31 C
Phnom Penh

អតីត​​​មន្ត្រី​​​នៅ​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេសដ៍​​​អះអាង​​​​​​ពី​​​អំពើ​​​​​​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ម្នាក់​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​អះអាង​នៅ​សប្ដាហ៍​នេះ​ថា ស្ថាប័ន​នេះ​បាន​ក្លែង​លិខិត​​អនុញ្ញាត​ឲ្យ​មាន​ការ​​​ចុះ​បំពេញ​បេសកកម្ម​នៅ​ខេត្ត​ចំនួន​បី​ផ្សេង​គ្នា​ ដើម្បី​ស្នើសុំ​​ការ​ចំណាយ​ដែល​ក្លែង​បន្លំ​នោះ​។

លោក លឹម ពេជ្រ​ពិសី អតីត​ទីប្រឹក្សា​​របស់​លោក អៀង មូលី ប្រធាន​​​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​​នឹង​ជំងឺ​​​អេដស៍ កាលពី​ថ្ងៃ​អង្គារ​បាន​ដាក់​ជូន​លិខិត​​​​បណ្ដឹង​​​ផ្លូវ​ការ​​​ទៅ​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​​នឹង​ជំងឺ​​​អេដស៍​ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​ពី​​​បទ​ពុក​រលួយ​។

នៅ​ក្នុង​បទ​សម្ភាស​កាលពី​ម្សិលមិញ លោក ពេជ្រ​​​ពិសី បាន​​​មាន​ប្រសាសន៍​ថា លោក​បាន​លា​​​ឈប់​​​ពី​​​ការ​ងារ​​​របស់​​​លោក​​​​កាលពី​ចុង​ឆ្នាំ​មុន បន្ទាប់ពី​រក​ឃើញ​លិខិត​បី​ច្បាប់​នៅ​ការិយាល័យ​របស់​លោក អៀង មូលី ដែល​មាន​ឈ្មោះ​របស់​លោក​ជា​អ្នក​​​ដឹកនាំ​ការ​ចុះ​​​បំពេញ​បេសកកម្ម​​ ដែល​លោក​មិន​​ដែល​បាន​ធ្វើ​​។ លិខិត​ទាំង​នេះ​នឹង​ផ្ដល់​សិទ្ធិ​ឲ្យ​សាមី​​​ខ្លួន​ស្នើសុំ​​​​ការ​ចំណាយ​ផ្សេង​។

លោក​បាន​​​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សូម​បញ្ជាក់​ថា ពួកគេ​ [មេ​​​ដឹក​​​នាំ​​​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​​​អេដស៍] មិន​ដែល​​​ឲ្យ​ខ្ញុំ​ចុះ​​​បំពេញ​បេសកកម្ម​ទេ។ ខ្ញុំ​គិត​ថា ពួកគេ​បាន​ចេញ​លិខិត​ទាំង​នេះ​ដើម្បី​​​ស្នើ​​​សុំ​​​ថវិកា​តែ​ប៉ុណ្ណោះ ហើយ​នេះ​គឺ​ជា​​ទង្វើ​​​របស់​ជន​​​​ពុក​​រលួយ។

លោក​ ពេជ្រ​​​ពិសី បាន​ផ្ដល់​ឯកសារ​ដែល​អនុញ្ញាត​ឲ្យ​លោក​ដឹកនាំ​បេសកកម្ម​បី​ផ្សេងគ្នា​កាលពី​ឆ្នាំ​២០១៤៖ គឺ​​​ចុះ​​​ទៅ​ខេត្ត​កំពង់​ឆ្នាំង​រយៈពេល​បី​ថ្ងៃ ទៅ​ខេត្ត​តាកែវ​មួយ​ថ្ងៃ និង​ទៅ​ខេត្ត​ព្រះវិហារ​បី​​​ថ្ងៃ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បាន​ចុះ​ទៅ​​​ទេ ហើយ​ថា បើ​តាម​លោក​ដឹង​​មិន​ដែល​មាន​បេសកកម្ម​​ទាល់​តែ​សោះ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា ” វា​អយុត្តិធម៌​​​ចំពោះ​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិន​ដែល​ប្រើ​លិខិត​ទាំង​នេះ​ទេ ប៉ុន្តែ​ពួកគេ​ [មន្ត្រី​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​​នឹង​ជំងឺ​​​អេដស៍] បាន​ប្រើ​លិខិត​ទាំង​នេះ​​ដោយ​មាន​ឈ្មោះ​របស់​ខ្ញុំ ដើម្បី​ស្នើសុំ​​​ថវិកា ហើយ​យក​លុយ​ទាំង​នោះ​ដាក់​ហោប៉ៅ​ខ្លួន​ឯង។ ខ្ញុំ​បាន​លា​​​លែង​​​ពី​​​ការ​ងាររបស់ខ្ញុំ​​​កាលពី​ពេល​ថ្មី​ៗ​នេះ ពីព្រោះ​ខ្ញុំ​​​គិត​ថា ពួកគេ​…​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។

លោក ពេជ្រ​​​ពិសី បាន​​​មាន​ប្រសាសន៍​ថា អ្នកដឹកនាំ​បេសកកម្ម​មាន​សិទ្ធិ​ស្នើ​​​សុំ​​​ថវិកា​​​សម្រាប់​​​​ចំណាយ​ថ្លៃ​​​ស្នាក់​នៅ​សណ្ឋាគារ​​ក្នុង​មួយ​​​ថ្ងៃ​១៥ដុល្លារ​សម្រាប់​សមាជិក​ក្រុម​ម្នាក់ៗ ព្រម​ទាំង​ប្រាក់​សម្រាប់​​​ចំណាយ​ថ្លៃ​អាហារ​មួយ​​​ពេល​៥ដុល្លារ​ក្នុង​សមាជិក​ក្រុម​ម្នាក់ៗ។

លោក​ អៀង មូលី មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បានទេ។ ទោះ​ជា​​​យ៉ាង​ណា លោក គង់ រដ្ឋា​ អនុប្រធាន​​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​​នឹង​ជំងឺ​​​អេដស៍​ ដែល​ចុះ​ហត្ថលេខា​នៅ​លើ​លិខិត​ទាំង​នោះ​បាន​​​បដិសេធ​ការ​ចោទ​ប្រកាន់​​​ពី​​​បទ​ពុក​រលួយ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សូម​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​អាច​លួច​លុយ​ពី​លិខិត​បេសកកម្ម​បាន​ទេ ពីព្រោះ​យើង​មាន​ដំណើរ​ការ​ផ្លូវ​ច្បាប់​​​សម្រាប់​បុគ្គល​ ដើម្បី​ប្រើ​ប្រាស់​​​​​​លិខិត​បេសកកម្ម​ក្នុង​​​ការ​​​ស្នើ​​​សុំ​​​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច”។

លោក រដ្ឋា បាន​​​មាន​ប្រសាសន៍​ថា លោក ពេជ្រ​​​ពិសី បាន​បដិសេធ​មិន​​​ព្រម​​​ទៅ​​​បំពេញ​​​បេសកកម្ម​ទាំង​​​បី​​​នេះ​ ហើយ​ថា អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​​នឹង​ជំងឺ​​​អេដស៍​​បាន​បញ្ជូន​អ្នក​ផ្សេង​​​ ដោយ​​​​លោក​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​ទៅ​ជំនួស​លោក ពេជ្រ​​​ពិសី ឡើយ​។

លោក​បាន​បន្ថែម​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​លោក ពេជ្រពិសី ហើយ ហើយ​បាន​សម្រេច​រួចហើយ​​​ថា មិន​​​មាន​ការ​ចាត់​វិធាន​ការ​ទាក់​​នឹង​ការ​អះអាង​ពី​​បទ​ពុក​រលួយ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​​​ពី​​​គាត់​នៅ​ថ្ងៃ​នេះ​មាន​​​ទាំង​ភ័ស្តុ​តាង​មួយ​ចំនួន​​​ផង​​​ ប៉ុន្តែ​ភ័ស្តុ​តាង​នោះ​​​មិន​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា ឯក​ឧត្ដម អៀង មូលី និង​​​ខ្ញុំ​​​បាន​លួច​លុយ​ពី​លិខិត​បេសក​​​កម្ម​​​នោះ​​​​ឡើយ​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស