29.3 C
Phnom Penh

អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​ពីរ​​​ក្រុម​​​យក​ដែក​​​បំពង់​​​ទីប និង​​​ច្រវាក់​​​វាយ​​​គ្នា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិល​​​មិញ​​​ថា អ្នក​​​រត់​​​រ៉ឺម៉កម៉ូតូ​​​កង់​​​បី​​​ពីរ​​​ក្រុម​​​ដែល​​​ជា​​​គូ​​​ប្រជែង​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ​​​នៅមុខ​​​ស្ថានីយ​​​រថភ្លើង​​​​​​​​ក្នុង​​​រាជ​​ធានី​​​ភ្នំពេញ​​​​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​ដូនពេញ  ដោយ​​​បាន​​​ប្រើ​​​ដែក​​​បំពង់​​​ទីប និង​​​ច្រវាក់​​​វាយ​​​គ្នា​​​ជុំវិញ​​​ជម្លោះ​​​រឿង​​​ដណ្តើម​​​ម៉ូយ។

យោង​​​តាម​​​លោក កាន់ វណ្ណៈ នាយ​​​ប៉ុស្តិ៍​​​​​​សង្កាត់​​​ស្រះ​​​ចក​​​កន្លែង​​​ដែល​​​ជម្លោះ​​​បាន​​​កើត​​​ឡើង​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៦ល្ងាច អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ម្នាក់​​​និង​​​ជា​​​សមាជិក​​​​​​របស់​​​សមាគម​​​ប្រជាធិបតេយ្យ​​​ឯក​​​រាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​​​​ (IDEA)បាន​​​ទាស់​​​សម្តី​​​គ្នា​​​ជាមួយ​​​អ្នក​​​អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ម្នាក់​​​ទៀត​​​ និង​​​ជា​​​សមាជិក​​​របស់​​​សមាគម​​​រួមគ្នា​​​អភិវឌ្ឍន៍​​​ដើម្បី​​​​​​កម្ពុជា
(CCDA)។

លោក វណ្ណៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ជម្លោះ​​​ដំបូង​​​ពី​​​រឿង​​​អ្នកដំណើរ​​​បី​​​នាក់​​​​​​រក​​​រ៉ឺម៉ក​​​ម៉ូតូជិះ​​​ទៅ​​​សង្កាត់​​​ទឹក​​​ថ្លា​​​បន្ទាប់ពី​​​ចុះ​​​ពី​​​រថយន្ត​​ទួរីស ជា​​​តម្លៃ​​​ដែល​​​អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ទាំងពីរ​​​អះ​​​អាង​​​ថា ជា​​​របស់​​​ពួកគេ។

លោក វណ្ណៈ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកដំណើរ​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​សម្រេច​​​ទៅ​​​ជាមួយ​​​សមាជិក CCDA ហើយ​​​នៅ​​​ពេល​​​គាត់​​​ត្រឡប់​​​មក​​​ស្ថានីយ​​​រថភ្លើង​​​វិញនៅ​​​ម៉ោង​​​​​​ប្រហែល​​​៧យប់ ក៏​​​មាន​​​ជម្លោះ​​​កើត​​​ឡើង​​​តែ​​​ម្តង។

នាយ​​​ប៉ុស្តិ៍​​​​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​លំបាក​​​​​​និយាយ​​​ថា នរណា​​​វាយ​​​នរណា​​​មុន​​​ណាស់។ នៅ​​​ពេល​​​​​​យើង​​​មក​​​ដល់ យើ​​ង​​​បាន​​​រក​​​​​​ឃើញ​​​ដែក​​​បំពង់​​​ទីប និង​​​ដែកឆាប​​​។ ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​ដាក់ពាក្យ​​​បណ្តឹង​​​ នោះ​​​ខ្ញុំ​​​នឹង​​​ស៊ើប​​​អង្កេត​​​​​​ ហើយ​​​​​​ស្វែងរក​​​ចាប់ខ្លួន”។ លោក​ វណ្ណៈ បាន​មាន​ប្រសាសន៍​ថា មិន​មាន​នរណា​ម្នាក់​រង​របួស​​ធ្ងន់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ទេ។

លោក សួន វណ្ណី​​​ អាយុ​៤១​ឆ្នាំ ​​បាន​​​និយាយ​​​ថា កាលពី​ម្សិលមិញ  លោក​នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​ក្នុងនាម​​​ជា​​​​​​សមាជិក​របស់​ IDEA ដែល​បាន​​ប៉ះទង្គិច​គ្នា​ជុំវិញ​បញ្ហា​តម្លៃ​កាលពី​ថ្ងៃ​ច័ន្ទ​។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ចរចា​​​គ្នា​ ហើយ​បាន​​​យល់​ព្រម​​ជាមួយ​​​អ្នក​ដំណើរ​ទាំង​បី​នាក់​នេះ​ក្នុង​តម្លៃ​២០.០០០​រៀល​។ ប៉ុន្តែ​គាត់​​​ [សមាជិក CCDA] បាន​ព្យាយាម​​ដណ្ដើម​ម៉ូយ​របស់​ខ្ញុំ ដោយ​បញ្ចុះ​តម្លៃមក​ត្រឹម​តែ​១៥.០០០​រៀល​ប៉ុណ្ណោះ”។

លោក វណ្ណី បាន​​​និយាយ​ថា ពេល​លោក​ត្រឡប់​មក​ដល់​ស្ថានីយ​រថភ្លើង​វិញ សមាជិក​ CCDA បាន​ស្រែក​ដាក់​លោក​។ លោក​​​បាន​​​និយាយ​​​ថា នៅ​ពេល​​​​​សមាជិក CCDA ជា​ច្រើន​នាក់​បាន​​ឡោម​ព័ទ្ធ​លោក លោក​​​ក៏​បាន​​ហៅ​សមាជិក​ IDEA ផ្សេង​​​ទៀត​មក​ជួយ​។

លោក​បាន​និយាយ​ថា ​”សមាជិក CCDA បាន​យក​ដែក​បំពង់​​​ទីប​ ហើយ​វាយ​មក​លើ​ពួក​យើង​។ ដូច្នេះ​ខ្ញុំ​បាន​យក​ច្រវាក់​ពី​រ៉ឺម៉ក​មូ៉តូ​​​កង់​​​បី​របស់​ខ្ញុំ​វាយ​ទៅ​លើ​ពួកគេ​វិញ។

លោក សុខ វាសនា អាយុ​៤១​ឆ្នាំ ដែល​​​ជា​សមាជិក CCDA ដែល​បាន​ដឹក​អ្នក​ដំណើរ​ទាំង​នេះ​​​​​បាន​រង់ចាំ​នៅ​លើ​រ៉ឺម៉ក​កង់​​​បី​របស់​លោក​នៅ​​​ឆ្ងាយ​ពី​លោក វណ្ណី កាលពី​ម្សិល​មិញ។ លោក វាសនា បាន​​​និយាយ​ថា លោក​ជា​ជន​រងគ្រោះ​នៃ​ការ​ប៉ះទង្គិច​គ្នា​នោះ​។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​រង់ចាំ​នៅ​ឆ្ងាយ​​ពី​ទីនេះ​ដើម្បី​ដឹក​ទំនិញ​​ ហើយ​បាន​ជួប​អ្នក​ដំណើរ​ទាំង​នេះ​​​ដោយ​​​ចៃដន្យ​។ អ្នក​ដំណើរ​ទាំង​នោះ​បាន​សុំ​ឲ្យ​ខ្ញុំ​ដឹក​​​ពួក​​​គាត់​ទៅ​ទឹក​ថ្លា​ក្នុង​តម្លៃ​១៥.០០០​រៀល ហើយ​ខ្ញុំ​បាន​យល់​ព្រម​ ប៉ុន្តែ​សមាជិក IDEA បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​ជា​មនុស្ស​មិន​ល្អ​ ហើយ​កុំ​​​ឲ្យ​​​ទៅ​ជាមួយ​ខ្ញុំ​​​អី​”។

លោក វាសនា បាន​​​និយាយ​ថា នៅ​ពេល​លោក​ត្រឡប់​មក​វិញ សមាជិក IDEA បាន​តាម​លោក​នៅម្តុំ​​​កន្លែង​ចត​​​យាន​​​យន្ត​​​នៅ​មុខ​ស្ថានីយ​​​រថភ្លើង​។

លោក​បាន​និយាយ​ថា “យើង​បាន​សួរ​ថា ហេតុអ្វី​​​បាន​​​ជា​​​ [សមាជិក​ IDEA] ចង់​វាយ​​​ពួក​​​​យើង ប៉ុន្តែ​ពួក​​​គេ​និយាយ​​​ដោយ​ប្រើ​សម្ដី​មិន​សមរម្យ​មក​​​លើ​​​​ពួក​​​យើង​​​ ហើយ​បន្ទាប់​មក​ពួកគេ​បាន​យក​ដែក​បំពង់​​​ទីប​​​ និង​​​ដែកឆាប​​​​វាយ​មក​លើ​ពួក​យើង​តែ​ម្ដង​។

លោក ឯ សុផ័ស្ស ប្រធាន​ CCDA បាន​មាន​ប្រសាសន៍​ថា លោក​ជាប់​រវល់​មិន​អាច​និយាយ​​ពី​ជម្លោះ​នេះ​បាន​ទេ។

លោក វន់ ពៅ ប្រធាន​ IDEA បាន​បន្ទោស​​ជម្លោះ​នេះ​ទៅលើ​សមាជិក​ CCDA ដែល​លោក​បាន​លើកឡើង​​​​ថា បាន​ព្យាយាម​ដណ្ដើម​ម៉ូយ​របស់​ IDEA នៅ​ស្ថានីយ​រថភ្លើង​។ លោក​បាន​និយាយ​ថា “មូលហេតុ​នៃ​ការ​ប៉ះទង្គិច​គ្នា​​​​ គឺ​​សមាជិក CCDA។ វា​ជា​ផែន​ការ​របស់​ពួកគេ​​​ដើម្បី​​​​ដណ្ដើម​យក​ម៉ូយ​របស់​យើង​ពី​ទីនោះ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស