27.5 C
Phnom Penh

លោក សម រង្ស៊ី ជួបប្រជុំជាមួយសមាជិក ជុំវិញបញ្ហាប្រធានគណបក្ស ខេត្តសៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​ការ​​​ជួប​​​ប្រជុំ​​​​​​កាលពី​​​ម្សិលមិញ ​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​ជាមួយ​​​​​​មន្ត្រី​​​ខេត្ត​​​និង​​​សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​២៧០នាក់​​​នោះ​​​ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​​​​បាន​​​សន្យា​​​​​​ស្វែង​​​រក​​​ “ដំណោះស្រាយ​​​ ឈ្នះ-ឈ្នះ” ចំពោះ​​​ការ​​​ទាមទារ​​​របស់​​​សមាជិក​​​ដែល​​​​​អំពាវនាវ​​​ឲ្យ​​​ដក​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​នេះ​​​ចេញ​​​ពី​​​តួនាទី​​។

កាលពី​​​ថ្ងៃ​​​ច័ន្ទ មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ជាង​​​៥០នាក់​​​​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាងក្រៅ​​​ទីស្នាក់ការ​​​កណ្តាល​​​គណបក្ស​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ អំពាវ​​​នាវ​​​ឲ្យ​​​បណ្តេញ​​​លោកស្រី កែ
សុវណ្ណារតន៍​​​​​​ សមាជិក​​​សភា និង​​​ជា​​​ប្រធាន​​​គណបក្ស​​​ខេត្ត​​​សៀម​​​រាប ដែលជា​​​ភរិយា​​​របស់​​​លោក យឹម សុវណ្ណ ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិ​​​របស់​​​គណបក្ស​​​នេះ។

លោក គង់ សឿន ​​​អនុប្រធាន​​​ប្រតិបត្តិ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ខេត្ត​​​សៀមរាប បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ថា ​​​ក្រុម​​​មន្ត្រី​​​បាន​​​អំពាវនាវ​​​ឲ្យ​​​ដក​​​លោក​​​ស្រី​​​ចេញ​​​ ពីព្រោះ​​​លោកស្រី​​​​​​ប្រកាន់​​​បក្ខពួក​​​និយម និង​​​”ចាយ​​​វាយ​​​ថវិកា​​​ខុស​​​ប្រក្រតី”​​​​ តែ​​​លោក​​​បដិ​​​សេធ​​​មិន​​​និយាយ​​​លម្អិត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ទេ។

កាលពី​​​ម្សិលមិញ លោក គង់ សឿន ដែល​​​បាន​​​ចូល​​​រួ​​​ម​​​ក្នុង​​​ការ​​​ប្រជុំ​​​នោះ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា លោក សម រង្ស៊ី និង​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​​​​សមាជិក និង​​​ក្រុម​​​មន្ត្រី​​​គណបក្ស​​​ក្នុង​​​មូលដ្ឋាន​​​ប្រហែល​​​២៧០នាក់​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​ក្នុង​​​ខេត្ត​​​សៀមរាប។

លោក គង់ សឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​លោក សម រង្ស៊ី ​​​បាន​​​ពិភាក្សា​​​ពី​​​បញ្ហា​​​នេះ។ លោក​​​គ្រាន់​​​តែ​​​ចុះ​​​មក​​​ស្ទាប​​​ស្ទង់​​​មតិយោបល់​​​របស់​​​ភាគី​​​ទាំងពីរ ពិចារណា​​​ពី​​​បញ្ហា​​​នេះ ហើយ​​​បាន​​​លើកឡើង​​​ថា លោក​​​នឹង​​​ស្វែងរក​​​ដំណោះ​​​ស្រាយ​​​ ឈ្នះ-ឈ្នះ​​​សម្រាប់​​​ភាគី​​​ទាំង​​​ពីរ”។

លោក​​​បាន​​​បន្ថែម​​​ថា ​​​ក្រុម​​​មន្ត្រី​​​ដែល​​​បាន​​​អំពាវ​​​ឲ្យ​​​ដក​​​លោកស្រី សុវណ្ណារតន៍​​​ ចេញ​​​នោះ ​​​មិន​​​ចង់​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​គណបក្ស​​​ ប៉ុន្តែ​​​គ្រាន់តែ​​​ចង់​​​ឲ្យ​​​ដក​​​លោកស្រី ចេញពី​​​ប្រធាន​​​គណបក្ស​​​​​​ខេត្ត​​​សៀម​​​រាប​​​ប៉ុណ្ណោះ។

លោក គង់ សឿន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ប្រសិន​​​បើ​​​លោក​​​ស្រី សុវណ្ណារតន៍​​​ទៅ​​​ធ្វើការ​​​នៅ​​​ខេត្ត​​​ផ្សេង​​​ នោះ​​​នឹង​​​ជា​​​ដំណោះស្រាយ​​​ឈ្នះ- ឈ្នះ”។

បន្ទាប់ពី​​​កិច្ច​​​ប្រជុំ​​​កាលពី​​​ម្សិលមិញ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​​​​នឹង​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​រួមមាន​​​តំណាង​​​​​​សមាជិក​​​​​​ តំណាង​​​លោកស្រី សុវណ្ណារតន៍ និង​​​មេ​​​ដឹក នាំ​​​គណបក្ស​​​​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ការ​​​អះ​​​អាង​​​ពី​​​បទ​​​ពុករលួយ បក្ខ​​​ពួក​​​និយម និង​​​អសមត្ថភាព។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​បង្កើត​​​គណៈកម្មការ​​​​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ការ​​​ចោទប្រកាន់​​​នេះ។ ខ្ញុំ​​​ត្រូវ​​​ផ្អែក​​​ការ​​​វិនិច្ឆ័យ​​​របស់​​​ខ្ញុំ​​​លើ​​​ការ​​​ពិត​​​”។

ប៉ុន្តែ​​​លោក សម រង្ស៊ី ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បើ​​​ទោះ​​​ជា​​​គណបក្ស​​​​​​រក​​​​​​ឃើញ​​​ថា លោកស្រី​​​ សុវណ្ណា​​​រតន៍​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​​​​ក៏ដោយ ក៏​​​មាន​​​ការ​​​ពិចារណា​​​ពី​​​ការ​​​ផ្លាស់​​​ប្តូរ​​​​​​នៅ​​​ឡើយ​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បើ​​​ទោះជា​​​មិន​​​មាន​​​មូលដ្ឋាន​​​សម្រាប់​​​ការ​​​ដាក់​​​ទណ្ឌកម្ម​​​ក៏ដោយ ប៉ុន្តែ​​​​​​សម្រាប់​​​ហេតុ​​​ផល​​​ចិត្ត​​​សាស្ត្រ​​​វិញ​​​ ​​​ភាព​​​ជា​​​អ្នក​​​ដឹកនាំ​​​ត្រូវ​​​គិត​​​ឲ្យ​​​បាន​​​គ្រប់​​​ជ្រុង​​​ជ្រោយ។ នេះ​​​គឺ​​​ជា​​​ដំណោះ​​​ស្រាយ​​​ឈ្ន-ឈ្នះ”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ឈួន វិទ្យា សមាជិក​​​ក្រុម​​​សម្រប​​​សម្រួល​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ក្នុង​​​ស្រុក​​​ក្រឡាញ់ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​តវ៉ា​​​នឹង​​​បន្ត​​​រហូតដល់​​​​​​លោកស្រី សុវណ្ណា
រតន៍​​​ ត្រូវ​​​បាន​​​ដាក់​​​ជំនួស​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រសិនបើ​​​​​​លោកស្រី កែ សុវណ្ណារតន៍ មិន​​​ត្រូវ​​​បាន​​​ដក​​​ទេ​​​នោះ យើង​​​នឹង​​​តវ៉ា​​​កាន់តែ​​​ខ្លាំងក្លា​​​ថែមទៀត”។

លោកស្រី សុវណ្ណារតន៍​​​ បាន​​​សង្កត់​​​ធ្ងន់​​​កាលពី​​​ម្សិលមិញ​​​ថា អ្នក​​​ដែល​​​ចោទ​​​ប្រកាន់​​​លោកស្រី មិន​​​មាន​​​ភ័ស្តុ​​​តាង​​​ពី​​ការ​​​ប្រព្រឹត្ត​​​ខុស​​​ណាមួយ​​​ឡើយ។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​តើ​​​ពួកគេ​​​មាន​​​ឯកសារ​​​ ឬ​​​ភ័ស្តុ​​​​​​តាង​​​ដែល​​​បង្ហាញ​​​​​​ពី​​​កំហុស​​​របស់​​​ខ្ញុំ​​​ទេ?។ ប្រសិន​​​បើ​​​ពួក​​​គេ​​​​​​មាន​​​ភ័ស្តុ​​​តាង ឬ​​​ឯកសារ​​​ សូម​​​បង្ហាញ​​​យើង​​​មក”៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស