27 C
Phnom Penh

អតីត​កម្មករ​រោងចក្រ​កាត់​ដេរ​​នាំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​​របស់​ស៊ីខៅឌូ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អតីត​កម្មករ​រោងចក្រ​កាត់​ដេរ​​ប្រហែល​២៥​នាក់ នៅ​រោងចក្រ​កាត់​ដេរ​ ចាង សឹង ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​​អគ្គិភ័យ​ឆេះ​បំផ្លាញ​កាលពី​ឆ្នាំ​មុន បាន​នាំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ) ដែល​ពួកគេ​​ចោទ​ប្រកាន់​ថា បាន​រក្សា​ទុក​កញ្ចប់​​ប្រាក់​អតីត​ភាព​ការ​ងារ​ ដែល​សហជីព​នេះ​បាន​ជំពាក់​កម្មករ​ប្រហែល​១៨០​នាក់។

ចាប់​តាំង​ពី​អគ្គិភ័យ​ដ៏ខ្លាំង​ក្លា​បាន​ឆាប​ឆេះ​​រោងចក្រ​​​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន​នេះ កាលពី​ខែ​កក្កដា​​ ដែល​បណ្ដាល​ឲ្យ​អ្នក​គ្រប់​គ្រង​ជនជាតិ​ចិន​ម្នាក់បាន​​បាត់​បង់ជីវិតរួច​ អតីត​កម្មករ​នៅ​រោងចក្រ​នេះ​​​បាន​នាំគ្នា​ធ្វើ​ការ​​​តវា៉​​​ជា​បន្ត​បន្ទាប់ដើម្បី​ទាមទារ​ប្រាក់​អតីត​ភាព​ការ​ងាររបស់​ខ្លួន។

លោក សន ប្រាក់ អគ្គលេខាធិការសហព័ន្ធ​សហជីព​កម្មករ ​ដែល​ដឹកនាំ​ការ​តវ៉ា​កាលពី​ម្សិលមិញ បាន​លើក​ឡើង​ថា ​ការ​តវ៉ា​ចុង​ក្រោយ​​​ត្រូវ​បាន​ធ្វើ​ឡើង​​កាលពី​ខែ​តុលា នៅ​ខាង​ក្រៅ​រោងចក្រ​ ដែល​ស្ថិត​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ​នេះ ​នៅ​ពេល​អ្នក​តវ៉ា​​បាន​ផ្ដិត​មេដៃ​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដែល​មាន​ស៊ីខៅឌូ ជាអ្នក​សម្របសម្រួល។

លោក សន ប្រាក់ បាន​លើក​ឡើង​ទៀត​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​ឈ្មោះ​កម្មករ​ដែល​ត្រូវ​ផ្ដល់​​​ឲ្យ​នូវ​ប្រាក់​អតីត​ភាព​ការ​ងារ​ចំនួន​៥០​ដុល្លារ និង​ប្រាក់​ខែ​ចុង​ក្រោយ​របស់ពួកគេ​គិត​ជា​ទឹក​ប្រាក់​សរុប​១៥០ដុល្លារ​។

លោក​បាន​បន្ថែម​ថា រោងចក្រ​ក៏​បាន​ឲ្យ​ស៊ីខៅឌូ​ ធ្វើ​ជា​តំណាង​យក​ប្រាក់​ទៅ​បើក​ឲ្យ​កម្មករ​ជាង​៦០០​នាក់ ដែល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ ចាង សឹង​​ នេះ​ផង​ដែរ​ ប៉ុន្តែ​ស៊ីខៅឌូ​នៅ​មិន​ទាន់​បើក​ប្រាក់​ចំនួន​១៥០​ដុល្លារ​ទៅ​ឲ្យ​កម្មករ​ប្រហែល​១៨០​នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​អស់​នេះ​នៅ​ឡើយ​ទេ។

លោក សន ប្រាក់ បានមាន​ប្រសាសន៍​ថា “ស៊ីខៅឌូ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បើក​ប្រាក់​នេះ ព្រោះ​​ពួកគេ​បាន​ទទួល​ប្រាក់​ពី​ម្ចាស់​រោងចក្រ​ដើម្បី​បើក​ឲ្យ​កម្មករ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​បាន​ទៅ​ក្រសួង​ការ​ងារ ហើយ​ស្នើ​ឲ្យ​ពួកគេ​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បើក​ប្រាក់​នេះ ប៉ុន្តែ​ពួកគេ​បាន​ប្រាប់​យើង​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រាក់​នេះ​ឡើយ​”។

លោក អាត់ ធន់ ប្រធាន​ស៊ីខៅឌូ​ បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា កម្មករ​ប្រហែល​១៨០​នាក់​ដែល​មិន​ទទួល​បាន​ប្រាក់​ចំនួន​១៥០​ដុល្លារ​ គឺ​គ្មាន​ឈ្មោះ​ដើម្បី​បើក​ប្រាក់​ទាំង​នេះ​ឡើយ ព្រោះ​ពួកគេ​មិន​បាន​ផ្ដិត​មេដៃ​លើ​កិច្ច​ព្រមព្រៀង​កាលពី​ខែ​តុលានោះ​ឡើយ។

លោក អាត់ ធន់ បាន​មាន​ប្រសាសន៍​ដោយ​បដិសេធ​​មិន​ពន្យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក​មិន​ខិត​ខំបន្ថែម​​ទៀត​ ដើម្បី​បើក​ប្រាក់​​ឲ្យ​​បាន​ពេញ​លេញ​ដល់​កម្មករ​ដែល​នៅ​សេស​សល់​​​ថា “យើង​អាច​បើក​ប្រាក់​​ឲ្យ​កម្មករ​ដែល​នៅ​សេសសល់​ត្រឹម​តែ​២០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ពួកគេ​អាច​មក​យក​ពេល​ណា​ក៏បាន​ក្នុង​រយៈពេល​បី​ឆ្នាំ​”។

កម្មការិនីឈ្មោះ វ៉េង ហឿន អាយុ​២៦​ឆ្នាំ ដែល​បាន​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​ស៊ីខៅឌូ​កាលពី​ម្សិលមិញ បាន​​លើក​ឡើង​ថា ​គាត់​​បាន​​ធ្វើ​ការ​ងារ​នៅ​រោងចក្រ​ ចាង សឹង​ អស់​រយៈពេល​៧​ឆ្នាំ​ ហើយគាត់​​រំពឹង​​ថា ស៊ីខៅឌូ​នឹង​ផ្ដល់​ប្រាក់​អតីត​ភាព​ការ​​ងារ​ទាំង​នេះ​ឲ្យ​គាត់។

កម្មការិនី​​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​នឹង​បន្ត​ការ​តវ៉ា​រៀង​រាល់​ថ្ងៃ​អាទិត្យ​ ដើម្បី​​ទាមទារ​ប្រាក់​របស់​ខ្ញុំរហូត​ទាល់​តែ​ស៊ីខៅឌូ​រក​ដំណោះ​ស្រាយ​ឲ្យ​ខ្ញុំ។ ខ្ញុំ​មិន​បាន​ចោទ​ប្រកាន់​លោក អាត់ ធន់ ពីបទ​​កេងប្រវ័ញ្ច​កម្មករ​នោះឡើយ ប៉ុន្តែ​ខ្ញុំ​​កំពុង​ជួប​បញ្ហា​លំបាក​ ហើយ​យើង​បាន​ទុក​ពេល​ឲ្យ​គាត់ជាច្រើន​ខែ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​កម្មករ ប៉ុន្តែ​គាត់​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​តវ៉ា​របស់​យើង​”៕ ស៊ុយឈាង​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស