35 C
Phnom Penh

លោក ទៀ បាញ់ ​ថា​ទាហាន​បង្ហាញ​ភាព​លម្អៀង​ទៅ​រក​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​និយាយ​លេង​កាលពី​ថ្ងៃ​អង្គារ​ថា កង​កម្លាំង​ខេមរភូមិន្ទ “លម្អៀង​ទៅ​រក​មនុស្ស​ត្រឹម​ត្រូវ” ក្នុង​ការ​ការពារ​រដ្ឋាភិបាល​ពី​អ្នក​នាំ​រំជើប​រំជួល​នយោបាយ​ដែល​បង្ក​អសន្តិសុខ។

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​នៅ​ក្រសួង​ការពារ​ជាតិ ឧត្តម​សេនីយ៍​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​អព្យាក្រិត្យ​ខាង​នយោបាយ ប៉ុន្តែ​ត្រូវ​តែ​ការពារ​ស្ថិរភាព​រដ្ឋាភិបាល។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​រក្សា​ស្ថិរភាព​នយោបាយ​…​ហើយ​កង​កម្លាំង​ខេមរ​ភូមិន្ទ​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​ងារ​នេះ”។ “យើង​ផ្តល់​សន្តិសុខ​ដល់​ប្រជាជន​ទាំង​អស់ មិន​ថា​នរណា​ជា​នរណា​ទេ”។

ឧត្តម​សេនីយ៍​ ទៀ បាញ់ បាន​លើក​ឡើង​ថា អ្នក​ខ្លះ​ចោទ​កង​កម្លាំង​ខេមរភូមិន្ទ​ថា​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ទាហាន​បម្រើ​តែ​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុណ្ណោះ។

ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា “មាន​មនុស្ស​អគតិ​ខ្លះ​តែងតែ​និយាយ​ថា យើង​លម្អៀង​ទៅ​ខាង​នេះ លម្អៀង​ទៅ​ខាង​នោះ ហើយ​យើង​ដឹងថា​ពិបាក​ពន្យល់​ពួកគេ​…។ ពេល​ពួកគេ​ពាក់​វ៉ែនតា​ពណ៌ វ៉ែនតា​ពួកគេ​ធ្វើ​ឲ្យ​ពួកគេ​មើល​ឃើញ​អ្វី​ដែលវា​ចង់​ឲ្យ​ឃើញ”។

“ចំពោះ​ពាក្យ​លម្អៀង យើង​ត្រូវ​វិភាគ​ឲ្យ​ច្បាស់លាស់ ថាតើ​យើង​លម្អៀង​ទៅ​រក​មនុស្ស​ត្រូវ ឬ​មនុស្ស​ខុស ហើយ​ដូច្នេះ ច្បាស់​ណាស់​ថា ជំហរ​របស់​កង​កម្លាំង​ខេមរភូមិន្ទ​បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្លួន​ការពារ​រដ្ឋធម្មនុញ្ញ អធិបតេយ្យ​ភាព និង​មនុស្ស​ស្រប​ច្បាប់”។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្តាហ៍​មុន​បាន​ថ្លែង​សារ​ស្រដៀង​គ្នា​នេះ​ទៅ​កាន់​ប៉ូលិស​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ ដោយ​លោក​បាន​ពន្យល់​ថា កិច្ច​ការពារ​រដ្ឋាភិបាល​ជា​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​ជាង​អ្វី​ទាំងអស់។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ទាំង​កងទ័ព នគរបាល រាជអាវុធហត្ថ និង​រដ្ឋបាល​ស៊ីវិល​ទាំង​អស់​មិន​អាច​អព្យាក្រិត្យ​រវាង​គណបក្ស​នយោបាយនិង​រដ្ឋ​បាន​ទេ”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​គណបក្ស​ឈ្លោះ​គ្នា អ្នក​ទាំងអស់​គ្នា​អាច​ទៅ​បញ្ឈប់​ជម្លោះ​ដោយ​មិន​កាន់​ជើង​ខាងណា។ ប៉ុន្តែ​ពេលដែល​គណបក្ស​មួយ​បំពាន​រដ្ឋ ត្រូវ​មាន​ការ​ឆ្លើយ​តប​ភ្លាម”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស