35 C
Phnom Penh

ក្មួយ​​​ប្រុស​​​ឧត្តម​​​​​​​​​សេនី​​​យ៍​​​ម្នាក់​​​​​​នៅ​​​មាន​​​សេរីភាព​​​បន្ទាប់​​​ពី​​​បាញ់​​​បុរស​​​ម្នាក់ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​និង​​​បុគ្គលិក​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​សាលាដំបូង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​​​​មិន​​​បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​ក្មួយ​​​ប្រុស​​​ឧត្តម​​​​​​សេនីយ៍​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​ទេ បើ​​​ទោះ​​​ជា​​​នគរបាល​​​ចេញ​​​ឈ្មោះ​​​ជន​​​នេះ​​​ថា ជា​​​ជន​​​សង្ស័យ​​​ក្នុង​​​ការ​​​បាញ់​​​​​​បុរស​​​ម្នាក់​​​ទៀត​​​​​​រយៈ​​​ពេល​​​ជាង​​​ប្រាំ​​​ខែ​​​មក​​​ហើយ​​​ក៏ដោយ។

អ្នកស្រី យ៉ា រ៉ូមី ​​​អាយុ​​​២៧ឆ្នាំ​​​ ជា​​​ប្រពន្ធ​​​ជន​រងគ្រោះ​​​ អែល ឦសាន អាយុ​​​៤៣ឆ្នាំ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ប្តី​​​របស់​​​អ្នកស្រី​​​​​​បាន​​​ទៅ​​​ផ្ទះ​​​​​​លោក ឃុត សុភ័ណ ក្មួយ​​​ប្រុស​​​របស់​​​ឧត្តម​​​សេនីយ៍ គន់ គីម ​​​អគ្គ​​​មេបញ្ជាការ​​​រង​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​កាលពី​​​​​​ថ្ងៃទី​​​៣ ខែ​​​តុលា​​​ដើម្បី​​​ទៅ​​​យក​​​លុយ​​​​​​​​​ចំនួន​​​៥០០ដុល្លារ​​​ ដែល​​​បាន​​​ជំពាក់​​​គាត់​​​​​​ចំពោះ​​​ការ​​​ចាក់​​​​​​ដី​​​ឲ្យ​​​លោក
សុភ័ណ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា នៅ​​​ពេល​​​អ្នកស្រី​​​ទូរ​​​ស័ព្ទ​​​ទៅ​​​ប្តី​​​របស់​​​អ្នកស្រី​​​​​​សួរ​​​ថា ហេតុអ្វី​​​បាន​​​ជា​​​គាត់​​​មិន​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ ប្តី​​​របស់​​​អ្នកស្រី​​​​​​បាន​​​ប្រាប់​​​អ្នក​​​ស្រី​​​ថា​​​ លោក សុភ័ណ​​​ មិន​​​ព្រម​​​ឲ្យ​​​លុយ​​​៥០០ដុល្លារ​​​ទេ ហើយ​​​មិន​​​អនុញ្ញាត​​​​​​ឲ្យ​​​គាត់​​​​​​ចេញ​​​ឡើយ។

អ្នកស្រី រ៉ូមី បាន​​​និយាយ​​​ថា ​​​អ្នកស្រី​​​ប្រញាប់​​​​​​ទៅ​​​ផ្ទះ​​​នោះ​​​នៅ​​​ក្នុង​​​ឃុំ​​​សេដា ស្រុក​​​តំបែរ ដើម្បី​​​ជួប​​​​​​ប្តី​​​អ្នកស្រី ​​​ហើយ​​​បាន​​​ដើរ​​​​​​ទៅ​​​ក្នុង​​​ឃើញ​​​​​​លោក សុភ័ណ ហែក​​​លុយ​​​ប្តី​​​អ្នក​​​ស្រី​​​ចោល។

អ្នកស្រី​​​បាន​​​និយាយ​​​ថា​​​”​​​ខ្ញុំ​​​បាន​​​សួរ​​​គាត់​​​ថា ‘លោក​​​ជំពាក់​​​លុយ​​​ខ្ញុំ ហើយ​​​ឥឡូវ​​​នេះ​​​លោក​​​ហែក​​​លុយ​​​ខ្ញុំ​​​ចោល​​​ទៀត? ហេតុអ្វី?’។​​​ហើយ​​​នៅ​​​ពេល​​​នោះ លោក សុភ័ណ បាន​​​បោក​​​កែវ​​​”។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “យើង​​​ភ័យខ្លាច ហើយ​​​បាន​​​ព្យាយាម​​​ចាក​​​ចេញ ប៉ុន្តែ​​​លោក សុភ័ណ បាន​​​ទាញ​​​កាំភ្លើង​​​ អាកា-៤៧ ហើយ​​​បាញ់​​​ប្តី​​​របស់​​​ខ្ញុំ​​​ត្រូវ​​​ជើង”។

លោក ហុង គឹម​​​ហឿន អធិការ​​​នគរបាល​​​ស្រុក​​​​​​បាន​​​បញ្ជាក់​​​ថា​​​ លោក សុភ័ណ ​​​គឺជា​​​អ្នក​​​ដែល​​​ជាប់​​​សង្ស័យ​​​ថា ជា​​​អ្នក​​​បាញ់។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​មាន​​​ករណី​​​នេះ​​​កើតឡើង​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ ហើយ​​​ពីរ​​​ឬ​​​បី​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ការ​​​បាញ់ យើង​​​បាន​​​បញ្ជូន​​​របាយ​​​ការណ៍​​​ទៅ​​​តុលាការ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ដីកា​​​ចាប់ខ្លួន​​​ពី​​​តុលាការ​​នៅ​​​ឡើយ​​​ទេ។វា​​​ស្ថិត​​​ក្នុង​​​ដៃ​​​តុលាការ​​​…​​​ហើយ​​​យើង​​​រង់ចាំ​​​​​​ការ​​​ចាត់​​​វិធានការ​​​របស់​​​តុលាការ”។

លោក ប្លង់ សុផល ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​​​​អម​​​សាលាដំបូង​​​ខេត្ត​​​​​​ទទួល​​​បន្ទុក​​​រឿង​​​ក្តី​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​តុលាការ​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់គ្រាន់​​​ដើម្បី​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​មិន​​​បាន​​​ចាប់ខ្លួន លោក សុភ័ណ ទេ ពីព្រោះ​​​យើង​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ឡើយ។ យើង​​​មិន​​​អាច​​​​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ផ្អែក​​​លើ​​​ពាក្យ​​​បណ្តឹង​របស់​​​​​​​​​ដើម​​​ចោទ​​​បានទេ។ យើង​​​ត្រូវ​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​ឲ្យ​​​បាន​​​ពេញលេញ​​​ជាមុន​​​សិន”។

ទោះ​​​យ៉ាង​​​ណា លោក នាង សាវ៉ាត ​​​អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​​​​ដែល​​​បាន​​​ស៊ើប​​​អង្កេត​​​ករណី​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន​​់​​​ក្នុង​​​ការ​​​ចាប់ខ្លួន។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យោង​​​តាម​​​ការ​​​ស៊ើប​​​អង្កេត​​​ ​​​ជន​​​សង្ស័យ​​​គឺ​​​ជា​​​ក្មួយ​​​លោក
​​​ គន់ គីម។ វា​​​ជា​​​បទឧក្រិដ្ឋ​​​ធ្ងន់​​​ធ្ងរ​​​ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​យល់​​​​​​ថា ហេតុអ្វី​​​បានជា​​​តុលា​​​ការ​​​អះអាង​​​ថា ពួកគេ​​​​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​ទៅវិញ”។

លោក ម៉ៅ ពៅ ស្នងការ​​​នគរបាល​​​ខេត្ត​​​​​​ដែល​​​បដិ​​​សេធ​​​មិន​​​បញ្ជាក់​​​​​​ពី​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​​​​​​​បាន​​​អះ​​​អាង​​​ថា នគរបាល​​​កំពុង​​​ធ្វើការ​​​លើ​​​ករណី​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​មិន​​​អាច​​​​​​បណ្តោយ​​​ឲ្យ​​​គាត់​​​គេច​​​ខ្លួន​​​ពី​​​ច្បាប់​​​បាន​​​ឡើយ ហើយ​​​កម្លាំង​​​របស់​​​យើង​​​បន្ត​​​​​​ស៊ើប​​​អង្កេត​​​​​​​​​ករណី​​​នេះ ហើយ​​​យើង​​​បាន​​​បញ្ជូន​​​​​​របាយការណ៍​​​ទៅ​​​តុលាការ​​​ហើយ។ យើង​​​​​​កំពុង​​​ស្វែង​​​រក​​​​​​ជន​​​សង្ស័យ។កុំ​​​និយាយ​​​ថា អាជ្ញាធរ​​​​​​មិន​​ចាត់វិធានការ​​​អី​​​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស