32 C
Phnom Penh

ក្រោយ​​​​ត្រឡប់​ពី​វៀតណាម​ បុរស​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ប្ដេជ្ញា​​នៅ​តែ​ការ​ពារ​​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​នគរ​បាល​ចូល​កាន់​តែ​កៀក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី​​កាលពី​សប្ដាហ៍​មុន លោក ខ្លាន​ ហុឺន អាយុ​៤២​ឆ្នាំ​​ បាន​លើកឡើង​ថា គាត់​ត្រូវ​តែ​យ៉ាង​ហោច​ណាស់​ព្យាយាម​ជួយ​ដឹកនាំ​ក្រុម​នេះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​​ទទួល​បាន​សុវត្ថិភាព​។

អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​រូប​នេះ​ បាន​និយាយ​អំឡុង​កិច្ច​សម្ភាស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ” ខ្ញុំ​ចាំបាច់​ត្រូវ​តែជួយ​ពួកគេ​។ អំឡុង​របប​​ប៉ុល​ ពត ខ្ញុំ​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម ហើយ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​បាន​ជួយ​យើង ដោយ​ផ្ដល់​អាហារ​ និង​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ឲ្យ​ជួយ​ពួកយើង​”។

ក្រោយ​ពេល​លាក់​ខ្លួន​ជា​ក្រុម​តូច​ៗ​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​​នៅភាគ​ខាង​ជើង​ខេត្ត​រតនគិរីរួច​មក​ ពេល​វេលា​នៅ​សល់​​កាន់​តែ​តិច​ទៅ​ៗ​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​៤៩​នាក់ ដែល​ភៀស​ខ្លួន​ពី​ស្រុក​កំណើត​នៅ​ក្នុង​ប្រទេស​វៀតណាម​មក​កម្ពុជា​។

អ្នក​ភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ម្នាក់​ទៀត​ដែល​​ផ្ដល់​ជំនួយ​ដល់​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ទាំង​នេះ បន្ទាប់ពី​ពួក​គេ​មក​ដល់​បាន​និយាយ​ថា ​ស្ថានភាព​របស់ពួកគេ​កាន់​តែ​​លំបាកទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។

អ្នកភូមិ​រូប​នេះ​ដែល​​ស្នើ​សុំ​មិន​បញ្ចេញឈ្មោះ​ ព្រោះ​ខ្លាច​ក្រែង​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​បាន​និយាយ​បន្ត​ថា ស្បៀង​អាហារ​ចេះ​តែ​ខើច​ទៅៗ មាន​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ហើយ​ការ​ឆេះ​ព្រៃ​ក្បែរ​ពួកគេ​ក៏​​ផ្ដល់​ការ​លំបាក​កាន់​តែ​ខ្លាំង​សម្រាប់​ពួកគេ​ក្នុង​ការ​​គេច​ពី​នគរ​បាល​ផង​ដែរ។

អ្នកភូមិ​រូប​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា “យើង​ព្រួយបារម្ភ​ខ្លាច​ក្រែង​​អាជ្ញាធរ​នឹង​រក​ឃើញ​អ្នក​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ ព្រោះ​គ្មាន​ព្រៃ​សម្រាប់​ពួកគេ​លាក់​ខ្លួន​ទៀត​ឡើយ​ ដោយ​សារ​ព្រៃ​ភាគ​ច្រើន​បាន​ឆេះ​អស់​ហើយ​”។

ចាប់​តាំងពី​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ ដែល​ជា​ក្រុម​ជនជាតិ​ភាគ​តិច​មក​ពី​​តំបន់​ខ្ពង់​រាប​ភាគ​កណ្ដាល​ប្រទេសវៀតណាម​បាន​ចាប់​ផ្ដើម​ឆ្លង​កាត​់ព្រំដែន​ចូល​មក​កម្ពុជា​កាលពី​ចុង​ខែ​តុលា​​មក ដោយ​គេច​ពី​ការ​ផ្ដន្ទាទោស​ផ្នែក​នយោបាយ និង​សាសនា​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​​ចាប់​ខ្លួន និង​និរទេស​ពួកគេ​ម្ដង​ហើយ​ម្ដង​ទៀត។

ដោយ​សារ​តែ​​កាន់​តែ​អស់​សង្ឃឹមទៅៗ ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ចំនួន​៣៦​នាក់​​ និង​អ្នក​ភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ដែល​មើល​ថែទាំពួកគេ​បាន​សម្រេច​​ព្យាយាម​ធ្វើ​ដំណើរ​ឆ្ពោះទៅរាជធានី​ភ្នំពេញ ដោយ​សង្ឃឹម​ថា ពេល​ទៅ​ដល់​ទីនោះ​អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ពួកគេ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​​នៅ​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​ក្រសួង​មហាផ្ទៃ​។

ហេតុ​ដូច្នេះ នៅ​ម៉ោង​៩​យប់​ថ្ងៃសុក្រ ទី២៦ លោក ហុឺន ដែល​ជួល​អ្នក​បើក​បរ​ និង​​រថយន្ត​​ពីរ​គ្រឿង បាន​ចាប់​ផ្ដើម​ដើរ​ប្រមូល​អ្នក​ស្វែង​រកសិទ្ធិ​ជ្រក​កោន​ពី​កន្លែង​លាក់​ខ្លួន​របស់​ពួកគេ​នៅ​ទីតាំង​ចំនួន​បី​ដាច់​ដោយ​ឡែកពីគ្នា​ក្នុង​ស្រុកអូរយ៉ាដាវ ស្រុក​បរកែវ និង​ស្រុក​លំផាត់។

ដោយ​​មាន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​៣៦​នាក់ ធ្វើ​ដំណើរ​​ជាមួយ​ លោក ហុឺន បាន​ប្រាប់​ឲ្យ​អ្នក​បើក​បរ​បើក​ឆ្ពោះទៅកាន់ភាគ​ខាង​លិច​ ដោយ​ឆ្លង​កាត់​ស្រុក​កូនមុំ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ចូលទៅ​​ដល់​ស្រុក​កូនមុំ នគរ​បាល​ចរាចរ​​ឈរជើង​នៅ​ច្រក​ព្រំដែន​អូរចេង បាន​ឃាត​់​រថយន្ត​ទាំង​នេះ​ដើម្បី​ត្រួត​ពិនិត្យ​។

លោក​ ហុឺន បាន​និយាយ​ថា “នគរ​បាល​​​បាន​សួរ​អ្នក​បើក​បរ​ថា យើង​កំពុង​តែ​ដឹក​​នរ​​ណា​ ហើយ​អ្នក​បើក​បរ​បាន​​និយាយ​ថា យើង​កំពុង​តែ​ដឹក​កម្មករ​ត្រឡប់ទៅ​ផ្ទះវិញ។ ​បន្ទាប់​មក​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដំណើរ​បន្ត​”។

ប៉ុន្តែ​ពួកគេ​នៅ​មិន​ទាន់​​ទៅ​ណា​ឆ្ងាយពី​ផ្លូវ​នោះ​ឡើយ។ នៅ​ម៉ោង​ប្រហែល​១​យប់​ថ្ងៃសុក្រ នគរ​បាល​ចរាចរ​បាន​ឃាត់​រថយន្ត​ម្ដង​ទៀត​ ហើយ​​លើក​នេះ​ពួកគេបាន​​នាំ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ទៅ​ព្រំដែន​វៀតណាម​។

លោក ហុឺន បាននិយាយ​ទៀត​ថា “នគរ​បាល​​បាន​ឃាត់​រថយន្ត​​ម្ដង​ទៀត ហើយ​ចាប់​ខ្លួន​ពួកយើង​។ ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ភ័យ​ខ្លាំង​ណាស់​ ប៉ុន្តែ​យើង​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ឡើយ”។

លោក ហុឺន បាន​លើកឡើង​​ថា បន្ទាប់ពី​ធ្វើ​ដំណើរ​បាន​ប្រមាណ​១០០​គីឡូម៉ែត្រ​ទៅកាន់​ច្រក​ព្រំដែន​អូរយ៉ាដាវ នគរ​បាល​បាន​បញ្ជា​ឲ្យ​គាត់​ និង​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ចេញពី​រថយន្ត ហើយ​ដើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​ទៅ​កាន់​ស្រុក​ Duc Co ខេត្ត Gia Lai ប្រទេស​វៀតណាម។ ហើយ​គាត់​មិន​ដឹង​ថា អ្វី​បាន​កើត​ឡើង​ចំពោះ​អ្នក​បើក​បរ​នោះ​ឡើយ។

កាលពី​ថ្ងៃច័ន្ទ លោក ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​នេះ​បាន​បដិសេធ​ថា គ្មាន​ការ​ចាប់​ខ្លួន​ណាមួយ​ឡើយ​។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ចាប់​ខ្លួន​កាលពី​ម្សិលមិញ លោក ថោង សាវុន អភិបាល​​ខេត្ត​រតនគិរី​នេះ​​​បាន​គំរាម​ប្ដឹង​អ្នក​យកព័ត៌មាន​ម្នាក់​។

លោក សាវុន បាន​មាន​ប្រសាសន៍​ថា “អ្នក​ឯង​មិន​គួរ​ធ្វើ​ដូចជា​មនុស្ស​ភ្លើៗ​។ ខ្ញុំ​ចង់​បាន​ឈ្មោះ អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​របស់​លោកឯង​ ព្រោះ​ខ្ញុំ​ចង់​ប្ដឹង​លោក​ឯង​ពីបទ​រំខាន​ការ​ងារ​ឯកជន​ និង​ម៉ោង​សម្រាក​របស់​ខ្ញុំ”។

លោក ហុឺន បាន​លើក​ឡើង​បន្ត​ទៀត​ថា ​គាត់​មិន​បាន​ប្រាប់​នគរ​បាល​ថា ខ្លួន​ជា​ពលរដ្ឋ​ខ្មែរ​ឡើយ ព្រោះ​​ពួកគេ​មិន​បាន​សួរ​។ លោក​បាន​​និយាយ​បន្ថែម​ថា “ប៉ុន្តែ​ខ្ញុំ​ព្រួយ​បារម្ភ​អំពី​ជីវិត​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស​វៀតណាម​”។

លោក ហុឺន ដែល​និយាយ​វៀតណាម​យ៉ាង​ស្ទាត់​បាន​​លើក​ឡើង​បន្ថែម​​ទៀត​ថា បន្ទាប់​មក​នគរ​បាល​​វៀតណាម​បាន​​បញ្ជូន​ក្រុម​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ទៅ​កាន់​​អធិការដ្ឋាន​នគរ​បាល​ស្រុក Duc Co ដើម្បី​សាកសួរ​។

លោក​បាន​និយាយ​ថា “ពួកគេ​បាន​សួរ​ខ្ញុំ​ថា តើ​ហេតុអ្វី​​បាន​ជា​​ខ្ញុំ​ជិះ​ឡាន​ជាមួយ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​អត់​ដឹង​ថា នៅ​ក្នុង​ឡាន​នេះ​មាន​​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ាទេ​​​”។

បន្ទាប់​មក​ទៀត នគរ​បាល​សួរ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ម្ដង​ម្នាក់​ៗ​​។ លោក ហុឺន បាន​និយាយ​បន្ត​ថា “នគរ​បាល​មិន​បាន​វាយ​ដំ​ពួកគេ​ទេ។ នៅ​ពេល​ពួក​យើង​ត្រូវ​បាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​​ យើង​ថែម​ទាំង​បាន​ហូប​មីជាមួយ​នគរ​បាល​ទៀត​ផង​”។

ប៉ុន្តែ​បន្ទាប់ពី​ការ​សាក​សួរ​រួច​ នគរ​បាល​​​បាន​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ទាំង​នេះ​ចូល​ក្នុង​រថយន្ត​ដាច់​ដោយ​ឡែកពី​គ្នា​រួច​បើក​ចេញទៅ​បាត់​។ លោក​ ហុឺន បាន​និយាយ​ថា គាត់​មិន​បាន​ឃើញ​ពួកគេ​​ម្ដង​ទៀត​ឡើយ​។ ហើយ​​ខ្លួន​គាត់​ផ្ទាល់​ត្រូវ​បាន​ឃុំខ្លួន​នៅ​​មន្ទីរ​ឃុំឃាំង​របស់​ស្នងការ​ដ្ឋាននគរ​បាល​​ខេត្ត​ Gai Lai ខណៈ​នគរ​បាល​កំពុង​សម្រេច​ថា តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ចំពោះ​រូប​គាត់។

លោក ហុឺន បាន​និយាយ​បន្ត​ទៀត​ថា ” ខ្ញុំ​ជាប់​ឃុំនៅ​ទីនោះ​អស់​ពីរ​យប់ ហើយ​បន្ទាប់មក​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ព្រៃនគរ”។

នៅ​ពេល​ទៅ​ដល់ទីនោះ លោក ហុឺន បាន​និយាយ​ថា គាត់​ត្រូវ​បាន​ឃុំខ្លួន​​នៅ​ក្នុង​ពន្ធនាគារ​មួយ​ផ្សេង​ទៀត​អស់​ពីរ​យប់​បន្ថែម​ទៀត​ មុនពេល​ត្រូវ​បាន​បញ្ជូន​​​ទៅ​កាន់​ច្រក​ព្រំដែន​បាវិត​ និង​​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នគរ​បាល​កម្ពុជា​កាលពី​រសៀល​ថ្ងៃអង្គារ។

លោក ហុឺន បាន​និយាយ​ថា “នគរ​បាល​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មក​ពី​ណា ហើយ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មក​ពី​ប្រទេស​វៀតណាម បន្ទាប់ពី​គេ​ចាប់​ខ្ញុំ​ច្រឡំជាមួយ​នឹង​​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា”។ លោក​បាន​បន្ថែម​ថា មន្ត្រី​បាន​អនុញ្ញាត​ឲ្យ​គាត់​ប្រើ​ទូរស័ព្ទ​ដើម្បី​ហៅ​ទៅ​កាន់​ប្រពន្ធ និង​កូន​ចំនួន​ពីរ​នាក់​របស់​គាត់​។ លោក ហុឺន បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​​​នគរ​បាល​បានឲ្យ​​​គាត់​ជិះ​​រថយន្ត​​​តួរីស​ ​ធ្វើ​ដំណើរ​មក​រាជធានីភ្នំពេញ​។

យោងតាម​លោក ឆាយ ធី អ្នក​សម្រប​សម្រួល​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​មាន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ចំនួន​១៣​នាក់​ទៀត​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ​នៅឡើយ​។

លោក ឆាយ ធី បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​ជឿជាក់​ថា នគរ​បាល​វៀតណាម​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ចាប់​ខ្លួន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​។ លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត​”។ សម្រាប់​លោក ហុឺន វិញ​ គាត់​បាន​និយាយ​ថា ​គាត់​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា តើ​ពេល​ណា​ត្រូវ​ត្រឡប់ទៅផ្ទះវិញ​ ប៉ុន្តែ​គាត់​ព្រួយបារម្ភ​ខ្លាច​ក្រែង​​អាជ្ញាធរ​​ខេត្ត​ប្រហែល​ជា​មាន​គោល​ដៅ​មក​លើ​គាត់​ប្រសិន​បើ​គាត់​ហា៊ន​ប្រឡប់​ទៅវិញ​នោះ​។ លោក​បាន​និយាយ​ថា “ទោះជាយ៉ាង​ណា ខ្ញុំ​នឹង​នៅ​តែ​ជួយ​​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​​ប្រសិន​បើ​ខ្ញុំ​អាច​ជួយ​បាន​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស