28 C
Phnom Penh

សមាគម និង​ក្លឹប​​អ្នក​កាសែត​គ្រោង​ប្ដឹង​ព្រះរាជអាជ្ញា​​ខេត្ត​ព្រះវិហារ​ទៅ​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​អ្នក​កាសែត​ក្នុង​ស្រុក​ចំនួន​ពីរ​​ គ្រោង​​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​សប្ដាហ៍​នេះ ដោយ​ចោទ​ប្រកាន់​​​​ព្រះរាជអាជ្ញា​ស្ដីទី​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ថាបានចោទ​ប្រកាន់​អ្នក​កាសែត​ពីបទ​កំហែង​ទារ​ប្រាក់ ដោយ​សារ​​តែ​ពួកគេ​​​ធ្វើ​សេចក្ដី​រាយការណ៍​​អំពី​របរ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ក្រុមគ្រួសារ​របស់​គាត់។

​​យោង​តាម​លោក សុខ សុវណ្ណ ប្រធាន KJDA បានឲ្យដឹងកាលពី​ម្សិលមិញថា ក្លឹប​អ្នក​កាសែត​កម្ពុជា​​​ (CCJ) និង​សមាគម​ប្រជាធិបតេយ្យ​អ្នក​កាសែត​ខ្មែរ (KJDA) ​កំពុង​​សហការ​គ្នា​ដើម្បី​ប្រមូលភ័ស្តុតាង​ដែល​បង្ហាញ​ថា លោក​ ឡុង ស៊ីថា ព្រះរាជ​អាជ្ញា​ស្ដីទី ​មាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សំណុំរឿង​ដែល​​លោក​បាន​ចាត់​ការ​។

លោក​បានមាន​ប្រសាសន៍​ទៀត​ថា “ក្រុម​ស៊ើបអង្កេត​របស់​យើង​​កំពុង​ប្រមូល​រាល់​ភ័ស្តុ​តាង​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​លោក ឡុង ស៊ីថា រួម​ទាំង​ឪពុក​មា​របស់​គាត់​ឈ្មោះ ហោ សុខហុង ដែល​ជា​វរសេនីយ៍ទោ​នៅ​ក្នុង​ជួរ​កង​រាជអាវុធ​ហត្ថខេត្ត និង​បក្ខពួក​​ម្នាក់​ទៀត​​នៅ​ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​ផង​។ យើង​មាន​រូប​ថត ហើយ​យើង​នឹង​ផ្ញើ​វា​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​បើ​មិន​ថ្ងៃ​ស្អែក ថ្ងៃ​ខាន​ស្អែក​”។

លោក​បាន​លើក​ឡើង​បន្ត​ថា ឪពុក​ក្មេក​របស់​លោក ឡុង ស៊ីថា ក៏​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​ផែន​ការ​នេះ​ដែរ ហើយ​ថា ​ទាំងឪពុក​ក្មេកទាំង​ឪពុក​មា​ទាំង​ពីរ​នេះ​សុទ្ធតែ​មាន​ហាងលក់​គ្រឿង​សង្ហារិម​ផ្ទាល់​ខ្លួន ដែល​ជា​​ចំណុចស្នូល​នៃ​សំណុំ​រឿង​កំហែង​ទារ​ប្រាក់​​មួយ​ប្រឆាំង​អ្នក​យក​ព័ត៌មាន​មក​ពី​ទូរទស្សន៍​អប្សរា និង​​ទីភ្នាក់​ងារ​ព័ត៌មាន​កម្ពុជា​ (AKP) របស់​​រដ្ឋ​កាលពី​ខែ​មុន។

យោង​តាម​មន្ត្រី​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា អ្នក​កាសែត​ AKP ឈ្មោះ ​ទិត ស្រ៊ អាយុ​៤៣​ឆ្នាំ និង​អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា​ឈ្មោះ ឈឿង ចាន់ អាយុ​៤៥​ឆ្នាំ បាន​គំរាម​​រាយការណ៍​​​​ប្រាប់​​អាជ្ញាធរ​​​អំពីសកម្ម​ភាព​ដឹកឈើ​ផ្ចឹក ដែល​ជា​​ឈើ​ប្រភេទ​លេខ​១ ​​របស់​អ្នក​បើក​បររថយន្ត​ធុនធំ​ឈ្មោះ ឈាង ម៉ៅ ប្រសិន​បើ​ឈ្មោះ ឈាង ម៉ៅ មិន​បង់​ប្រាក់​ឲ្យ​ទៅ​គាត់​ចំនួន​៤០០ដុល្លារ​ទេ​នោះ។

លោក សុខ សុវណ្ណ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ករណី​នេះជា​ការ​​ប្រឌិត​ឡើង​ដើម្បី​សង​សឹកចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​កន្លង​មក​របស់​​អ្នក​កាសែត​ទាំង​នេះ​ និង​ដើម្បី​ឆ្លើយ​តបទៅ​នឹង​ការ​​បន្ត​ស៊ើបអង្កេត​លើ​ការ​កាប់​ឈើ​នៅ​ក្នុង​ខេត្ត​នេះ។

លោក​បាន​ថ្លែង​ថា “ការ​ចាប់​ខ្លួន​អ្នក​កាសែត​ AKP និង​អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា​គឺ​ជា​ករណី​សង​សឹក​ ពីព្រោះ​ថ្មីៗ​នេះ ពោល​គឺ​​កាលពី​ខែ​តុលារ ឆ្មាំ​២០១៤ មាន​ក្រុម​ការ​ងារ​មួយ​មក​ពី​ក្រសួង​កសិកម្ម ដែល​បាន​ចុះ​ទៅ​បង្ក្រាប​​ហាងលក់​គ្រឿង​​សង្ហារិម​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ [ពួកគេ​] បាន​​ដក​ហូត​ឈើ​ប្រណីត​ជាង​១០០​ម៉ែត្រគូប​ពី​ហាង​លក់​​គ្រឿង​សង្ហារិម​ចំនួន​១២ ដោយ​មាន​ជំនួយ​ពី​អ្នក​កាសែត​របស់​យើង ដែល​ក្រោយ​មក​​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ និង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ”។

ប្រធាន​ KJDA រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ករណី​កំហែង​ទារ​ប្រាក់​ប្រឆាំង​លោក​​ ទិត ស្រ៊ ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ប្រើ​​ភ័ស្តុតាង​​មិន​ពិត ​ក្រោយពី​អ្នក​យក​ព័ត៌មាន​រូប​នោះ​តាម​ឃ្លាំមើល​ការ​​ដឹក​ជញ្ជូន​ឈើ​ប្រណីត​​ទៅ​កាន់​ហាង​លក់​គ្រឿង​សង្ហារិម​របស់​ព្រះរាជអាជ្ញា​ស្ដីទី​រូប​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “វា​មាន​ការ​រៀបចំ​ទុក​មុន​​បាន​យ៉ាង​ល្អ ហើយពួកគេ​បាន​ចាប់​ខ្លួន​អ្នក​កាសែត​របស់​យើង​ដោយ​ការ​ថត​ចម្លង​ក្រដាស​ប្រាក់​១០០ដុល្លារ​​មួយ​សន្លឹក​ និង​ក្រដាស​ប្រាក់​រៀល​១០ម៉ឺន​រៀល ​សរុប​ស្មើ​នឹង​១២៥​ដុល្លារ​​ដើម្បីធ្វើ​ជា​ភ័ស្តុតាង​​ចាប់​ខ្លួន​អ្នក​កាសែត​របស់​យើង​ [តាម​ការ​អះអាង​ថា] ពួកគេ​បានគំរាម​កំហែង​ទារ​ប្រាក់​ពី​​អ្នក​កាប់​ឈើ”។

ចំណែក​វរ​សេនីយ៍ទោ ហោ សុខហុង ដែល​ត្រូវ​ជា​ឪពុក​មា​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ សុខ សុវណ្ណ ហើយ​បានមាន​ប្រសាសន៍​ថា លោក​មិន​ពាក់​ព័ន្ធ​នៅ​ក្នុង​របរ​កាប់​ឈើ​ខុស​ច្បាប់ ឬ​ករណី​ចាប់​ខ្លួន​​អ្នក​កាសែត​ណាម្នាក់​ឡើយជុំវិញ​ករណី​កំហែង​ទារ​ប្រាក់​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “តាម​ពិត​ខ្ញុំ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ AKP ទេ ហើយ​ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​ឈើ​គ្រញូង​ ឬ​រត់ពន្ធ​ទាល់​តែសោះ​។ ភារកិច្ច​របស់​ខ្ញុំ​គឺ​ខុស​ពី​អ្វី​ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​”។

ចំណែក​ឯ​​ព្រះរាជអាជ្ញា​ស្ដីទី​​ ឡុង ស៊ីថា ក៏​បាន​បដិសេធ​ដែរ​ថា លោក​គ្មាន​ផល​ប្រយោជន៍​ណាមួយ​​នៅ​ក្នុង​ប្រតិបត្តិការ​កាប់​ឈើ​ខុស​​ច្បាប់​ក្នុង​ខេត្ត​ព្រះវិហារ​ឡើយ​ ហើយ​ក៏​មិន​ព្យាយាម​រារាំង​អ្នក​កាសែត​ទាំងពីរ​នេះ​មិន​ឲ្យ​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ក្នុង​ខេត្ត​នេះ​ដែរ។

លោក​បាន​លើកឡើង​ថា “ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាច​ចោទ​ប្រកាន់​ [យើង​] អ្វី​ក៏​បាន​តាម​តែ​ពួកគេ​ចង់​ ហើយ​ខ្ញុំ​មិន​ហា៊ន​ប្រឆាំង​ពួកគេ​ទេ​ វា​ជា​សិទ្ធិ​របស់ពួកគេ​។ ប៉ុន្តែ​ពួកគេ​ចាំ​បាច់​ត្រូវ​គោរព​​ច្បាប់​ទម្លាប់​របស​ខ្លួន​។ យើង​ចាប់​ខ្លួន​អ្នក​កាសែត​ AKP និង​អ្នក​យកព័ត៌មាន​​ឲ្យ​ទូរទស្សន៍​អប្សរា ដោយ​សារ​តែ​មាន​អ្នក​ប្ដឹង​មក​តុលាការ​។ ខ្ញុំ​គ្មាន​អំណាច​ដេញពួកគេ​ចេញ​ពី​ខេត្ត​ព្រះវិហារ​ទេ”។

លោក​ក៏​បាន​ព្រមាន​ដែរ​ថា លោក​នឹង​ប្ដឹង​បក​អ្នក​កាសែត​​ទាំង​នេះ​​ និង​សមាគម​របស់​ពួកគេ​វិញ​ ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​​​រក​ឃើញ​ថា លោក​គ្មាន​ទោស​កំហុស​។ លោក​បាន​បញ្ជាក់​ថា “បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​រក​ឃើញ​ថា យើង​គ្មាន​ទោស​កំហុស​​ ហើយ​នេះ​គឺ​ជា​ករណី​គំរាម​កំហែង​នោះ យើង​​នឹង​ប្ដឹង​​បក​ពួកគេ​ទៅ​តុលាការ រួម​ទាំង​ក្លឹប​អ្នក​កាសែត​ផង​”៕ សុខុម​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស