40.3 C
Phnom Penh

មិត្ត​ភក្តិ និង​សាច់​ញាតិ​កម្មការិនី​ចាក​ចេញពីបន្ទប់​ជួល​​ ព្រោះ​ខ្លាច​ក្រែង​ឃាតករ​មក​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិត្ត​ភក្ដិ​ និង​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​ សាន់ អាស្រស់ ដែល​សាក​សព​របស់​នាង​ត្រូវ​​គេ​ប្រទះ​​ឃើញ​​នៅ​ជិត​ចិញ្ចើម​ផ្លូវ​ក្នុង​ខេត្ត​កណ្ដាល​​កាលពី​ថ្ងៃ​សៅរ៍ បាន​នាំគ្នា​ចាក​ចេញ​ពី​បន្ទប់​​របស់​ខ្លួន​កាលពី​ម្សិលមិញ ដោយ​ខ្លាច​ក្រែង​ឃាតករ​ដែល​សម្លាប់​ស្ត្រី​រងគ្រោះ​រូប​នេះ​អាច​វិល​ត្រឡប់​មកវិញ។

កញ្ញា សាន់ អាស្រស់ អាយុ​២២​ឆ្នាំ ជា​ជំនួយ​ការ​អ្នក​គ្រប់គ្រង​នៅ​រោងចក្រ​កាត់​ដេរ​តាក់សាន់ ក្នុង​រាជធានី​ភ្នំពេញ​ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ នេះ​បើ​យោង​តាម​ឪពុក​របស់​នាង​ដែល​បាន​ដាក់ពាក្យ​ប្ដឹង​នគរ​បាល​អំពី​ការ​បាត់​ខ្លួន​នេះ​ពីរ​ថ្ងៃ​ក្រោយ​មក។ យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា សព​របស់​នាង​ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​ថ្ងៃសៅរ៍ នៅ​ក្នុង​ប្រឡាយ​មួយ​ចម្ងាយ​ពីរបី​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៦១ ក្នុងស្រុក​ពញាឮ ដោយ​បុរស​ម្នាក់​ដែល​ចុះ​ទៅ​ជុះនោម​នៅទីនោះ​។

នគរ​បាល​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ថា មាន​ឈ្មោះ សំអុល មុនី អាយុ​៣០​ឆ្នាំ ជា​អ្នក​ជិត​ខាង​របស់​កញ្ញា សាន់ អាស្រស់ ដែល​រស់​នៅ​​ផ្ទះ​ជួល​ក្រោយ​រោងចក្រ​ក្នុង​ខណ្ឌ​ដង្កោ។ សំអុល មុនី ដែល​កំពុង​រត់គេច​ខ្លួន​​ក៏​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ និង​ប្លន់​ជន​រងគ្រោះ​ផង​ដែរ​។

អ្នកស្រី ជេស សៀងអែម អាយុ​៤២​ឆ្នាំ ជា​ម្ដាយ​មីង​របស់​​កញ្ញា សាន់ អាស្រស់ ដែល​បាន​ភៀស​ខ្លួន​ចេញពី​បន្ទប់​ជួល​​ក្នុង​​សង្កាត់​ក្រាំង​ពង្រ ជាមួយ​មិត្ត​ភក្ដិ និង​សមាជិក​គ្រួសារ​​​ប្រមាណ​១០​នាក់​ បាន​និយាយ​ថា “យើង​ចាក​ចេញពី​ទីនោះ​ ព្រោះ​​យើង​ខ្លាច​។ យើង​គិត​ថា ប្រហែល​ជា​មាន​​នរណា​ម្នាក់​ចង់​សម្លាប់​ពួកយើង​”។

អ្នកស្រី អ៊ុក សោភ័ណ អាយុ​៤៩​ឆ្នាំ ជា​កម្មការិនី​នៅ​រោងចក្រ​តាក់​សាន់ និង​ដែល​ជួល​​​បន្ទប់​ក្បែរ​​សាច់​ញាតិ​ និង​មិត្ត​ភក្ដិ​របស់​ស្ត្រី​រងគ្រោះ​​​បាន​​បង្ហើប​​ឲ្យ​ដឹង​ថា ប្រភព​ចំណូលទី២​របស់ស្ត្រី​រងគ្រោះ​​ខ្លួន​​អាច​ជាមូលហេតុ​ដែលនាំ​ឲ្យ​កើត​មាន​អំពើ​ឃាតកម្ម​នេះ​។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ឃាតករ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ការ​រក​ស៊ី​ ព្រោះ​ជន​រងគ្រោះ​គឺ​ជា​អ្នក​ចង​ការ​ប្រាក់​”។

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ចំនួន​១.៥០០​​ដុល្លារ​បាន​បាត់​ពី​បន្ទប់ជួល​របស់​កញ្ញា សាន់​ អាស្រស់ ជាមួយ​នឹង​គ្រឿង​អលង្កា​ ម៉ូតូ​ហុងដា​ស៊េរី​​២០១៣​របស់​នាង និង​ទូរស័ព្ទ​ស្មាត​ហ្វូន​ចំនួន​ពីរ​គ្រឿង​ទៀត​។

អ្នកស្រី សៀងអែម បាន​លើក​ឡើង​ទៀត​ថា ក្មួយ​ស្រី​របស់​គាត់​ទទួល​បាន​ប្រាក់​ខែ​​យ៉ាង​តិច​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ពីការ​ងារ​ជាជំនួយ​ការ​អ្នក​គ្រប់​គ្រង​ ពោល​គឺ​ជិត​២ដង​នៃ​ប្រាក់​ខែ​ជា​មធ្យម​របស់​កម្មករ​។

អ្នកស្រី​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា កញ្ញា សាន់ អាស្រស់ ក៏​បាន​​ចង​ការ​ប្រាក់​ឲ្យ​អ្នក​រួម​ការ​ងារ​ និង​អ្នក​ជិត​ខាង​ផង​ដែរ រួម​ទាំង​​ជន​សង្ស័យ​ សំអុល មុនី ផង​ ហើយ​ជារឿយៗ​នាង​រំពឹង​ថា ពួកគេ​នឹង​សង​ប្រាក់​មក​វិញ​​បូក​រួម​ទាំង​ការ​ប្រាក់​។

អ្នកស្រី​បាន​និយាយ​ថា ​”ក្មួយ​ស្រី​របស់​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា មុនី ជួន​កាល​បាន​ខ្ចី​លុយ​នាង​​​ពី​​១០​ដុល្លារ​ទៅ​២០​ដុល្លារ ប៉ុន្តែ​​​​​​វា​មិន​ដែល​សង​ប្រាក់​វិញ​ទេ ហើយ​បាន​ទម្លាក់​បំណុល​​នេះ​ទៅ​ឲ្យ​ប្រពន្ធ​ជា​សង​។ មុនី ដឹង​យ៉ាង​ច្បាស់​​ថា​ក្មួយ​ស្រី​​របស​់​ខ្ញុំ​ជា​អ្នក​ចង​ការ​ប្រាក់​ ហើយ​វា​សម្លាប់​នាង​ដើម្បី​យក​លុយ និង​គ្រឿង​អលង្ការ​”។

លោក លួន ហឿន អាយុ​៣១​ឆ្នាំ ដែល​ក៏​រស់​នៅ​ក្បែរ​បន្ទប់​ជួល​របស់​ស្ត្រី​រងគ្រោះ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ សំអុល មុនី នៅ​តែស្នាក់​​​នៅ​ក្នុង​​បន្ទប់​ជួល​របស់​ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​​កញ្ញា សាន់ អាស្រស់ បាត់​ខ្លួន។

លោក​បាន​និយាយ​ថា ” គ្មាន​នរណា​ម្នាក់​ដឹង​ថា វា​ជា​ឃាតករ​ទេ ព្រោះ​បន្ទាប់ពី​ អាស្រស់ បាត់​ខ្លួន​​ វា​នៅ​ផ្ទះ​ជា​ធម្មតា​”។ លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​នេះ​បាន​រត់​គេច​ខ្លួន​ពី​បន្ទប់​ជួល​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ។

កាលពី​ថ្ងៃ​ច័ន្ទ លោក លី សាន់ ឪពុក​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា សំអុល ​មុនី​ បាន​ហៅ​ទូរស័ព្ទ​​ទៅ​ប្រពន្ធ​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ហើយ​បាន​ប្រាប់​ប្រពន្ធ​ថា ខ្លួន​បាន​សម្លាប់​កូនស្រី​របស់​លោក​ ហើយ​ចោល​សាក​សព​របស់​​នាង​នៅ​ខេត្ត​កណ្ដាល​។ លោក លី សាន់ បាន​និយាយ​​ដោយ​ប្រាប់ពីឈ្មោះ​ហៅ​ក្រៅ​របស់​ សំអុល មុនី ថា​ “អារក្ស​ ធ្វើ​ជា​ទៅ​ដើរ​រក​កូនស្រី​របស់​ខ្ញុំ​ពីរ​ថ្ងៃ​បន្ទាប់ពី​នាង​បាត់​ខ្លួន។ វា​បាន​ប្រាប់​ខ្ញុំ​នៅ​ពេល​នោះ​ថា វា​អត់​ដឹង​ពី​ការ​បាត់​ខ្លួន​របស់​កូន​ស្រី​ខ្ញុំទេ”៕ ស៊ុយឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស