27.5 C
Phnom Penh

នារី​​​វ័យ​​​ក្មេង​​​ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​ដោយ​​​សារ​​​ការ​​​​​​ជះ​​​ទឹក​​​អាស៊ីត សង្ស័យ​​​រឿង​​​ស្នេហា​​​ត្រីកោណ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នារីអាយុ​​​២០​​​ឆ្នាំ​​​ម្នាក់​​​បាន​​​រង​​​ការ​​​រលាក​​​ធ្ងន់​​​ធ្ងរ​​​លើ​​​ផ្ទៃ​​​មុខ​​​ និង​​​រាង​​​កាយ​​​ ក្រោយ​​​ពី​​​ទទួល​​​រង​​​​​​ការ​​​​​​​ជះ​​​ទឹក​​​អាស៊ីត​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ ពីសំណាក់​​​ស្ត្រី​​​​ម្នាក់​​​ដែល​​​សង្ស័យ​​​ថា​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដេក​​​ជា​​​មួយ​​​ប្តី​​​របស់​​​ខ្លួន​​​។

យោង​​​តាម​​​លោក សៅ សារិទ្ធ​​​ នាយរងប៉ុស្តិ៍​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខណៈ​​​ស្ត្រី​​​រង​​​គ្រោះ​​​​​​ឈ្មោះ មាស វណ្ណី ដែល​​​ជា​​​សន្តិសុខ​​​​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​​​​  ហូ ស៊ីន តាយ (Ho Hsin Tai) ​​​ស្ថិ​​តនៅ​​​តាម​​​​​​បណ្តោយ​​​ផ្លូវ​​​វេង​​​ស្រេង ទើប​​​តែ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​ជួល​​​របស់ខ្លួនក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌពោធិ៍​​សែន​​​ជ័យ កាល​​​ពី​​​វេលា​​​ម៉ោង​​​ប្រហែល​​​៥​​​និង​​​៣០​​​នាទី​​​​​​​​​ព្រឹក ក៏​​​ស្រាប់​​​តែ​​​​​​មាន​​​ស្ត្រី​​​ម្នាក់​​​​​យួរ​​​ធុង​​​ទឹក​​​​​​ដើរ​​​ចូល​​​ទៅ​​​ជិត​​​​​​​​នាង​​​។ ​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍ទៀត​​​ថា “នៅ​​​ពេល​​​ជន​​​សង្ស័យ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​មាន​​​ស្ត្រី​​​ម្នាក់​​​សួរ​​​ថា នាង​​​ឯង​​​ធ្វើ​​​ការ​​​កន្លែង​​​ណា​​​ ហើយ​​​ធ្វើការ​​​អី?”។ លោក​​​បាន​​​បន្ត​​​ថា ដំបូង​​​ជន​​​សង្ស័យ​​​បាន​​​ដើរ​​​ចេញ​​​​​​ទៅ​​​វិញក្រោយ​​​ពី​​​ មាស វណ្ណី ឆ្លើយ​​​តប​​​ មុន​​​ពេលជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​នាង​​​នៅ​​​តាម​​​ផ្លូវ​​​នោះ​​​។

លោក​​​បាន​​​បញ្ជាក់​​​ថា “ជន​​​រងគ្រោះ​​​បាន​​​ដើរ​​​ចម្ងាយ​​​ប្រហែល​​​១០០​​​ម៉ែត្រ ពេល​​​នោះ​​​ជន​​​សង្ស័យ​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​ដើរ​​​តាម​​​ពី​​​ក្រោយ​​​ ហើយ​​​ជះ​​​ទឹក​​​អាស៊ីត​​​លើ​​​មុខ​​​ជន​​​រង​​​គ្រោះ ​​​បណ្តាល​​​​​​ឲ្យ​​​នាង​​​រង​​​របួស​​​ធ្ងន់​​​”។

នាយរង​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រោយ​​​ពី​​​និយាយ​​​ជា​​​មួយ មាស

​​​វណ្ណី ​​និង​​​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ត្រួស​​​ៗ​​​ នគរ​​​បាល​​​បាន​​​សាក​​​សួរ​​​ឈ្មោះ ជុន ឃឿន ​​​អាយុ​​​៣២​​​ឆ្នាំ​​​ជា​​​សន្តិសុខ​​​ដូច​​​គ្នា​​​នៅ​​​រោង​​​ចក្រ​​​នេះដែល​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ខ្លួន​​​មាន​​​ស្នេហា​​​លួច​​​លាក់​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ។

កម្មការិនី​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​ឈ្មោះ ស្រឿន ណាន់ អាយុ​​​៣៨​​​ឆ្នាំ ដែល​​​​​​ត្រូវ​​​ជា​​​ប្រពន្ធ​​​របស់​​​ ជុន ឃឿន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ភ្លាមៗ​​​ បន្ទាប់​​​ពី​​​ប្តី​​​​​នាង​​​បាន​​​សារភាព​​​ ប៉ុន្តែ បាន​​​បដិសេធ​​​ថា នាង​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ករណី​​​​​​ជះ​​​ទឹក​​​​​​អាស៊ីត​​​ដើម្បី​​​សង​​​សឹក​​​​​​នេះ​​​ទេ​​​។

លោក សៅ សារិទ្ធ បាន​​​លើក​​​ឡើង​​​ថា “ពេល​​​យើង​​​សាក​​​សួរ​​​លោក ឃឿន រួច យើ​ង​​​បាន​​​ចុះ​​​ទៅ​​​ឃាត់​​​ខ្លួន​​​ស្ត្រី​​​ឈ្មោះ ណាន់ ដល់​​​កន្លែង​​​ធ្វើ​​​ការ​​​ [ពីព្រោះ]​​​ វា​​​អាច​​​ជា​​​ករណី​​​ស្នេហា​​​ត្រី​​​កោណ​​​។លោក  ឃឿន និយាយ​​​ថា គាត់​​​បាន​​​ដេក​​​ជា​​​មួយ​​​ជន​​​រងគ្រោះ​​​នៅ​​​ផ្ទះ​​​របស់​​​នាង​​​”។

មាស វណ្ណី ដែល​​​​​​ភ្នែក​​​​​​របស់​​​​​​​​​នាង​​​មើល​​​​​លែង​​​ឃើញ​​​ដោយ​​​សារ​​​តែ​​​របួស​​​ និង​​​ការ​​​រលាក​​មុខ និង​​​រាង​​​កាយ​​​ បាន​​​និយាយ​​​ពី​​​លើ​​​គ្រែ​​​របស់​​​នាង​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ថា ដំបូង​​​​​នាង​​​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ទេ​​​ ប៉ុន្តែ ​​​​​ក្រោយ​​​មក​​​បាន​​​​​​ដឹង​​​ពី​​​ការ​​​ចាប់ខ្លួន​​​នេះ​​​។

នាង​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​អ្វី​​​ទាំង​​​អស់​​​ ​​គ្រាន់​​​តែ​​​​​​មាន​​​ស្ត្រី​​​ម្នាក់​​មក​​​សួរ​​​សំណួរ​​​​​​ខ្ញុំ​​​មួយ​​​ចំនួន រួច​​​​​​ក៏​​​​​​ត្រឡប់​​​ទៅ​​​វិញ​​​ ហើយ​​​ក៏​​​ជះ​​​ទឹក​​​អាស៊ីតលើ​​​ខ្ញុំ​​​​​​​​​​​​តែ​​​ម្តង។ ខ្ញុំ​​​បាន​​​ស្គាល់​​​បុរស​​​ម្នាក់​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​ហើយ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​មាន​​​ប្រពន្ធ​​​ ឬ​​​អត់​​​​​​ទេ​​​”។

មាស រតនៈ បង​​​ស្រី​​​របស់​​​ជន​​​រង​​​គ្រោះ​​​ដែល​​​បាន​​​ឃើញ​​​ប្អូនស្រី​​​បង្កើត​​​របស់​​​​​ខ្លួន​​​​​​ស្រែក​​​ដោយ​​​ការ​​​ឈឺចាប់​​​ បាន​​​និយាយ​​​ថា នាង​​​សង្ស័យ​​​ថា វា​​​ជា​​​ស្នាដៃ​​​របស់​​​ប្រពន្ធ​​​ដែល​​​ប្រច័ណ្ឌ​​​ម្នាក់​​​នោះ។ នាង​​​និយាយ​​​​​​ទៀត​​​ថា “ខ្ញុំ​​​ធ្វើ​​​ការ​​​នៅ​​​ព្រឹក​​​នេះ ហើយ​​​ខ្ញុំ​​​បាន​​​ឮ​​​នាង​​​ស្រែក​​​ឲ្យ​​​ជួយ​​​។
ពេល​​​នេះ​​​ខ្ញុំ​​កើត​​​ទុក្ខ​​​​​​ណាស់​​​ ​​​ខ្ញុំគិត​​​ថាជន​​​សង្ស័យ​​​ធ្វើ​​​​​បែប​​​នេះ​​​ដោយសារ​​​តែ​​​ស្នេហា​​​ត្រីកោណ​​​”។ នាង​​​បាន​​​បន្ត​​​ថា លោក ជុន ឃឿន បាន​​​ប្រាប់​​​​​​ប្អូន​​​ស្រី​​​របស់​​​​​​នាង​​​ថា រូប​​​គេ​​​ស្រឡាញ់​​​នាង​​​ ហើយ​​​ថា រូប​​​គេ​​​បាន​​​លេង​​​លះ​​​ប្រពន្ធ​​​ហើយ​​​។

កាល​​​ពី​​​ខែ​​​មករា ឆ្នាំ​​​២០១២​​​ រដ្ឋាភិបាល​​​បាន​​​អនុម័ត​​​ច្បាប់​​​មួយ​​​ស្តី​​​ពី​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត ហើយ​​​​​ក្រោយ​​​មកក៏​​​ចេញ​​​​​​អនុក្រឹត្យ​​​មួយ​​​​​ដើម្បី​​​​​​គ្រប់​​គ្រង​​​ការ​​​លក់​​​អាស៊ីត​​​នៅ​​​​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ក្រោយមក​​។

អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​​​​ដោយសារ​​​អាស៊ីត ដែល​​​​​​​​​ផ្តល់​​​សេវា​​​ជា​​​ច្រើន​​​​​​​​​​រួម​​​មាន​​​ការ​​​ពិគ្រោះ​​​យោបល់​​​ ការ​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​ និង​​​ការ​​​វះកាត់​​​​​​​​កែ​​​លម្អ​​​លើ​​​រង​​​គ្រោះ​​​ បាន​​​​​​កាត់​​​បន្ថយ​​​ប្រតិបត្តិការ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​​មុន បន្ទាប់​​​ពី​​​សង្កេត​​​ឃើញ​​​ចំនួន​​​នៃ​​​ការជះ​​​ទឹក​​​អាស៊ីត​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់។

លោក អំ សំអាត ប្រធាន​​​​​​ផ្នែក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​សើុបអង្កេត​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​ការ​​​ជះ​​​ទឹក​​​​​​អាស៊ីត​​​កាល​​​ពីថ្ងៃ​​​សុក្រ គឺ​​​ជា​​​ករណី​​​ទី១​​​ដែល​​​​​​ត្រូវ​​​បាន​​​កត់​​​ត្រា​​​នៅ​​​ឆ្នាំ​​នេះ​​​ ហើយ​​​ថា វា​​​បាន​​​បង្ហាញ​​​សារៈសំខាន់​​​​​​នៃការ​​​អនុ​​​វត្ត​​​​​​​​​ច្បាប់ស្តី​​​ពី​​​អាស៊ីត។

លោក​​​បាន​​​បន្ថែម​​​ថា “អាជ្ញាធរ​​​គួរ​​​តែ​​​រឹត​​​បន្តឹង​​​បន្ថែម​​​ទៀត​​​ចំពោះ​​​អ្នក​​​លក់​​​អាស៊ីត បើសិន​​​ពួកគេ​​​ទាម​​​ទារ​​​ ពេល​​​នោះ​​​អ្នក​​​លក់​​​នឹង​​​ធ្វើ​​​តាម​​​”៕សុខុម​​​

​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស