ក្មួយប្រុសរបស់ជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមបានឲ្យដឹងកាលពីថ្ងៃសុក្រថា លោក មាស មុត ជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានព្យាបាលទាំងក្នុងរាជធានីភ្នំពេញ និងប្រទេសថៃកាលពីសប្ដាហ៍មុន ដោយសារជំងឺទឹកនោមផ្អែម និងបេះដូង។
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹករបស់ខ្មែរក្រហម ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឧក្រិដ្ឋកម្មសង្គ្រាម និងពីបទប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិកាលពីសប្ដាហ៍មុន ហើយក្មួយប្រុសរបស់គាត់បានលើកឡើងថា ដោយសារតែមានការចោទប្រកាន់ពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបែបនេះ ទើបធ្វើឲ្យសុខភាពរបស់ឪពុកមាខ្លួនធ្លាក់ដុនដាបកាន់តែធ្ងន់ធ្ងរ។
លោក សួន ប៊ុនធឿន ដែលរស់នៅជាមួយឪពុកមារបស់ខ្លួនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បាននិយាយថា ” ឥឡូវនេះគាត់កំពុងឈឺ គាត់មានជំងឺបេះដូង និងទឹកនោមផ្អែម ព្រមទាំងជំងឺផ្សេងៗទៀត”។
លោក ប៊ុនធឿន បានលើកឡើងទៀតថា លោក មាស មុត ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គ្រប់គ្រងដោយជនជាតិថៃកាលពីសប្ដាហ៍មុន ហើយបន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងខេត្តត្រាត ប្រទេសថៃចំនួនបីថ្ងៃបន្ថែមទៀតមុនពេលបញ្ជូនត្រឡប់មកស្រុកសំឡូតវិញ។
លោកបាននិយាយបន្ថែមទៀតថា “កាលពីពីរបីថ្ងៃកន្លងមកនេះ គាត់បានទៅព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយឥឡូវនេះគាត់ទើបតែត្រឡប់មកពីខេត្តត្រាតវិញ។ ពីរបីថ្ងៃកន្លងមកនេះគាត់មានសុខភាពល្អប្រសើរទេ ប៉ុន្តែនៅក្នុងថ្ងៃនេះគាត់លាប់ជំងឺចាស់មកវិញ ដោយសារតែបញ្ហា [ចោទប្រកាន់នេះ]”៕ ស៊ុយឈាង