31.8 C
Phnom Penh

អ្នកថតរូប​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​តាម​​​ការ​​​បញ្ជា​​​របស់​​​មន្ត្រី​​​នគរ​​​បាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាល​​​ពី​ម្សិលមិញ​ថា អ្នក​ថត​រូប​​ឲ្យ​ទូរទស្សន៍​ជាតិ​​​កម្ពុជា​​​ម្នាក់​​​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃសៅរ៍ តាម​​​ការ​​​​បញ្ជា​ផ្ទាល់​​របស់​លោក ម៉ក់​ ជីតូ អគ្គ​​​ស្នង​ការ​រង​នគរ​បាល​ជាតិ​ ពី​​​បទ​ប្រើ​ប្រាស់​ស្លាក​លេខ​នគរ​បាល​​ក្លែង​ក្លាយ និង​មាន​ឯក​សណ្ឋាន​​​នគរ​បាល​ និង​កាំភ្លើង​ខ្លី​ខុស​ច្បាប់។

យោង​តាម​លោក ស៊ឹម សារិន អធិការ​រង​នគរ​បាល​ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​ថត​រូប​​​ឈ្មោះ​ថា អូន ភាព បាន​បើក​រថយន្ត​កាត់​រថយន្ត​របស់​ឧត្ដមសេនីយ៍​ឯក ម៉ក់ ជីតូ នៅ​កំពង់​ចម្លង​អ្នក​លឿង ក្នុង​ខេត្ត​កណ្ដាល។

លោក សារិន បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួនលោក អូន ភាព តាម​បញ្ជា​របស់​លោក ម៉ក់ ជីតូ អគ្គ​​​ស្នង​ការ​រង​នគរ​បាល​ជាតិ បន្ទាប់ពី​ឧត្ដម​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​ឃើញ​រថយន្ត​កាមរី​ពណ៌ខ្មៅ​នេះ​មាន​​ស្លាក​លេខ​នគរ​បាល​ក្លែង​ក្លាយ ខណៈ​រថយន្ត​របស់​ឧត្ដម​សេនីយ៍​រូប​នេះ​បើក​មក​ពី​ខេត្ត​​​ព្រៃវែង​ឆ្លង​ស្រឡាង​អ្នក​លឿង”។

លោក សារិន បាន​ពន្យល់​ថា ឧត្ដម​សេនីយ៍​​​ឯក ម៉ក់ ជីតូ មានការ​​​ចាប់​អារម្មណ៍​លើ​ស្លាក​លេខ​រថយន្ត​របស់​លោក អូន ភាព ដែល​មាន​លេខ​ “២-៧២៧២”។

បន្ទាប់ពី​កត់​សម្គាល់​ឃើញ​រថយន្ត​នោះ លោក​បាន​ទូរស័ព្ទ​ទៅនគរ​បាល​មូលដ្ឋាន​ខេត្ត​កណ្ដាល ហើយ​បាន​សុំ​ឲ្យ​ពួកគេ​ឃាត់​រថយន្ត​នេះ ដើម្បី​ពិនិត្យ​ថា តើ​ស្លាក​លេខ​នេះ​ពិត​ឬ​​​យ៉ាង​​ណា​​​។

យោង​តាម​លោក អុីវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នគរ​បាល​ឃាត់​រថយន្ត​លោក អូន ភាព ពួកគេ​បាន​រក​ឃើញ​ថា គាត់​មាន​ឯក​សណ្ឋាន​នគរ​បាល និង​កាំភ្លើង​ខ្លី​ខុស​ច្បាប់ ហើយ​មិន​បាន​បង់ពន្ធ​​នៅ​ពេល​គាត់​នាំ​ចូល​រថយន្ត​របស់​ខ្លួន​។

លោក ចំរើន បាន​មាន​ប្រសាសន៍​ថា “លោក អូន ភាព ត្រូវ​បាន​ចោទ​ប្រកាន់​​​ពី​បទ​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី ឯក​សណ្ឋាន​នគរ​បាល​ដែល​មាន​ឋានន្តរ​​​ស័ក្ដិ​ជា​អនុសេនីយ៍ឯក និង​ស្លាក​លេខ​នគរ​បាល ហើយ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​​បទ​ប្រើ​ប្រាស់​រថយន្ត​ដោយ​មិន​បាន​បង់​ពន្ធ​ផង​ដែរ ហើយ​គាត់​នឹង​ត្រូវ​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល​នៅ​ថ្ងៃ​ស្អែក”។

លោក ជ័យ សៅ​​​ភា នាយក​រង​​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា លោក អូន ភាព ​បាន​បម្រើ​ការ​ងារ​នៅ​​ស្ថានីយ​​​ទូរទស្សន៍​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​ថត​រូប​រូប​នេះ គឺ​ជា​អតីត​មន្ត្រី​​នៅ​នាយកដ្ឋាន​នគរ​បាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាន​ក្រសួង​មហា​​​ផ្ទៃ​លុប​​ចេញ​​​ពី​បញ្ជី​បើក​ប្រាក់​ខែ​ពីរ​ឆ្នាំ​មក​ហើយ​។ លោក សៅភា បាន​​​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​លោក អូន ភាព បាន​ប្រព្រឹត្ត​​សកម្ម​​​ភាព​ខុសច្បាប់​ទាំង​អស់​នេះ​មែន គាត់​ត្រូវ​​​ទទួល​ខុស​ត្រូវ​ចំពោះ​​​មុខ​ច្បាប់​”៕ សារុន​ ​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស