ទោះបីជាមានការប្រឆាំងយ៉ាងជូរចត់ពីរដ្ឋាភិបាលចំពោះសំណំុរឿងទាក់ទងនឹងកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលក៏ដោយ ក៏អង្គជំនំុជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីម្សិលមិញបានចោទដោយកំបាំងមុខ ចំពោះអតីតមេបញ្ជាការទ័ពជើងទឹក គឺលោក មាស មុត និង អតីតមេស្រុក អ្នកស្រី អុឹម ចែម។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ម៉ាក ហាម៉ុន ដែលបានជំរុញឲ្យមានសំណុំរឿងដ៏ចម្រូងចម្រាស ០០៣ និង ០០៤ ក្នុងរយៈពេលពីរឆ្នាំកន្លងមកេនះ ដោយគ្មានកិច្ចសហការពីដៃគូជនជាតិខ្មែររបស់លោក បានចោទលោក មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ក្នុងសំណុំរឿង ០០៣។
បទចោទទាំងនោះរួមមាន មនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ និងការធ្វើទុក្ខបុកម្នេញដោយហេតុផលនយោបាយនិងពូជសាសន៍ ដែលបានប្រព្រឹត្តនៅឯគុកទួលស្លែងក្នុងក្រុងភ្នំពេញ មន្ទីរសន្តិសុខវត្តឥន្ទញាណ នៅខេត្តក្រចេះនិង ៉ប្រឆាំងនឹងជនជាតិវៀតណាម ថៃ និងជនបរទេសផ្សេងទៀត នៅដែនសមុទ្រ និងកោះ ដែលកម្ពុជាប្រជាធិបតេយ្យបានអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន។៉
អ្នកស្រី អុឹម ចែម ដែលត្រូវចោទថា បានសម្របសម្រួលការធ្វើវិសុទ្ធិកម្ម និងការសម្លាប់នៅតំបន់ពាយព្យ ត្រូវបានចោទក្នុងសំណុំរឿង ០០៤ ពីបទមនុស្សឃាត និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងនោះរួមមាន ឃាតកម្ម ការធ្វើឲ្យទៅជាទាសករ ការចាប់ដាក់គុក និងទង្វើអមនុស្សធម៌ផ្សេងទៀត ដែលបានប្រព្រឹត្តនៅឯមន្ទីរសន្តិសុខទ្រយោង និងការដ្ឋានស្ពានស្រែង មានទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ។
ការសម្រេចចិត្តចេញបទចោទប្រកាន់នេះ គឺជាលើកទី១ហើយដែលអ្នកទាំងពីរត្រូវបានបញ្ចេញឈ្មោះជាសាធារណៈដោយតុលាការ ហើយជាព្រឹត្តិការណ៍មួយដែលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀតបានលើកឡើងអំពីការជំទាស់របស់លោកទៅនឹង អ.វ.ត.ក. ដែលបានពង្រីកវិសាលភាពរបស់ខ្លួន។ នៅក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុន លោក ហ៊ុន សែន បានអះអាងថា ការបន្តស៊ើបអង្កេតអាចបង្កឲ្យមានសង្គ្រាមស៊ីវិល ដែលធ្វើឲ្យអតីតទាហានខ្មែរក្រហមកាន់អាវុធជាថ្មី។
ចោទពីបទរារាំង
រដ្ឋាភិបាលបានទទួលរងការចោទប្រកាន់ថា បានរារាំងសំណុំរឿង ០០៣ និង ០០៤ ដែលបញ្ជាក់ថា មិនឲ្យមានមេដឹកនាំខ្មែរក្រហមលើសពីប្រាំនាក់ទេ ដែលត្រូវកាត់ទោស ហើយបុគ្គលិកតុលាការជនជាតិខ្មែរបានធ្វើតាមសហចៅក្រមស៊ើបអង្កេតជាតិ គឺលោក យូ ប៊ុនឡេង ក្នុងការបដិសេធមិនធ្វើការជាមួយដៃគូសហប្រជាជាតិរបស់ខ្លួននៅក្នុងសំណុំរឿងនេះ។
ចៅក្រម ប៊ុនឡេង មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេ។
លោក មាស មុត និង អ្នកស្រី អុឹម ចែម មិនត្រូវបានចាប់ខ្លួនទេ ហើយលោក ឡុង បញ្ញាវុធ អ្នកឃ្លាំមើលតុលាការរបស់អង្គការគំនិតផ្តួចផ្តើមយុត្តិធម៌កម្ពុជា បាននិយាយថា លោកសង្ស័យថា បទចោទនោះមិនអាចឈានទៅរកការចាប់ខ្លួនបានទេ ដោយសារតែមានការជំទាស់ផ្នែកនយោបាយទៅនឹងតុលាការនេះ។
លោក ឡុង បាននិយាយថា ៉ខ្ញុំមិនគិតថា រឿងនេះនឹងនាំឲ្យមានដីកាចាប់ខ្លួន ឬនាំឲ្យមានការចាប់ដាក់ឃុំទេ។ វាគ្រាន់តែជាវំាងននប៉ុណ្ណោះ។៉
លោក ឡុង បានរិះគន់ចំពោះសេចក្តីសម្រេចរបស់ចៅក្រម ហាម៉ុន ក្នុងការចេញបទចោទដោយកំបាំងមុខ បន្ទាប់ពីការបដិសេធម្តងហើយម្តងទៀតរបស់អ្នកស្រី អុឹម ចែម មិនធ្វើតាមដីការបស់តុលាការ។
លោក ឡុង បាននិយាយថា ៉ឥឡូវនេះ គឺជាចៅក្រមស៊ើបអង្កេតអន្តរជាតិដ៏កម្សោយម្នាក់ ទោះជាយ៉ាងណា ក៏គាត់បានចេញបទចោទដោយកំបាំងមុខដែរ ៉។
លោក ឡុង បាននិយាយថា ៉គាត់បានធ្វើការនៅទីនេះជិតបួនឆ្នាំហើយ ហើយគួរឲ្យអស់សំណើចណាស់។ គាត់ត្រូវតែដោះស្រាយជាផ្លូវការនូវការមិនអនុវត្តរបស់អាជ្ញាធរនិងការជ្រៀតជ្រែកផ្នែកនយោបាយនៅក្នុងអ.វ.ត.ក.៉។
លោក ឡាស អូលសិន អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បាននិយាយថាការសម្រេចចេញបទចោទដោយកំបាំងមុខ គឺផ្អែកលើការពិចារណាជាច្រើនលើក ដែលរួមមានការត្រូវពន្លឿននីតិវិធី។ លោក អូលសិន បានបន្ថែមថា ៉វាមិនអាចទៅរួចទេក្នុងការចេញ និងអនុវត្តក្នុងពេលដ៏សមហេតុសមផលនូវដីកាចាប់ខ្លួននោះ ៉។
លោក អូលសិន បាននិយាយថាការសម្រេចរបស់ចៅក្រម ហាម៉ុន ក្នុងការធ្វើដោយស្វ័យតពីចៅក្រម ប៊ុនឡេង គឺដោយសារតែការខ្វែងគំនិតគ្នាដ៏យូររវាងចៅក្រមទាំងពីរ ថាតើត្រូវជំរុញបន្តសំណុំរឿងដ៏ចម្រូងចម្រាសទាំងនេះ ឬយ៉ាងណា។
លោក អូលសិន បាននិយាយថា ៉ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៣មក ចៅក្រមទាំងពីរបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយឲ្យគេដឹងថា ពួកគេមានវិធីសាស្ត្រផ្សេងគ្នាចំពោះសំណុំរឿងទាំងនេះ ដូច្នេះ ថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងនូវបញ្ហានេះ ៉។
លោក អូលសិន បានបន្ថែមថា ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤ បានកំពុងតែបន្ត ហើយថានឹងស្រេចតែលើសហចៅក្រមស៊ើបអង្កេតប៉ុណ្ណោះដើម្បីសម្រេចថាតើត្រូវចោទនរណាផ្សេងទៀតឬយ៉ាងណា។
តាទិត និង តាអាន គឺជាជនសង្ស័យនៅក្នុងសំណុំរឿង០០៤ ចំណែកឯជនសង្ស័យដទៃទៀតនៅក្នុងសំណុំរឿង០០៣ គឺអតីតមេបញ្ជាការទ័ពអាកាស លោក ស៊ូ ម៉េត បានស្លាប់កាលពីខែមិថុនា ឆ្នាំ២០១៣។
លោក យឹម ផាន់ណា អភិបាលស្រុកអន្លង់វែង ជាកន្លែងអតីតតំបន់ការពារខ្មែរក្រហម ដែលអ្នកស្រី អុឹម ចែម រស់នៅ បានមានប្រសាសន៍ថា លោកជំទាស់នឹងការយកអ្នកស្រី ចែម ទៅកាត់ទោស។
“គ្រាន់តែធ្វើតាមបទបញ្ជា”
លោក ផាន់ណា ដែលជាអតីតទាហានម្នាក់នៅក្រោម តា ម៉ុក មេបញ្ជាការតំបន់និរតីបាននិយាយថា ៉ក្នុងនាមជាអតីត[ខ្មែរក្រហម] ខ្ញុំមិនគាំទ្រទេ។ គាត់មិនមានសិទ្ធិធ្វើការសម្រេចឡើយ។ គាត់គ្រាន់តែធ្វើតាមបទបញ្ជារបស់គេប៉ុណ្ណោះ ៉។
លោក ផាន់ណា បាននិយាយថា “ខ្ញុំយល់ស្របជាមួយជំហររបស់រដ្ឋាភិបាល។ សហចៅក្រមស៊ើបអង្កេតមកទីនេះដើម្បីស្ទាបស្ទង់អ្នកភូមិ។ ហើយអ្នកភូមិមិនសប្បាយចិត្តនឹងសំណុំរឿង០០៤ទេ”។
មិនមែនជាលើកទី១ទេដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិបានប៉ុនប៉ងចោទជនសង្ស័យទាំងនោះ។ នៅចុងឆ្នាំ២០១១ ចៅក្រម ឡូរិន កាស្ពឺ អានសឺម៉េត បានបើកសំណុំរឿង០០៣ឡើងវិញ ហើយបានជូនដំណឹងដល់ជនសង្ស័យក្នុងសំណុំរឿង០០៤ទាក់ទិននឹងការចោទពួកគេ ហើយបានអានឲ្យពួកគេដឹងពីសិទ្ធិរបស់គេ។
ចៅក្រមជនជាតិស្វិសរូបនេះបានលាលែងចេញពីតំណែងរយៈពេលប៉ុន្មានខែក្រោយមក ដោយអះអាងថា ចៅក្រម ប៊ុនឡេង បានរារាំងការប៉ុនប៉ងរបស់លោក ក្នុងការស៊ើបអង្កេតសំណុំរឿងទាំងពីរនោះ ហើយបទចោទប្រកាន់ក៏មិនមានចេញដែរ។ ការសម្រេចចិត្តថ្មីៗបំផុតនេះ គឺជាលើកទី១ហើយដែលជនសង្ស័យទាំងពីរ ដែលបានស្ថិតនៅក្រោមការស៊ើបអង្កេតតុលាការចាប់់តាំងពីឆ្នាំ២០០៩មកនោះ ហើយមេធាវីរបស់គេនឹងអាចមានសិទ្ធិចូលពិនិត្យមើលសេចក្តីពិស្តារនៃសំណុំរឿងរបស់គេ។
មេធាវីរបស់ជនសង្ស័យក្នុងសំណុំរឿង០០៣និង០០៤បានត្អូញត្អែរម្តងហើយម្តងទៀតថា ពួកគេអត់មានសិទ្ធិចូលពិនិត្យមើលសំណុំរឿង ពីព្រោះវាប៉ះពាល់សមត្ថភាពរបស់គេដើម្បីតំណាងកូនក្តីរបស់ខ្លួនក្នុងដំណាក់កាលស៊ើបអង្កេត។
លោក ម៉ៃឃើល ខាណាវ៉ាស ជាមេធាវីអន្តរជាតិរបស់លោក មាស មុត ដែលត្រួតត្រាកងពលធំលេខ១៦៤នៅតំបន់និរតី ហើយត្រូវបានចោទថាបានធ្វើវិសុទ្ធិកម្ម “សត្រូវ” ក្រោមការគ្រប់គ្រងរបស់លោក បានសាទរចំពោះសេចក្តីសម្រេចទាក់ទិននឹងការមានសិទ្ធិចូលពិនិត្យមើលសំណុំរឿង ប៉ុន្តែមិនបានឆ្លើយតបនឹងសំណួរ ថាតើកូនក្តីរបស់លោកនឹងសហការជាមួយតុលាការឬយ៉ាងណាទេ។
លោក ខាណាវ៉ាស បាននិយាយនៅក្នុងអីុម៉េលថា “ការមានសិទ្ធិចូលពិនិត្យមើលសំណុំរឿងគឺស្ថិតនៅក្នុងគំនិតរបស់យើងយូរណាស់មកហើយ។ យើងគួរមានសិទ្ធិចូលពិនិត្យមើលសំណុំរឿងនេះច្រើនឆ្នាំកន្លងមកហើយ។ ទីបញ្ចប់ទើបមានតម្លាភាពបន្តិចជាងមុន”៕ (រាយការណ៍បន្ថែមដោយ ឃួន ណារីម) រើន និង និត