32 C
Phnom Penh

សមាជិក​​​សភា​​​ម្នាក់​​​​​​បញ្ជា​​​ឲ្យ​​​លុប​​​រូប​​​ថត​​​និង​​​រូប​​​វីដេអូ​​ស្តី​​​ពី​​​ការ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល ​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​​​ភូមិ​នៅ​តំបន់​ជ្រលង​អារ៉ែង​ ខេត្ត​កោះកុង ជា​កន្លែង​នៃ​គម្រោង​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​ដែល​ជំទាស់​ដោយ​អ្នក​​​ភូមិ​​​ជនជាតិ​ដើម​​​ភាគ​តិច​ក្នុង​មូលដ្ឋាន​នោះ បាន​លើក​ឡើង​ថា នគ​របាល​បាន​លុប​រូប​ថត​ និង​រូបភាព​វីដេអូ​ស្តី​​​ពី​​​ការ​​​ចុះទៅ​​​ពិនិត្យមើល​​​របស់​​លោក អយ ខន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ដើម្បី​លើក​​កម្ពស់​​​​​​​ផល​​​ប្រយោ​​​ជន៍​​​​របស់​គម្រោង​នេះ​។

ប្រសិន​បើ​ត្រូវ​បាន​អនុម័ត ទំនប់​វារី​​​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​នឹង​ជន់​លិច​​​ផ្ទៃ​ដី​ទំហំ​១០.០០០​ហិក​​​តា​នៃ​ជ្រលង​នេះ បង្ខំ​ឲ្យ​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ជង​ជាង​៣០០​គ្រួសារ​ ចាក​ចេញពី​ដី​ដូន​តា​របស់​ខ្លួន និង​បំផ្លាញ​ជម្រក​សត្វ​ដែល​រង​ការ​គំរាម​កំហែង និ​ង​ជិត​ផុតពូជ​​ប្រហែល​​​​៣០​ប្រភេទ។

រដ្ឋាភិបាល​លើក​ឡើង​ថា ខ្លួន​នឹង​មិន​អនុម័ត​​គម្រោង​នេះ​មុន​ឆ្នាំ​២០១៨​ទេ ហើយ​នឹង​អនុ​​​ម័ត​ប្រសិន​បើ​​បាន​បញ្ចប់​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​រួច​រាល់ ប៉ុន្តែ​ក្រុម​មន្ត្រី​ទាំង​នោះ​បាន​ចាប់​ផ្ដើម​បញ្ចុះ​បញ្ចូល​អ្នក​ភូមិ​​​ឲ្យ​​​​គាំទ្រ​រួច​​​​​​ហើយ​។

លោក ហឹង ពៅ អ្នក​​​ភូមិ​​​ជនជាតិ​ដើម​​​ភាគ​តិច​ជង​បាន​និយាយ​ថា លោក​ អយ ខន ​តំណាង​រាស្ត្រ​​​មណ្ឌល​កោះ​​​កុង​បាន​ចុះ​ទៅ​មើល​តំបន់​ជ្រលង​នេះ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​ទាហាន នគរ​បាល​ និង​កង​រាជ​​​អាវុធ​ហត្ថ​ប្រហែល​២០​នាក់។

ប៉ុន្តែ​នៅ​ពេល​លោក អយ ខន ឡើង​​​និយាយ​នោះ សមាជិក​សភា​រូប​នេះ​បាន​បញ្ជា​ឲ្យ​កម្លាំង​សន្តិសុខ​​របស់​លោក​ដក​​​យក​ទូរស័ព្ទ​របស់​លោក ហឹង ពៅ រួម​ទាំង​ទូរស័ព្ទ​និង​កាមេរា៉​របស់​មនុស្ស​បួន​នាក់​ទៀត​។

លោក​បាន​និយាយ​ថា ទូរស័ព្ទ​ និង​កាមេរ៉ា​នោះ​​​ត្រូវ​បាន​ប្រគល់​ឲ្យ​វិញ​បន្ទាប់ពី​រូប​ថត​ និង​រូប​ភាព​វីដេអូ​នៃ​ការ​ប្រជុំ​នោះ​ត្រូវ​បាន​លុប​ចោល​។

លោក ហឹង ពៅ ជា​សមាជិក​ម្នាក់​របស់​អង្គការ​មាតា​ធម្មជាតិ ជា​​​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ជំទាស់​ទៅ​នឹង​គម្រោង​នេះ​បាន​និយាយ​ថា “ខ្ញុំ​មាន​វត្តមាន​នៅ​វេទិកា​នោះ នៅ​​​ពេល​​​នោះ​​​​លោក​បាន​បញ្ជា​ឲ្យ​នគរ​បាល​ដក​ហូត​ទូរស័ព្ទ​ដៃ​ប្រាំ​​​គ្រឿង”។

លោក​បាន​បន្ថែម​ថា “អ្វី​ដែល​លោក អយ ខន បាន​លើក​ឡើង​នោះ គឺ​លម្អៀង​ ពីព្រោះ​លោក​បាន​ពន្យល់​ថា ប្រសិន​បើ​ការ​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​នេះ​ត្រូវ​បាន​អនុញ្ញាត​ នឹង​មាន​ផល​ប្រយោជន៍​ជា​ច្រើន​ដូច​ជា ថាមពល​អគ្គិសនី ទឹក​ស្អាត និង​ត្រី​កាន់​តែ​ច្រើន។ ប៉ុន្តែ​តើ​ត្រី​ទាំង​នោះ​មក​ពីណា ប្រសិន​​​បើ​ទំនប់​នេះ​ត្រូវ​បាន​សាង​សង់​នោះ?”។

លោក គឹម រី សមាជិក​អង្គការ​មាតា​​​ធម្មជាតិ​បាន​និយាយ​ថា លោក​ត្រូវ​បាន​ដក​ហូត​យក​ទូរស័ព្ទ​ដែរ ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​វិញ​នៅ​​​ពេល​រូប​ថត​ដែល​​​លោក​ថត​ពី​ព្រឹត្តិការណ៍​នោះ​ត្រូវ​បាន​​​លុប​ចោល។

លោក​បាន​​​និយាយ​ថា “លោក អយ ខន បាន​ពន្យល់​ថា រូប​ថត​របស់​គាត់​​​​នឹង​ត្រូវ​ប្រើ​ប្រាស់​តំណាង​មិន​ត្រឹម​ត្រូវ​ពី​​​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ថា ប្រជាជន​នឹង​​​និយាយ​ពី​​​បញ្ហា​បញ្ហា​​​នោះ​ជា​ដើម​ បន្ទាប់ពី​ពួក​​​គេ​​​បាន​ឮ​សំឡេង​របស់​គាត់​​​​។ ខ្ញុំ​គិត​ថា សិទ្ធិ​របស់​ប្រជាជន​ត្រូវ​បាន​រំលោភ។

ទាំង​លោក អយ ខន និង​មន្ត្រី​ស្រុក​ថ្មបាំង​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ​។ លោក សុខ ឦសាន អ្នក​នាំ​​​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ហេតុការណ៍​នោះ​ទេ ពីព្រោះ​លោក​មិន​មាន​វត្ត​មាន​នៅ​​​ទី​​​នោះ ហើយ​មិន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ឡើយ​។

កាល​​​ពី​ខែ​មុន រដ្ឋាភិបាល​បាន​និរទេស​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីតសុន សហ​ស្ថាបនិក​អង្គ​​​ការ​មាតា​​​ធម្មជាតិ បន្ទាប់ពី​​​បាន​បដិសេធ​មិន​បន្ត​ទិដ្ឋាការ​ដល់​ជនជាតិ​អេ​​​ស្បា៉ញ​រូប​នេះ។

រដ្ឋាភិបាល​បាន​លើកឡើង​ថា ខ្លួន​មិន​បន្ត​ទិដ្ឋាការ​​ដោយ​សារ​តែ​ការ​បិទ​ផ្លូវ​ខុស​ច្បាប់​​របស់​សកម្មជន​និយាយ​ឥត​សំចៃ​​​រូប​នេះ​ទៅ​កាន់​ជ្រលង​អារ៉ែង ដោយ​សង្ឃឹម​ថា នឹង​រារាំង​ក្រុម​ហ៊ុន​ចិន Sinohydro Resources ដែល​ជួយ​សាង​សង់​ទំនប់​វារី​​​អគ្គិសនី​នេះ។ លោក ហ្គន់ហ្សាឡេស ដាវីត​សុន និង​អ្នក​គាំទ្រ​របស់​លោក​លើក​ឡើង​ថា រដ្ឋាភិបាល​ចង់​ឲ្យ​គាត់​ចាក​ចេញ​ ដើម្បី​ដំណើរ​ការ​គម្រោង​នេះ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស