បន្ទាប់ពីសវនាការជំនុំជម្រះនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា ប្រធានផ្នែកព័ត៌មានគណបក្សសង្គ្រោះជាតិនៅតុលាការកំពូលកាលពីម្សិលមិញ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមថា តុលាការនឹងសម្រេចដោះលែងមន្ត្រីរូបនេះនៅពេលតុលាការប្រកាសសាលដីកានៅថ្ងៃទី១១ ខែមីនា។
ពេលចេញពីសវនាការនៅក្រៅឃុំដែលមានរយៈពេល៣០នាទី លោក សុវណ្ណារ៉ា បានបដិសេធជាថ្មីម្ដងទៀតថា លោកមិនជាប់ពាក់ព័ន្ធនឹងអំពើហិង្សាអំឡុងការតវ៉ាកាលពីខែកក្កដា នៅទីលានប្រជាធិបតេយ្យឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា មេដឹកនាំកំពូលនៃគណបក្សទាំងពីរនឹងពិភាក្សាអំពីបញ្ហានេះ។ ប្រសិនបើមិនមានការចរចា ខ្ញុំគ្មានសង្ឃឹមទេ ពីព្រោះនេះជាករណីនយោបាយ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា មេដឹកនាំគណបក្សទទួលបានសារហើយ ហើយថា លោកជឿជាក់ថា លោក សុវណ្ណារ៉ា នឹងត្រូវដោះលែងនៅសប្ដាហ៍ក្រោយ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ខ្ញុំមានសុទិដ្ឋិនិយមថា គាត់នឹងត្រូវដោះលែងគាត់នៅថ្ងៃទី១១។ នេះជាការគិតទុករបស់ខ្ញុំ ពីព្រោះប្រសិនបើពួកគេមិនចង់ដោះលែង ពួកគេសម្រេចនៅថ្ងៃនេះទៅហើយ”។
សវនាការជំនុំជម្រះលើលោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិ ដែលប្រឈមនឹងការចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈបន្ទាប់ពីបើករ៉ឺម៉កម៉ូតូកង់បីបុករបាំងផ្លូវនគរបាល អំឡុងការតវ៉ាផ្សេងគ្នាកាលពីឆ្នាំមុននោះ ត្រូវបានពន្យារពេលកាលពីម្សិលមិញ ពីព្រោះលោក ជូង ជូងី មេធាវីរបស់លោកជាប់រវល់តំណាងលោក សុវណ្ណារា៉៕ សារុន