មេបញ្ជាការកងអង្គរក្សបាននិយាយកាលពីម្សិលមិញថា កាលពីសប្ដាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងមន្ត្រីជាន់ខ្ពស់១៤រូប ក្នុងក្រុមការងារមួយដែលឥឡូវនេះទទួលខុសត្រូវពិនិត្យមើលកងអង្គរក្សរបស់លោក អំឡុងការចុះរៀបចំកិច្ចការទាំងអស់ដែលលោកនិងភរិយារបស់លោកចូលរួម។
នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលជាប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមាជិកក្រុមការងារនេះបានសហការគ្នាដើម្បីការពារលោកនាយករដ្ឋមន្ត្រីរួចហើយ។
លោកបានមានប្រសាសន៍ថា ” កម្លាំងរបស់យើងបានធ្វើរឿងនេះយូរមកហើយ ប៉ុន្តែទើបចេញសេចក្ដីសម្រេចផ្លូវការតែប៉ុណ្ណោះ”។
លោក ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្ដីសម្រេចនេះកាលពីថ្ងៃទី២៦ ខែកុម្ភៈ។ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សមាជិក១៤នាក់ក្នុងក្រុមការងារនោះរួមមានខ្លួនលោកផងនោះ នឹងសម្របសម្រួលគ្នាទៅវិញទៅមកដើម្បីធានាសុវត្ថិភាពដល់លោកនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក។
លោកបានមានប្រសាសន៍ថា ” នៅពេល…លោកទាំងពីរទៅកន្លែងណា យើងត្រូវចុះរៀបចំកិច្ចការសន្តិសុខនៅទីនោះជាមុន”។ លោកបានបន្ថែមថា សមាជិកក្រុមការងារទាំងអស់នឹងមានវត្តមាននៅពេលកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីត្រូវបានដាក់ពង្រាយ។
លោកបានបន្ថែមថា ” ប្រសិនបើយើងមិនអាចទៅបានទេ យើងត្រូវចាត់តាំងនរណាម្នាក់ឲ្យទៅជំនួសយើង”។
នាយឧត្ដមសេនីយ៍ យូ ស៊ុនឡុង ប្រធានក្រុមការងារ និងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
បន្ថែមទៅនឹងនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងនាយឧត្ដមសេនីយ៍ យូ ស៊ុនឡុង ក្រុមការងារនេះក៏មានលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន និងជាឧត្ដមសេនីយ៍ឯកក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ។
យោងតាមច្បាប់ចម្លងនៃសេចក្ដីសម្រេចនេះ ក្រុមការងារ “នឹងសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អំពីបញ្ហាសន្តិសុខ និងសុវត្ថិភាព ដើម្បីទប់ស្កាត់បញ្ហា និងហេតុការណ៍នានាដែលអាចកើតមានអំឡុងពិធីទាំងអស់” ដែលចូលរួមដោយលោកនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ុន រ៉ានី។
សេចក្ដីសម្រេចនេះក៏អំពាវនាវដល់គ្រប់ក្រសួង និងទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យទំនាក់ទំនងជាមួយក្រុមការងារនៅពេលមានគម្រោងរៀបចំពិធីផ្សេងៗសម្រាប់លោកនាយករដ្ឋមន្ត្រី និងភរិយារបស់លោក។
លោក ហ៊ុន សែន បានបង្កើតកងអង្គរក្សរបស់លោកពីទាហានកងពលតូចលេខ៧០ ជាអង្គភាពកងយោធពលខេមរភូមិន្ទ ដែលគេភ្ជាប់ទៅនឹងការធ្វើឃាត ការរំលោភអំណាច និងក្រុមកាប់ឈើខុសច្បាប់៕ សារុន