បណ្តាញព័ត៌មានរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនិងប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការព្រាងសន្ធិសញ្ញាបត្យាប័ន ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលក្រុងមូស្គូនាំយក លោក ប៉ូឡុនស្គី ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលរត់គេចខ្លួនមកស្រុកវិញ ដើម្បីប្រឈមមុខនឹងបទចោទលួចបន្លំប្រាក់រាប់លានដុល្លារ។
កាលនោះ លោក ប៉ូឡុនស្គី អាយុ៤២ឆ្នាំ ជាអ្នកមានម្នាក់ក្នុងចំណោមអ្នកមានបំផុតក្នុងប្រទេសរុស្ស៊ី ត្រូវបានក្រសួងមហាផ្ទៃរុស្ស៊ីចោទកាលពីខែកក្កដាឆ្នាំ២០១៣ ពីបទកេងបន្លំប្រាក់រាប់លានដុល្លារពីអ្នកវិនិយោគច្រើននាក់ ក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានពីរកន្លែងនៅក្រុងមូស្គូ ហើយបន្ទាប់មកទៀតជាប់ឈ្មោះក្នុងបញ្ជីនៃមនុស្សត្រូវតាមចាប់ខ្លួនបំផុតរបស់អាំងទែប៉ូល។
ឥឡូវនេះកំពុងរស់នៅលើកោះតូចមួយឯនាយឆ្នេរសមុទ្រក្រុងព្រះសីហនុ ក្នុងពេលដែលគាត់ដាក់បញ្ចូលប្រាក់ជាច្រើនលានដុល្លារទៅក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍៍ប្រកបដោយមហិច្ឆតា នៅប្រជុំកោះឯនាយឆ្នេរ អតីតមហាសេដ្ឋីខុសគេរូបនេះជាប់ពាក់ព័ន្ធក្នុងរឿងក្តីជាច្រើនផ្សេងទៀត ទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសរុស្ស៊ី ថែមទាំងបានជាប់គុកនៅកម្ពុជាពីរលើក ប៉ុន្តែរហូតមកដល់ពេលនេះអាចគេចរួចពីការធ្វើបត្យាប័ននៅឡើយ។
ទាំងសាលាឧទ្ធរណ៍ ទាំងតុលាការកំពូលបានបដិសេធសំណើពីក្រុងមូស្គូ ដែលស្នើឲ្យចាប់បញ្ជូនគាត់ទៅស្រុកវិញដើម្បីកាត់ក្តី។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃពុធ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី ស្ពូតនិក(Sputnik) បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង បានជួបជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក សេរហ្គេ ឡាវរ៉ូវ នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីសន្ធិសញ្ញាបត្យាប័នរវាងប្រទេសទាំងពីរ ដែល”ភាគច្រើនត្រៀមរួចរាល់ហើយ”។
ដោយស្រង់សម្តីរបស់លោក ឡាវរូ៉វ បន្ទាប់ពីជំនួបនោះ អត្ថបទបានសរសេរថា “សន្ធិសញ្ញាបត្យាប័ន ដែលអាចឲ្យប្រទេសកម្ពុជាប្រគល់មហាសេដ្ឋីរត់គេចខ្លួន សេរហ្គេ ប៉ូឡុនស្គី មករុស្ស៊ីវិញ បច្ចុប្បន្នកំពុងរៀបចំ”។
អត្ថបទនោះដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីដែលនិយាយថា “ជំនួបចុងក្រោយនៃអ្នកជំនាញគ្រោងធ្វើនៅខែនេះ បន្ទាប់មកទៀតយើងនឹងអាចចាប់ផ្តើមនីតិវិធីក្នុងប្រទេសសម្រាប់ការចុះហត្ថលេខា”។
អត្ថបទក៏ឲ្យដឹងដែរថា ប្រទេសកម្ពុជាកំពុងពិចារណាសំណើមួយផ្សេងទៀតពីប្រទេសរុស្ស៊ីសម្រាប់ធ្វើបត្យាប័នលោក ប៉ូឡុនស្គី។
ទីភ្នាក់ងារព័ត៌មានច្បាប់រុស្ស៊ី រ៉ែបស៊ី (Rapsi) បានរាយការណ៍កាលពីថ្ងៃពុធដែរថា សន្ធិសញ្ញាបត្យាប័នកំពុងដំណើរការ ហើយថា លោក ណាំហុង នឹងពិចារណាសំណើបត្យាប័នថ្មីៗបំផុតនេះ ដោយឡែក។
ទីភ្នាក់ងារព័ត៌មានច្បាប់រុស្ស៊ីបានដកស្រង់សម្តីលោក ណាំហុង ថា “[បច្ចុប្បន្ន]យើងសន្មតថា ឯកសារនេះនឹងត្រូវចុះហត្ថលេខា”។
លោក ណាំហុង បន្តថា “[យើង]នឹងពិចារណាសំណើរបស់រុស្ស៊ីដើម្បីធ្វើបត្យាប័នបុគ្គលនេះ។ ខ្ញុំនឹងពិចារណាបញ្ហានេះជាមួយរដ្ឋាភិបាល បន្ទាប់ពីខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាវិញ”។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា លោក ណាំហុង និងលោក ឡាវរូ៉វ បានពិភាក្សាគ្នាអំពីសន្ធិសញ្ញាបត្យាប័ន ប៉ុន្តែបាននិយាយថា មិនទាន់មានអ្វីនៅលើឯកសារទេ។ លោកបាននិយាយថា “រហូតមកដល់ពេលនេះ យើងមានការពិភាក្សាខ្លីមួយអំពីរឿងនោះ។ [យើង]កំពុងជជែកអំពីការព្រាងសន្ធិសញ្ញាបត្យាប័ននេះ”។
លោក ប៉ូឡុនស្គី មិនអាចទាក់ទងសំុអត្ថាធិប្បាយបានទេកាលពីល្ងាចថ្ងៃពុធ ប៉ុន្តែ មេធាវីរបស់គាត់ លោក កាស្ប៉ា សេកូទីន (Kaspars Cekotins) បាននិយាយថា លោកជឿថា សន្ធិសញ្ញាបត្យាប័នមួយនឹងមិនប្រតិសកម្មទេ ដូច្នេះនឹងមិនប៉ះពាល់ដល់កូនក្តីរបស់លោកទេ លុះត្រាតែមានបទចោទថ្មីមកលើគាត់។
លោកបាននិយាយថា “តុលាការកំពូល[កម្ពុជា]បានវិនិច្ឆ័យរួចហើយលើការធ្វើបត្យាប័ននេះ ប្រសិនបើ…កិច្ចព្រមព្រៀងមួយរវាងប្រទេសពីរត្រូវចុះហត្ថលេខានោះ វានឹងមានប្រសិទ្ធភាពពីថ្ងៃនោះទៅមុខ”។ “នោះប្រហែលមានន័យថា មានករណីថ្មី ត្បិតរឿងនេះត្រូវបានសម្រេចរួចរាល់ហើយ”៕ និត