28 C
Phnom Penh

​មាន​ករណី​វាយ​ប្រហារ​ដ៏សាហាវ​​មួយ​ទៀត​​​ជុំ​វិញ​ការ​នេសាទ​នៅ​លើ​បឹង​ទន្លេ​សាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា សាក​សព​​បុរស​នេ​សាទម្នាក់​​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​​​បឹង​ទន្លេ​សាប ក្នុង​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​​មាន​ករណី​​វាយ​ប្រហារ​​ទូក​ដ៏​​សាហាវ​មួយ​​ ហើយ​​ករណី​​បែប​នេះ​គឺ​​ជា​លើកទី​​៤​ហើយ​ដែល​បាន​កើត​ឡើង​នៅ​​បឹង​​នេះ​ក្នុង​ឆ្នាំ​នេះ។

លោក សេង ឌី នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឆ្នុក​ទ្រូ បាន​​មាន​ប្រសាសន៍​ថា សាកសព​​បុរស​ឈ្មោះ នី ណេ អាយុ​៣១​ឆ្នាំ ​ត្រូវ​គេ​ប្រទះឃើញ​អណ្ដែត​​លើ​​​បឹង​ទន្លេសាប​ នៅ​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​អង្គារ ក្រោយ​ពី​ទូក​នេសាទ​មួយ​គ្រឿង​ទៀត​បាន​បុក​ទូក​នេសាទ​របស់​គាត់​កាលពី​យប់​ថ្ងៃច័ន្ទ។ លោក​បាន​​លើក​ឡើង​ថា ​​”ជន​រងគ្រោះ​អាច​ស្លាប់​​ដោយ​សារ​ការ​លង់​ទឹក ឬ​​របួស​ដោយ​សារ​​​ក​ និង​ដៃ​ស្ដាំ​របស់​គាត់​បាក់​”។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា នៅ​ម៉ោង​ប្រហែល​៨និង​៣០​នាទី​យប់​ថ្ងៃច័ន្ទ ទូក​នេសាទ​បីគ្រឿង​បាន​បើក​ដេញ​តាម​ទូក​របស់​​លោក នី ណេ ដោយ​សារ​តែ​ពួកគេ​​សង្ស័យ​ថា គាត់​ប្រើ​ប្រាស់ឧបករណ៍​នេសាទ​ឆក់​ត្រី​ខុស​ច្បាប់។

លោក សេង ឌី បាន​​មាន​​ប្រសាសន៍​ថា ទូក​មួយ​ក្នុង​ចំណោម​ទូកទាំងបី​គ្រឿង​នោះ​បាន​បុក​ទូក​របស់​លោក នី ណេ ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ទឹក​ ហើយ​លោក​ ហន រី ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស​់​ជន​រងគ្រោះ និង​ប្អូន​ថ្លៃ​ឈ្មោះ រី ធា ក៏​ជិះ​នៅ​លើ​ទូក​នោះ​ដែរ ហើយ​ពួកគេ​បាន​​ព្យាយាម​គេច​ខ្លួន​ទាំង​ការ​ភ័យ​ខ្លាច​។

លោក​បាន​បញ្ជាក់​ថា “ជន​រងគ្រោះ​បាន​បើក​ទូក​​ចូល​ច្រាំង​ដើម្បី​​គេច​ពី​ការ​វាយ​ប្រហារ​នេះ ប៉ុន្តែ​ជន​សង្ស័យ​បាន​បុក​ទូក​របស់​ពួកគាត់​ម្ដង​ទៀត​បណ្ដាល​ឲ្យ​លិច​ទៅ​ក្នុង​ទឹក”។ លោក​មាន​ប្រសាសន៍​ថា លោក ហន រី អាយុ​៤៩​ឆ្នាំ និង​កូន​ប្រុស​ឈ្មោះ រី ធា អាយុ​១២​ឆ្នាំ បាន​​ខំ​ប្រឹង​ហែល​ទឹក​ឡើង​គោក​ដោយ​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង​ ខណៈ​ជន​ល្មើស​ព្យាយាម​យក​កាំបិត​ផ្គាក់​កាប់​ពួកគេ​។

លោក​បាន​​បន្ត​ថា “អ្នកភូមិ​ក្នុង​មូលដ្ឋាន​បាន​មក​ជួយ​​ និង​ទូរស័ព្ទ​មក​នគរ​បាល​របស់​យើង​ ដើម្បី​សុំអន្តរាគមន៍…​។ យើង​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ ប៉ុន្តែយើង​មិន​ឃើញ​ជន​​សង្ស័យ​ណាម្នាក់​ទេ ហើយ​យើង​ក៏​រក​លោក ណេ មិនឃើញ​ដែរ​”។

លោក ចាន់ រិទ្ធ នាយការិយាល័យ​នគរ​​បាល​ចរាចរ​ផ្លូវ​ទឹក ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ការ​វាយ​ប្រហារ​បែប​នេះ​នៅ​លើ​បឹង​ទន្លេ​សាប​ គឺ​ជា​លើក​ទី៤​ហើយ​នៅ​ឆ្នាំ​នេះ។

លោក​មាន​ប្រសាសន៍​ទៀត​ថា “រហូត​មកទល់​​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ យើង​មាន​បួន​ករណី។ មនុស្ស​បី​នាក់​បាន​ស្លាប់​ ប្រាំមួយ​នាក់​រង​របួស និង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​”។

លោក​បាន​លើក​ឡើង​បន្ថែម​ថា ការវាយ​ប្រហារ​បែប​នេះ​​ទំនង​ជា​​នឹង​​កើន​ឡើង​ ដោយ​សារ​តែ​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​ មាន​​ហេតុការណ៍​​ស្រដៀង​គ្នា​តែ​ប្រាំមួយ​ករណីប៉ុណ្ណោះ​​ដែល​ត្រូវ​បាន​រាយការណ៍​ ហើយ​​ក្នុង​នោះ​មនុស្ស​បួន​ឬប្រាំនាក់​បាន​បាត់​បង់ជីវិត៕ សុខុម​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស