27 C
Phnom Penh

អង្គការ​មិនមែន​រដ្ឋាភិបាល​​គ្រោង​ដាក់​សំណើ​​សេចក្ដីព្រាង​ច្បាប់​​ស្ដីពី​ការ​ប្រើ​ប្រាស់​អុីនធើណិត​ទៅ​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​សំណើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រើ​ប្រាស់​អុីនធើណិត​​ទៅ​រដ្ឋាភិបាល​ ដោយ​ឆក់​ឱកាស​ធ្វើ​សំណើ​បែប​នេះ​ ក្រោយពី​រដ្ឋាភិបាល​​បាន​លុប​ចោល​​ច្បាប់​ស្ដីពី​បទ​ល្មើស​តាម​អុីនធើណិត​​ដ៏ចម្រូងចម្រាស​មួយ​កាលពី​ខែ​ធ្នូ ដែល​តម្រូវ​ឲ្យ​ដំឡើង​ឧបករណ៍​​លួច​យក​ការណ៍​​តាម​បណ្ដាញ​អុីនធើណិត​ និង​ទូរស័ព្ទ។

សំណើ​សេចក្ដី​ព្រាង​​ស្ដីពី​សេរីភាព​អុីនធើណិត​របស់​ CCIM ដែល​មាន​១៧​មាត្រា និង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ជាមួយ​នឹង​​ធាតុ​ចូល​ពី​បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ រួម​ទាំង​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា​ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និងអង្គការ​​ Freedom House ផង​នោះ ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​គេហទំព័រ​ថ្មី​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​សាធារណជន​បញ្ចេញ​មតិ​យោបល់​លើ​ខ្លឹម​សារ​របស់​វា នេះ​បើ​យោង​តាម​ការ​​លើក​ឡើង​​របស់​លោក សូ សុធី មន្ត្រី​ផ្នែក​ទំនាក់​ទំនង​ និង​តស៊ូមតិ​របស់​ CCIM ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” រដ្ឋាភិបាល​បាន​ប្រកាស​ថា ខ្លួន​បាន​ផ្អាក​ច្បាប់​​ស្ដីពី​បទ​ល្មើស​តាម​អុីនធើណិត​របស់​ខ្លួនហើយ ប៉ុន្តែ​កំពុង​បង្កើន​សកម្មភាព​​លួច​យក​ការណ៍​​។ យើង​ត្រូវ​ការ​ច្បាប់​មួយ​ដើម្បី​ការ​ពារ​អ្នក​ប្រើ​ប្រាស់​អុីនធើណិត​​ ពីព្រោះ​បច្ចុប្បន្ន​យើង​គ្មាន​ច្បាប់​ការ​ពារ​សេរីភាព​អុីនធើណិត​ទេ”។

សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល​មួយ​នេះ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ CCIM និង​បណ្ដា​អង្គការ​សិទ្ធិមនុស្ស ដោយ​សារ​តែ​ច្បាប់​នេះ​​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ចែក​រំលែក​​ទស្សន​ចម្រូង​ចម្រាស ឬ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។

លោក​ សូ សុធី បានមាន​ប្រសាសន៍​ថា CCIM នឹង​ដាក់​ជូន​​សំណើ​​​សេចក្ដីព្រាង​របស់​ខ្លួន ដែល​ធានា​ការ​ពារ​សេរីភាព​បញ្ចេញ​មតិ​តាម​អុីនធើណិត​ និង​ភាព​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​អុីនធើណិត​ទៅ​រដ្ឋាភិបាល ក្រោយ​​រយៈ​ពេល​នៃ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​បិទ​បញ្ចប់​នៅ​ថ្ងៃទី៨ ខែ​ឧសភា៕ សុខុម​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស