទ​ពីបទ​ “ផ្ដើម​គំនិត​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​រំលោភ​ ហើយ​សម្លាប់​ដែល​មាន​ការ​រៀបចំ​ទុក​ជាមុន​”។ បាន​ឱប​កូនស្រី​របស់​ខ្លួន​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​ ហើយ​បាន​អះអាង​ថា លោក ខូវ ផល្លាបុត្រ ដែល​ជា​អតីត​​​ស្វាមី​របស់​លោកស្រី​ បាន​សហការ​ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឲ្យ​លោកស្រី​ជាប់ពន្ធនាគារ​។

លោកស្រី​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “ខូវ​ ផល្លាបុត្រ ប្ដី​របស់​ខ្ញុំ​ និង​ឯក​ឧត្ដម​ ស៊ុន ចាន់ថុល​​ បាន​រៀបគម្រោង​ប្រឌិត​​រឿង​នេះ​ឡើង ហើយ​ចាប់​ខ្លួន​ខ្ញុំ​ ដើម្បី​បង្ខំ​ឲ្យ​ខ្ញុំ​ចាក​ចេញពីកូនស្រី​​ និង​គ្រួសារ​របស់​ខ្ញុំ។ ករណី​នេះ​គឺ​ត្រូវ​បាន​ប្រឌិត​ទាំង​ស្រុង ដូច្នេះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ និង​កូនស្រី​របស់​ខ្ញុំ​”។

ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក​ ស៊ុន ចាន់ថុល បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ចំណែក​ឯលោក​ ខូវ ផល្លាបុត្រ វិញ​មិន​អាច​ទាក់​ទង​បាន​តែ​ម្ដង។

អំឡុង​សវនាការ​កាលពី​ម្សិលមិញ ​ចៅក្រម​ជំនុំជម្រះ​ សេង ស៊ីវុត្ថា បាន​មាន​ប្រសាសន៍​ថា សំណើ​សុ​ំ​នៅ​ក្រៅ​ឃុំ​របស់​លោកស្រី​​ ឡាយ ហួង ត្រូវ​បាន​ច្រាន​ចោល​ “ពីព្រោះ​នេះ​ជា​បទ​ចោទ​ប្រកាន់​​​ព្រហ្មទណ្ឌ​ពីរ​ករណី ហើយ​គាត់​ជាប់​សង្ស័យ​​ពីបទ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នោះ”។ លោក​បាន​លើក​ឡើង​បន្ថែម​ថា តុលាការ​​មាន​ភ័ស្តុតាង​ដើម្បី​បង្ហាញ​ថា គាត់​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​បទល្មើស​នេះ។

សំណុំរឿង​ដ៏កក្រើក​នេះ​ បាន​ធ្វើ​ឲ្យ​ភរិយា​របស់​ឧកញ៉ា ខូវ ជឺលី ដែល​ជា​ឪពុក​របស់​លោក ខូវ ផល្លាបុត្រ ជាប់​ពន្ធនាគារ​២០​ឆ្នាំ ពីបទ​រៀបគម្រោង​ទម្លុះ​ចូល​វីឡា​របស់​លោក ស៊ុន ចាន់ថុល នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ធ្វើ​បាប​ភរិយា​និង​កូនស្រី​របស់​លោក​។

យោង​តាម​សេចក្ដី​សម្រេច​មួយ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០១១ ដែល​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​តម្កល់ទុក​ជាបាន​ការ​បាន​​ឲ្យ​ដឹង​ថា លោកស្រី ខូវ សេងចន្តា ភរិយា​របស់លោក ខូវ ជឺលី គឺជា​​មេខ្លោង​នៅ​ពីក្រោយ​ផែន​ការ​មួយ​​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​បម្រើ​ពីរ​នាក់ និង​ឃាតករ​ម្នាក់ដែល​បាន​ជាប់ពន្ធនាគារ​ដែរ​។

ទោះ​ជាយ៉ាង​ណា សមាជិក​គ្រួសារ​របស់​លោក ស៊ុន ចាន់ថុល គ្មាន​នរណា​ម្នាក់​ជួប​គ្រោះ​អន្តរាយ​ឡើយ​​រហូត​មក​ទល់​ពេល​នេះ​។

កាលពី​មុន​លោក ខូវ ផល្លាបុត្រ បាន​ចោទ​ប្រកាន់​លោក ស៊ុន ចាន់ថុល និង​ភរិយា​របស់​លោក​​ គឺលោកស្រី ស៊ុន សូថា ដែល​ជា​កូនស្រី​របស់​លោក ខូវ ជឺលី ដែរ​ ពីបទ​ប្រឌិត​ករណី​នេះឡើង ប៉ុន្តែ​បាន​ប្ដូរ​ចិត្ត​វិញ​កាលពី​ខែ​​កុម្ភៈ​ឆ្នាំ​មុន​ ដែល​នៅ​ពេល​នោះ ​លោក​បាន​សូម​អភ័យ​ទោស​នៅ​ក្នុង​លិខិត​ចំហ​មួយ​ ដែល​ត្រូវ​បាន​​​ចុះ​ផ្សាយ​ព្រោង​ព្រាត​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​។

លោក​បាន​សរសេរ​ថា “នៅ​ក្នុង​សុន្ទរកថា​ដែល​ខ្ញុំ​បាន​ចោទ​ប្រកាន់​ឯកឧត្ដម ស៊ុន ចាន់ថុល និង​លោកជំទាវ​ ស៊ុន សូថា ពីបទ​ប្រឌិត​​​ករណី​នេះ​ឡើង ដើម្បី​ចោទ​ប្រកាន់​ សេង ចន្តា និង​ ឡាយ ហួង ដើម្បី​កាន់​កាប់​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ ខូវ ជឺលី គឺ​ជា​ការ​យល់​ច្រឡំ ហើយ​ខុស​ទាំង​ស្រុង”៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស