សកម្មជនមួយក្រុមបាននាំគ្នារាំជាក្រុមនៅសួនមុខវត្តបទុម ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយបានរាំចង្វាក់ម៉ាឌីហ្សុន និងឆាឆាឆា ដើម្បីឲ្យសាធារណជនចាប់អារម្មណ៍លើសិទ្ធិរបស់ស្ត្រីនៅមុនទិវាសិទ្ធិនារីអន្តរជាតិ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ។
កញ្ញា សេង រាសី ជំនួយការនាយិការអង្គការសីលកា ជាអង្គការមិនមែនរដ្ឋាភិបាលដែលជួយរៀបចំព្រឹត្តិការណ៍នេះបាននិយាយថា ” [យើង] ចង់លើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជន ជាពិសេសយុវជនឲ្យពួកគេចូលរួមពាក់ព័ន្ធនៅក្នុងយុទ្ធនាការរបស់យើង។ យើងចង់ធ្វើអ្វីដែលសប្បាយ និងស្រស់ស្រាយ”។
ការសម្ដែងនេះ គឺជាការសម្ដែងមួយក្នុងចំណោមការរាំសម្ដែងជាក្រុមចំនួនបី ដែលត្រូវបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ហើយជាផ្នែកនៃព្រឹត្តិការណ៍មួយចំនួន រៀបចំធ្វើឡើងដោយអង្គការសិទ្ធិស្ត្រីចំនួន១៧ ដែលគ្រោងដាក់ញត្តិជូនក្រសួងរដ្ឋាភិបាល នៅប៉ុន្មានថ្ងៃខាងមុខទាមទារឲ្យមានការចាត់វិធានការឲ្យបានខ្លាំងក្លាលើបញ្ហារបស់ស្ត្រី។
ក្នុងចំណោមការទាមទារទាំងនោះ បញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់គឺសិទ្ធិការងារ។
អ្នកស្រី ស៊ាន សុផល អាយុ៤២ឆ្នាំ ជាកម្មការិនីមួយរូបបាននិយាយនៅខាងក្រៅកិច្ចប្រជុំមួយក្នុងរាជធានីភ្នំពេញ ជាទីដែលសកម្មជនប្រហែល១០០នាក់បានមកជួបជុំគ្នាកាលពីព្រឹកម្សិលមិញ បាននិយាយថា ” នៅពេលមានស្ត្រីមានផ្ទៃពោះ ម្ចាស់រោងចក្រនៅតែបង្ខំពួកគេឲ្យធ្វើការ ហើយប្រសិនបើពួកគេមិនព្រមធ្វើការនោះទេ ពួកគេនឹងត្រូវបានបណ្ដេញចោល”។
យោងតាមអ្នកស្រី សុផល បានឲ្យដឹងបន្ថែមទៀតថា កម្មកររោងចក្រភាគច្រើនត្រូវបានគេជួលឲ្យធ្វើការក្នុងកិច្ចសន្យារយៈពលខ្លី ដែលជាហេតុធ្វើឲ្យស្ត្រីមានផ្ទៃពោះងាយនឹងត្រូវគេបណ្ដេញចោល។ ហើយខណៈស្ត្រីគឺជាកម្លាំងភាគច្រើននៅក្នុងវិស័យកាត់ដេរ តម្រូវការផ្នែកសុខភាព និងអនាម័យរបស់ពួកគេមិនត្រូវបានគេយកចិត្តទុកដាក់នោះឡើយ។
លោកស្រី ធីតា ឃឹះ ប្រធានគណៈកម្មការដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងឆាកនយោបាយ ដែលជាអង្គការសង្គមស៊ីវិលក្នុងស្រុក បានយល់ស្របថា ស្ថានភាពនៅតាមរោងចក្រកាត់ដេរគឺជាកត្តាចម្បងដ៏គួរឲ្យព្រួយបារម្ភសម្រាប់ស្ត្រីភាគច្រើន។
លោកស្រីបានមានប្រសាសន៍ថា “ពួកគាត់មានចំនួនភាគច្រើនក្នុងចំណោមកម្មករដែលធ្វើការក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែមេដឹកនាំភាគច្រើននៅក្នុងសហជីពមិនមែនជាស្ត្រីទេ គឺមានសុទ្ធតែបុរស”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា ” បុរសមិនចាប់អារម្មណ៍ចំពោះបញ្ហារបស់ស្ត្រីឡើយ ពួកគេគិតថា ស្ត្រីមិនមានសារៈសំខាន់នៅក្នុងការចរចានោះទេ”។ លោកស្រីបានបន្ថែមថា ស្ត្រីគួរតែទទួលបានសិទ្ធិក្នុងការទទួលបានតួនាទីធ្វើជាអ្នកដឹកនាំក្នុងសហជីព និងរដ្ឋាភិបាល។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា ” ស្ត្រីខ្មែរមានចរិតស្ងប់ស្ងាត់ និយាយទន់ភ្លន់ ដើរមិនឲ្យឮសំឡេងឡើយ។ ប៉ុន្តែឥឡូវនេះយើងបានធ្វើឲ្យអ្វីៗទាំងអស់នេះផ្លាស់ប្ដូរហើយ យើងហ៊ាននិយាយ យើងហ៊ានទាមទារ ហើយមានស្ត្រីភាគច្រើនក្លាយជាសកម្មជនទៀតផង”៕ ស៊ុយឈាង