យោងតាមសេចក្ដីព្រាងច្បាប់មួយ ដែលត្រូវបានប្រកាសជាសាធារណៈកាលពីម្សិលមិញបានឲ្យដឹងថា ច្បាប់បោះឆ្នោតជាតិដែលត្រូវបានកែប្រែ និងគ្រោងដាក់ជូនសភាអនុម័តនៅក្នុងខែនេះ មានរួមបញ្ចូលបទប្បញ្ញត្តិមួយ ដែលអនុញ្ញាតឲ្យមានការដកអាសនៈសភាពីគណបក្សនយោបាយណាមួយ ដែលប៉ុនប៉ងធ្វើពហិកាមិនចូលសភាក្រោយការបោះឆ្នោត។
នៅក្នុងសុន្ទរកថាមួយកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារឲ្យមានការបញ្ចូលច្បាប់ថ្មីទៅក្នុងច្បាប់បោះឆ្នោតជាតិដែលត្រូវបានកែប្រែ ដោយគំរាមថា សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានឹងរារាំងមិនឲ្យមានការអនុម័តច្បាប់ណាមួយឡើយ ប្រសិនបើគ្មានការធ្វើដូច្នេះទេនោះ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី២៥ ខែកុម្ភៈថា “ច្បាប់បោះឆ្នោតដែលនឹងដាក់ជូនសភាអនុម័តនៅថ្ងៃអនាគតគួរតែមានការចែងថា បើសិនជាគណបក្សនយោបាយណាដែលមិនចូលប្រជុំរដ្ឋសភាលើកដំបូងតាមការកោះអញ្ជើញពីព្រះមហាក្សត្រនោះ ចាត់ទុកថា គណបក្សបោះបង់អាសនៈសភា”។
អំឡុងពេលនោះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងថា លោកនឹងពិភាក្សាជាមួយសមាជិកសភាមកពីគណបក្សរបស់លោក និងជាមួយក្រុមអ្នកច្បាប់អំពីការទាមទារនេះ ព្រោះថា បទប្បញ្ញត្តិនេះប្រហែលជាផ្ទុយទៅនឹងគោលការ “ប្រជាធិបតេយ្យ”។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានលើកឡើងកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិបានសម្រេចថា បទប្បញ្ញត្តិនេះអាចទទួលយកបាន ដោយសារច្បាប់បោះឆ្នោតថ្មីនឹងធានាឲ្យមានការបោះឆ្នោតដោយយុត្តិធម៌ ហើយការច្រានចោលអាសនៈមិនពាក់ព័ន្ធទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ” ដើម្បីជៀសវាងកុំឲ្យមានភាពជាប់គាំងទៀតនៅថ្ងៃអនាគត ប្រសិនបើគណបក្សមួយមិនទទួលយកអាសនៈរបស់ខ្លួនទេ គណបក្សនោះនឹងបាត់បង់អាសនៈរបស់ខ្លួន”។ លោកបានបន្ថែមថា ច្បាប់នេះនឹងមានការអនុវត្តលុះត្រាតែការបោះឆ្នោតត្រូវបានប្រព្រឹតឡើងដោយអនុឡោមតាមច្បាប់ពាក់ព័ន្ធទាំងអស់ រួមទាំងច្បាប់បោះឆ្នោតដែលត្រូវបានកែប្រែផងដែរ។
លោក សម រង្ស៊ី បានមានប្រសាសន៍បន្ថែមថា ” វាមិនមែនសម្រាប់តែគណបក្សសង្គ្រោះជាតិតែមួយនោះទេ។ វានឹងត្រូវបានអនុវត្តសម្រាប់រយៈពេលយូរទៅមុខទៀត។ គណបក្សណាមួយដែលបដិសេធមិនព្រមទទួលយកអាសនៈរបស់ខ្លួន បន្ទាប់ពីមានដំណើរការប្រកបដោយតម្លាភាពនោះ ពួកគេគ្មានហេតុផលអ្វីត្រូវលើកយកមកដើម្បីធ្វើការច្រានចោលដំណើរការបោះឆ្នោតឡើយ”។
សេចក្ដីដកស្រង់មួយចេញពីសេចក្ដីព្រាងច្បាប់នេះ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកាលពីម្សិលមិញលើកឡើងថា ការបោះឆ្នោតដាច់ខាតត្រូវតែអនុឡោមតាមច្បាប់ពាក់ព័ន្ធទាំងអស់ ហើយទទួលយកការអនុម័តពីក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មុនពេលគណបក្សមួយប្រឈមនឹងការបាត់បង់អាសនៈរបស់ខ្លួន។
សេចក្ដីព្រាងច្បាប់នេះមានចែងដូច្នេះថា ” បន្ទាប់ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលនៃការបោះឆ្នោត គណបក្សនយោបាយណាមួយដែលទទួលបានអាសនៈសភាមួយអាសនៈ ឬក៏ច្រើនជាងនេះនឹងចាត់ទុកថា បោះបង់អាសនៈរបស់ខ្លួនប្រសិនបើគណបក្សនយោបាយធ្វើពហិការមិនចូលប្រជុំរដ្ឋសភាលើកដំបូងតាមការកោះអញ្ជើញពីព្រះមហាក្សត្រ និងប្រសិនបើគណបក្សនយោបាយធ្វើពហិការសម័យប្រជុំសម្រាប់ការប្រកាសពីសុពលភាពរបស់សមាជិកសភា ឬប្រសិនបើគណបក្សនយោបាយធ្វើពហិការមិនព្រមចូលរួមក្នុងពិធីស្បថចូលកាន់តំណែង”។
ក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សសង្គ្រោះជាតិអះអាងថា ជាការរៀបចំមួយដោយ គ.ជ.ប. ដែលមានសមាជិកមកពីគណបក្សប្រជាជនកម្ពុជាលើសលប់នោះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានកោះប្រជុំសភាលើកដំបូង ថ្វីបើមានការតវ៉ាពីគណបក្សសង្គ្រោះជាតិ និងមានការអំពាវនាវពីសង្គមស៊ីវិល និងរដ្ឋាភិបាលបរទេសផ្សេងទៀតឲ្យមានការស៊ើបអង្កេតនៅក្នុងការបោះឆ្នោតនេះក៏ដោយ។
អំឡុងការធ្វើពហិការមិនចូលសភាអស់រយៈពេល១០ខែ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ទាំងរដ្ឋសភា និងរដ្ឋាភិបាលដែលមានការទទួលស្គាល់តែពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានោះ គឺមិនស្របច្បាប់ឡើយ ហើយបានដឹកនាំបាតុកម្មទ្រង់ទ្រាយធំអំពាវនាវទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ឬក៏រៀបចំការបោះឆ្នោតឡើងវិញ។
ទីបំផុតគណបក្សសង្គ្រោះជាតិបានយល់ព្រមបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីលោក ហ៊ុន សែន សន្យាធ្វើកំណែទម្រង់ការបោះឆ្នោត មួយចំនួន រួមទាំងការបង្កើតគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដែលមានសមាជិកមកពីគណបក្សទាំងពីរចូលរួម និងការបង្កើតច្បាប់បោះឆ្នោតថ្មីមួយផងដែរ។
ខណៈបទប្បញ្ញត្តិចុងក្រោយេនះដែលត្រូវបន្ថែមចូលទៅក្នុងច្បាប់បោះឆ្នោតថ្មីអាចនឹងទប់ស្កាត់កុំឲ្យជម្លោះបែបនេះកើតឡើង លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា វាទំនងជាធ្វើឲ្យមានការស្មុគស្មាញកាន់តែច្រើនទៅវិញទេសម្រាប់ដំណើរការក្រោយការបោះឆ្នោត។
លោកបានមានប្រសាសន៍ថា ” ខ្ញុំគិតថា ពួកគេបានបង្កើតនីតិវិធីដែលស្មុគស្មាញ ហើយវាមិនមែនជាដំណោះស្រាយនោះទេ។ ខ្ញុំគិតថា នឹងអាចមានការរំលោភបំពានច្រើន។ សារជាថ្មីម្ដងទៀត គណបក្សដែលគ្រប់គ្រងរដ្ឋសភា និងរដ្ឋាភិបាល នឹងទទួលបានផលប្រយោជន៍ពីបទប្បញ្ញត្តិនេះ”។
លោក គល់ បញ្ញា បានលើកឡើងទៀតថា បទប្បញ្ញត្តិនេះគឺជាសម្បទានចុងក្រោយពីគណបក្សសង្គ្រោះជាតិនៅក្នុងកិច្ចពិភាក្សាធ្វើកំណែទម្រង់ ដែលក្នុងនោះគណបក្សសង្គ្រោះជាតិបានយល់ព្រមទៅនឹងការទាមទារមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យដំណើរការចរចានៅតែបោះជំហានទៅមុខ។
លោកបានមានប្រសាសន៍ថា ” នៅពេលយើងបានជជែកដោយផ្ទាល់ជាមួយពួកគេ [គណបក្សសង្គ្រោះជាតិ] ពួកគេបាននិយាយថា ខ្លួនមិនអាចតថ្លៃជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ ព្រោះគណបក្សប្រជាជនកម្ពុជានិយាយថា ខ្លួននឹងមិនព្រមចូលរួមនៅក្នុងការធ្វើឲ្យច្បាប់បោះឆ្នោតមានដំណើរការទៅមុខឡើយ”។
លោកបានបន្ថែមទៀតថា ” គណបក្សប្រជាជនកម្ពុជានៅតែមានសំឡេងភាគច្រើនក្នុងរដ្ឋសភា។ នេះវាមានន័យថា នៅតែជាការដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិ”៕ ស៊ុយឈាង