27 C
Phnom Penh

រដ្ឋាភិបាល​ដោះលែង​ស្ត្រី​ចំនួន​២២​នាក់ពីពន្ធនាគារ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ធ្វើ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​បាន​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​កាលពី​ម្សិលមិញ ដោយ​ដោះលែង​ស្ត្រី​មានផ្ទៃ​ពោះ​ឬ​មាន​កូន​ជាប់​ពន្ធនាគារ​ជាមួយសរុប​​ចំនួន​២២​នាក់ រួមទាំង​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ផ្ដន្ទាទោសពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ជុំវិញ​ការ​ជះទឹក​អាស៊ីត​ផង​ដែរ​។cam-photo-prisoners

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​បន្ទាប់ពី​មាន​ការ​ដោះ​លែង​ស្ត្រី​ចំនួន​ប្រាំពីរ​នាក់​​​ពី​មណ្ឌល​អប់រំ​កែប្រែទី២ នៅ​ពន្ធនាគារ​ព្រៃស​ ក្នុង​រាជធានី​ភ្នំពេញ ថា អ្នក​ទោស​ចំនួន​២២​នាក់​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ការ​លើក​លែង​ទោស​ បន្ទាប់ពី​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន​។

លោក​ សន្តិភាព បានមាន​ប្រសាសន៍​ថា “យើង​ដោះលែង​ពួកគេ​ [នៅ​ក្នុង​ថ្ងៃ​នេះ] ដើម្បី​ភ្ជាប់​ការ​ដោះលែង​នេះ​ទៅ​នឹង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​”។

លោក​បាន​បន្ថែម​ថា បន្ថែមពី​លើ​ស្ត្រី​ចំនួន​ប្រាំពីរ​នាក់​ដែល​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ស្ត្រី​ជាប់ពន្ធនាគារ​ដែល​នៅ​សេសសល់​គឺ​ត្រូវ​បាន​ដោះលែង​​ពី​ពន្ធនាគារ​នៅ​​​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង ព្រះសីហនុ សៀមរាប កោះកុង និង​ខេត្ត​ឧត្ដរមានជ័យ។

យោង​តាម​​​​មន្ត្រី​នគរ​បាល​ដែល​និយាយ​អំឡុង​ពិធីដោះលែង​នៅ​ពន្ធនាគារ​ព្រៃស​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ទាំង​ប្រាំពីរ​នាក់​េនះ​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​​ជួញដូរ​គ្រឿង​ញៀន អំពើ​ចោរកម្ម​ដែល​មាន​ស្ថានទម្ងន់ទោស​ ឬ​ពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​។

មន្ត្រី​នគរ​បាល​បាន​​ឲ្យ​ដឹង​ទៀត​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ឈ្មោះ ឃិន ម៉ាលីន ​អាយុ​៣៤​ឆ្នាំ ​ក្នុង​ចំណោម​ស្ត្រី​ដែល​ត្រូវ​ដោះលែង​ទាំង​នេះ​កាលពី​ឆ្នាំ​២០១១ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៤​ឆ្នាំ​ពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​។

ក្មួយប្រុស​​របស់​អ្នកស្រី ម៉ាលីន ឈ្មោះ ម៉ែន ដារា៉រិទ្ធ អាយុ​២២​ឆ្នាំ បាន​លើកឡើង​ថា ​តុលាការ​បាន​ផ្ដន្ទាទោស​គាត់​ពីបទ​ជួល​ភាគី​ទី៣​ឲ្យ​ជះទឹក​អាស៊ីត​លើ​ស្ត្រី​ម្នាក់​ផ្សេងទៀត។ ដារ៉ារិទ្ធ បាន​បន្ថែម​ថា នៅ​ពេល​អ្នកស្រី​ ម៉ាលីន ត្រូវ​បាន​ផ្ដន្ទាទោស​ គាត់​មាន​ទារក​អាយុ​១ខែ​ម្នាក់​ដែល​ត្រូវ​បញ្ជូន​ទៅពន្ធនាគារ​ជាមួយ​។ ក្រោយ​ពិធី​ដោះលែង​ អ្នកស្រី ម៉ាលីន បាន​លើក​ឡើង​ថា ខ្លួន​រីក​រាយ​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​ដោះលែង​វិញ​។

អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​សន្យា​ឈប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទៀត​ហើយ ព្រោះ​ខ្ញុំ​មិន​ចង់​ទុក​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ម្ដង​ទៀត​ឡើយ​។ ខ្ញុំ​នឹង​ទទួល​បាន​ជីវិត​ថ្មី​ក្នុង​ពេ​ឆាប់ៗ”។

អំឡុង​សុន្ទរកថា​កាលពី​ម្សិលមិញ ដើម្បី​រំឭក​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​​បាន​សម្រេច​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​ស្ត្រី​ទាំង​នេះ ដោយ​សារ​តែ​ក្នុង​ពេល​ថ្មីៗ​នេះ​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​​បាន​ចេញ​របាយការណ៍​មួយ​​រៀបរាប់​អំពី​ស្ថានភាព​លំបាក​របស់​ក្មេង​តូចៗ​ដែល​ជាប់ពន្ធនាគារ​ជាមួយ​ម្ដាយ​។ តែ​ទោះជាយ៉ាង​ណា ​​លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ដោះលែង​នេះ​​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​​ផ្សេងៗ​ទៀត​ចាប់​ផ្ដើម​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ឡើយ​។

លោក​​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “យើង​​ចង់​បញ្ជាក់​ថា យើង​មិន​មែន​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ដែល​មាន​កូន​ និង​មាន​ផ្ទៃ​ពោះ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​នោះឡើយ។ ខ្ញុំ​សូម​​អំពាវ​នាវ​ដល់​ស្ត្រី​​ផ្សេងៗ​ទៀត​ថា សូមកុំ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​​”៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ ឆន ចាន់ស៊ី​)​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស