អតីតឆ្មាំគុក និងអ្នកនាំសារម្នាក់នៅមន្ទីរសន្តិសុខក្រាំងតាចាន់ ក្នុងខេត្តតាកែវ បានប្រាប់សាលាក្ដីខ្មែរក្រហមកាលពីម្សិលមិញថា ការសម្លាប់ទាំងអស់នៅកន្លែងនោះគឺសុទ្ធតែជាស្នាដៃរបស់មេគុកមួយក្រុម ដែលមានគ្នាប្រាំមួយនាក់ ហើយថា ខ្លួនប្រហែលជាត្រូវបានគេសម្លាប់ប្រសិនបើបានមើលសំបុត្រណាមួយ ដែលត្រូវយកទៅឲ្យគេ។
លោក វ៉ាន សឿន ហៅ “សួន” បានអះអាងថា គាត់ត្រូវគេបង្ខំឲ្យចូលរួមជាមួយខ្មែរក្រហមតាំងពីក្មេងមកម្លេ៉ះ បន្ទាប់ពីទាហានខ្មែរក្រហមបានចូលកាន់កាប់ខេត្តតាកែវ ក្នុងឆ្នាំ១៩៧៤ ហើយដំបូងឡើយគាត់ត្រូវបានគេប្រគល់តួនាទីឲ្យធ្វើជាអ្នកឈ្លបមើលសត្រូវនៅតាមជើងភ្នំដំរីរមៀល មុនពេលត្រូវបានបញ្ជូនឲ្យមកឈរជើងនៅមន្ទីរសន្តិសុខក្រាំងតាចាន់នេះ។
ក្រៅពីតួនាទីដើរឈ្លបមើលតាមបរិវេណខាងក្រៅគុក លោក សឿន បានឲ្យដឹងថា គាត់ទទួលបន្ទុកខាងចែកសំបុត្រពីគុកក្រាំងតាចាន់ ទៅកាន់ការិយាល័យមូលដ្ឋាន ប៉ុន្តែគាត់មិនដែលហ៊ានមើលសំបុត្រនោះទេ ព្រោះខ្លាចក្រែងគេសម្លាប់ចោល។
លោក សឿន បាននិយាយថា “នៅពេលនោះ តាមការអង្កេតរបស់ខ្ញុំ គេមិនមែនគំរាមទេ គឺសម្លាប់តែម្ដង។ ប្រសិនបើខ្ញុំហែកសំបុត្រមើល ម្លេ៉ះខ្ញុំប្រហែលជាត្រូវគេសម្លាប់បាត់ទៅហើយ”។ លោក សឿន បានអះអាងទៀតថា គាត់បានឃើញមេគុកឈ្មោះ តា អាន ចុះហត្ថលេខាលើសំបុត្របន្ទាប់ពី “ឌុចតូច” ហៅ ស្រីថាន ដែលបានបង្ហាញខ្លួននៅសាលាក្ដីក្នុងនាមជាសាក្សីកាលពីខែមុន បានវាយលិខិតទាំងនោះរួច។
លោក សឿន បានអះអាងបន្ថែមទៀតថា គាត់ក៏ស្ថិតក្នុងចំណោមឆ្មាំគុកមានសមាជិកចំនួនប្រាំមួយនាក់ រួមទាំង ឌុចតូច ដែលត្រូវបានចោទប្រកាន់ដោយអតីតមេគុកឈ្មោះ សយ សែន ពីបទរំលោភ និងសម្លាប់អំឡុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ ប៉ុន្តែគាត់បានទម្លាក់រាល់ការទទួលខុសត្រូវទាំងអស់ ដូចជា ការសម្លាប់ ការសួរចម្លើយលើមេគុកទាំងប្រាំមួយនាក់នោះ។
លោក សឿន បានកំណត់អត្តសញ្ញាណមេគុកទាំងនោះថា មានឈ្មោះដូចជា តា អាន ចេង ពេញ ជាង មឿន និង ឈឿន។
នៅពេលលោក Vicent de Wilde ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញាបានសួរថា ”និយាយជារួមពាក់ព័ន្ធនឹងរដ្ឋបាល ការសួរចម្លើយ និងការសម្លាប់អ្នកទោស គឺសុទ្ធតែមេគុកជាអ្នកធ្វើ រីឯឆ្មាំគុកវិញមិនមានពាក់ព័ន្ធឡើយមែនទេ? លោក សឿន បានឆ្លើយថា “មែន”។
ការបើកសវនាការនៅក្នុងដំណាក់កាលទី២នៃសំណុំរឿង០០២ ដែលក្នុងនោះបងធំទី២ នួន ជា និង ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហមប្រឈមការចោទប្រកាន់រួមទាំងបទប្រល័យពូជសាសន៍ផងនោះនឹងបន្តនៅថ្ងៃនេះ៕ ស៊ុយឈាង