កាលពីម្សិលមិញ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអំពាវនាវឲ្យនគរបាលប្រឹងប្រែងឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការបង្ក្រាបអំពើប្លន់បន្ទាប់ពីជប៉ុនបានត្អូញត្អែរថា ក្រុមចោរបានធ្វើឲ្យភ្ញៀវទេសចរជនជាតិជប៉ុនរងរបួសនិងស្លាប់ក្នុងប្រទេសកម្ពុជា។
ឧត្ដមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា លោក និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបជាមួយមន្ត្រីក្រសួងការបរទេសជប៉ុនកាលពីខែមុន ដែលបានសុំឲ្យលោកចាត់វិធានការឲ្យបានខ្លាំងក្លាថែមទៀតទៅលើបទឧក្រិដ្ឋដ៏ហិង្សានេះ។
លោកបានមានប្រសាសន៍អំឡុងពិធីមួយនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរាជធានីភ្នំពេញថា “ជនជាតិជប៉ុនជាច្រើនបានស្លាប់អំឡុងអំពើចោរកម្ម និងអំពើប្លន់ ហើយជប៉ុនបានស្នើឲ្យយើងពង្រឹងសន្ដិសុខជាបន្ទាន់” ដោយកត់សម្គាល់ថា ជនជាតិជប៉ុនម្នាក់បានស្លាប់ក្នុងអំពើប្លន់មួយកាលពីឆ្នាំ២០១៣ និងម្នាក់ទៀតរងរបួសធ្ងន់ពេលការឆក់កាបូបកាលពីឆ្នាំមុន។
ឧត្ដមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា “ជប៉ុនបានចាត់ទុកប្រទេសកម្ពុជា និងប្រទេសឡាវ ជាប្រទេសអសន្តិសុខ”។ យើងត្រូវចាត់វិធានការឲ្យបានខ្លាំងក្លា ដើម្បីទប់ស្កាត់អំពើចោរកម្ម និងអំពើប្លន់ ដើម្បីផ្ដល់សុវត្ថិភាព និងសន្តិសុខ មិនត្រឹមតែដល់ជនជាតិជប៉ុនប៉ុណ្ណោះទេ ថែមទាំងដល់ជនបរទេសទាំងអស់ដែលស្នាក់នៅប្រទេសរបស់យើងទៀតផង”។
លោកបានមានប្រសាសន៍ថា ស្នងការនគរបាលខេត្តគួរចាត់ទុកចោរកម្មថា ជា “បញ្ហាដ៏សំខាន់បំផុត” ដែលមន្ត្រីរបស់ខ្លួនកំពុងប្រឈម ហើយត្រូវស៊ើបអង្កេតករណីទាំងនេះឲ្យបានខ្លាំងក្លាដើម្បីឲ្យតុលាការផ្តន្ទាទោសជនល្មើសទាំងនោះ៕ សារុន