30.1 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​សិក្ខាសាលា​ស្តីពី​ច្បាប់​បោះ​ឆ្នោត​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​មាន​ផែនការ​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​សិក្ខា​សាលា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្នុង​ការ​ពិភាក្សា​ច្បាប់​បោះ​ឆ្នោត​ថ្មី ដោយ​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់ ហើយ​ថា​ពួកគេ​មិន​ចង់​ផ្តល់​ឲ្យ​ព្រឹត្តិការណ៍​នេះ​នូវ​​ភាព​ត្រឹមត្រូវ​តាម​ច្បាប់។

បន្ថែម​ទៅ​នឹង​កង្វល់​ទាក់ទិន​នឹង​កង្វះ​ពេល​វេលា​ពិគ្រោះ​យោបល់​នេះ លោក គុល បញ្ញា នាយក​ប្រតិបត្ត​ិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោ​ះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល) បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ច្បាប់​ថ្មី​នេះ​មាន​ខ​ជាច្រើន​ដែល​នឹង​កាត់​បន្ថយ​លក្ខណៈ​សម្បត្តិ​នៃ​ការ​បោះ​ឆ្នោត​នៅ​ពេល​អនាគត និង​ផ្តល់​ឲ្យ​ក្រុម​មន្ត្រី​នូវ​អំណាច​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ដើម្បី​ដក​សិទ្ធិ​គណបក្ស​នានា​មិន​ឲ្យ​ចូលរួម​បោះ​ឆ្នោត ហើយ​និង​ដាក់​ពិន័យ​អ្នក​សង្កេត​ការណ៍​ផ្លូវការ។

លោក ប៊ិន ឈិន ឧបនាយក​រដ្ឋមន្ត្រី និង​លោក គុយ ប៊ុនរឿន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​រៀបចំ​ធ្វើ “សិក្ខា​សាលា​ពិគ្រោះ​យោបល់”​មួយ​ នៅ​សភា​ជាតិ នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ពិភាក្សា​អំពី​ច្បាប់​ថ្មី​នេះ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ប៉ុន្តែ​អង្គការ​ជាច្រើន​និយាយ​ថា ពួកគេ​ខក​ចិត្ត ដែល​គណបក្ស​មិន​បាន​​ផ្តល់​ច្បាប់​ចម្លង​ឲ្យ​ពួកគេ​រហូត​ទាល់តែ​ថ្ងៃ​សៅរ៍​ទើប​ផ្តល់​ឲ្យ ហើយ​ឲ្យ​ពួកគេ​មាន​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ពិនិត្យ​ខ្លឹមសារ។

ប្រធាន​អង្គការ​អាដហុក លោក ធន់ សារ៉ាយ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា “ក្នុង​កិច្ច​ប្រជុំ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មកពី​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោត និង អង្គការ​វេទិកា​អង្គការ​ក្រៅ​រដ្ឋាភិបាល កាលពី​ថ្ងៃ​សុក្រ អង្គការ​ភាគ​ច្រើន​បំផុត​បាន​សម្រេច​មិន​ទៅ​ចូល​រួម​ទេ។ មិន​មាន​ពេល​ពិភាក្សា​គ្នា ហើយ​ពួកគេ​មិន​បាន​ផ្តល់​សេចក្តី​ព្រាង​ច្បាប់ រហូត​ទាល់តែ​ថ្ងៃ​សៅរ៍​ទើប​ផ្តល់​ឲ្យ”។ អង្គការ​ដែល​នឹង​ធ្វើ​ពហិការ​រួម​មាន​អង្គការ​ខុមហ្វ្រែល អង្គការ​អាដហុក អង្គការ​តម្លា​ភាព​កម្ពុជា និង​គណៈ​កម្មាធិការ​អព្យាក្រិត្យ​និង​មិន​លម្អៀង​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា សភា​នឹង​បោះ​ឆ្នោត​អនុម័ត​ច្បាប់​នេះ​នៅ​ខែ​នេះ រួម​ជាមួយ​នឹង​ច្បាប់​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ប៉ុន្តែ​លោក បញ្ញា នៅ​អង្គការ​ខុមហ្វ្រែល បាន​មាន​ប្រសាសន៍​ថា ការ​ពិគ្រោះ​យោបល់​ល្អិតល្អន់​បន្ថែម​ទៀត​គឺ​ចាំបាច់​ណាស់ ដោយសារ​ការ​មិន​ដឹង​ជា​មុន​ជាច្រើន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដែល​ចេញ​កាលពី​ថ្ងៃ​សៅរ៍។

លោក​បាន​មាន​ប្រសាសន៍​ថា “ឧទាហរណ៍ មាត្រា​១៦២​ថ្មី។ មាត្រា​នេះ​ចែង​ថា អំពើ​ល្មើស​ដែល​ប្រព្រឹត្ត​ដោយ​តំណាង​គណបក្ស ដែល​មាន​សិទ្ធិ​សម្រេច​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស នឹង​ជា​អំពើ​ល្មើស​ប្រព្រឹត្ត​ដោយ​គណបក្ស ក៏​ដូចជា​អង្គការ”។

លោក បញ្ញា​ បាន​មានប្រសាសន៍​ថា មាត្រា​បែប​នេះ​បង្ក​ឲ្យ​មាន​កង្វល់​ច្រើន ពីព្រោះ​មាត្រា​១៥៦​បញ្ជាក់ច្បាស់​ថា គណបក្ស​ណាក៏ដោយ​ក៏​អាចត្រូវ​គេប្រកាស​ថា​គ្មាន​សិទ្ធិឈរ​ឈ្មោះ​ដែរ ប្រសិនបើ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស​មួយ​បែប​នេះ។

ទោសទណ្ឌ​ដដែល​អាច​អនុវត្ត​ចំពោះ​ការ​បំពាន​មាត្រា​៦៨​និង​៧២ ដែល​កំណត់​ថា​យុទ្ធនាការ​អាច​ធ្វើ​នៅ​ពេល​ណា​និង​របៀបណា​នោះ។ ក្នុង​ចំណោម​ការ​បន្ថែម​ផ្សេងទៀត​ក្នុង​ច្បាប់​ថ្មី​នេះ គណបក្ស​អាច​ដង្ហែ​តាម​ផ្លូវ​ដោយ​ស្រប​ច្បាប់​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ខេត្ត​នីមួយៗ​អំឡុង​យុទ្ធនាការ​ធ្វើការ​បោះ​ឆ្នោត​ផ្លូវការ​២១​ថ្ងៃ។

ផ្នែក​មួយ​ផ្សេងទៀត​ក្នុង​ច្បាប់​ថ្មី​នេះ​ចែង​ថា ការ​ប្រើ​ភាសា​ចោទគ្នា​ខាង​ពូជសាសន៍​អំឡុង​យុទ្ធនាការ​បោះ​ឆ្នោត​ដោយ​គណបក្ស​ណា​មួយ​ ក៏​អាច​នាំ​ឲ្យ​គណបក្ស​បាត់សិទ្ធិ​របស់​ខ្លួន​ដែរ។

យោងតាម​មាត្រា​១៥២ គ.ជ.ប.​ត្រូវ​ដាក់​ពិន័យ “នរណា​ក៏ដោយ​ដែល​ប្រើ​មធ្យោបាយ​ណាមួយ​ប្រមាថ​ជា​សាធារណៈ ឬ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​លើ​ជនជាតិ ឬ​ក្រុម​នៃ​ប្រទេស ឬ ពូជសាសន៍​ណាមួយ ឬ​សាសនា​ណាមួយ អំឡុង​យុទ្ធនាការ​បោះ​ឆ្នោត”។

មាត្រា​១៥៣​និយាយ​ថា “គ.ជ.ប.​នឹង​ដាក់​ពិន័យ​ជា​ប្រាក់​ពី​១០​ទៅ​៣០​លាន​រៀល [ប្រហែល​២.៤៧០​ដុល្លារ​ទៅ៧.៤១០​ដុល្លារ] ឬ​លុប​ឈ្មោះ​បេក្ខជន​នោះ​…​និង​គណបក្ស​ដែល​ប្រព្រឹត្ត​ល្មើស​ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​១៥២​ខាង​លើ”។

គណបក្ស​ប្រឆាំង​របស់​លោក រង្ស៊ី បាន​ប្រើ​វោហារ​សាស្ត្រ​ប្រឆាំង​វៀតណាម​ជាយូរ​មកហើយ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជារឿយៗ​សំដៅ​គណបក្ស​កាន់​អំណាច​នេះ​ថា​បម្រើ​ប្រយោជន៍​យួន។

លោក បញ្ញា បាន​មាន​ប្រសាសន៍​ថា ច្បាប់​បោះ​ឆ្នោត​បច្ចុប្បន្ន​អនុញ្ញាត​ឲ្យ​គ.ជ.ប.​ពិនិត្យ​មើល​បេក្ខជន​ដែល​គ្មាន​សិទ្ធិ​ប៉ុណ្ណោះ ហើយ​មិន​គំរាម​ហាម​គណបក្ស​ដោយសារតែ​ការ​ល្មើស​ដែល​ប្រព្រឹត្ត​ដោយ​សមាជិក​ឡើយ។

លោក បញ្ញា បាន​និយាយ​ថា “ក្នុង​ច្បាប់​ចាស់ គេ​សំដៅតែ​បេក្ខជន​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ពួកគេ​នឹង​សំដៅ​គណបក្ស​ក៏​ដូច​ជា​អង្គការ​នានា។ ខ្ញុំ​អាចស្មាន​បាន​ថា គេ​នឹង​បង្កើត​បញ្ហា​យ៉ាង​ណា​នោះ”។ “ជា​ឧទាហរណ៍ តំណាង​ម្នាក់​នៃ​គណបក្ស​មួយ​ល្មើស​ច្បាប់ ហើយ​មាន​ការ​ប្តឹង​តវ៉ា​ទៅ​គ.ជ.ប.​ពេល​ការ​បោះ​ឆ្នោត​កំពុង​ធ្វើ។ ពេល​ដែល​លទ្ធផល​ចេញ ហើយ​អ្នក​ឈ្នះ​បាន​កៅអី​មួយ​ចំនួន គ.ជ.ប. ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រក​ឃើញ​ថា អ្នក​ប្រព្រឹត្ត​ល្មើស ពេល​នោះ​អ្នក​នឹង​ត្រូវ​គេ​ដក​ចេញ​និង​បាត់បង់​កៅអី​របស់​អ្នក ពីព្រោះ​អ្នក​មិន​មាន​សិទ្ធិ​នឹង​ទទួល”។

លោក បញ្ញា បន្ថែម​ថា “នេះ​គ្រោះ​ថ្នាក់​ណាស់។ វា​ថ្មី ហើយ​វា​សំដៅ​គណបក្ស​ទាំងឡាយ​ណា​ដែល​ជំទាស់​តវ៉ា​នឹង​ការ​បោះ​ឆ្នោត”។

ក្នុង​ពេល​ធ្វើ​សេចក្តី​ព្រាង មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​តវ៉ា​អំពី​ការ​ដែល​ថា ពួកគេ​នឹង​ត្រូវ​ហាមប្រាម​មិន​ឲ្យ​ “ប្រមាថ” គណបក្ស។ ច្បាប់​ថ្មី​នេះ​ដាក់​ពិន័យ​ពី​២.៥០០​ដុល្លារ​ដល់​៥.០០០​ដុល្លារ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ប្រមាថ​គណបក្ស។

មាត្រា​នេះ​ហាមប្រាម​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពី “ការ​និយាយ​ផ្ទាល់ ឬ​ប្រយោល ឬ​អត្ថបទ​ដែលប្រមាថ​គណបក្ស ឬ​បេក្ខជន​ណាម្នាក់”ឬ “ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​…​គាំទ្រ ឬ​បង្ហាញ​ភាព​លម្អៀង​ចំពោះ ឬ​ប្រឆាំង​សកម្មភាព​ណា​មួយ ឬ​បេក្ខជន​ណា​ម្នាក់”។ ការ​ផ្សព្វ​ផ្សាយ​ “ការ​ស្ទង់មតិ​ដែល​មាន​បំណង​បម្រើ​គណបក្ស ឬ​បេក្ខជន​ណា​ម្នាក់” ក៏​ត្រូវ​ហាម​ឃាត់​ដែរ។

មាត្រា១៦០​នៃ​សេចក្តី​ព្រាង​ថ្មី​នេះ​បន្ថែម​ថា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ផ្តល់​ដោយ​គណបក្ស​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ត្រូវ​នៅ​អព្យាក្រិត្យ និង​មិន​អាច​រំខាន​មន្ត្រី​បោះ​ឆ្នោត​ពេល​កំពុង​សង្កេត​ដំណើរការ​បោះ​ឆ្នោត​បាន​ឡើយ។

មាត្រា​នេះ​និយាយ​ថា ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ និង​ការ​ពិន័យ​ចន្លោះ​ពី​២៥០​ដុល្លារ​និង​២.៥០០​ដុល្លារ​នឹង​ត្រូវ​ធ្វើ​ចំពោះ “ភ្នាក់ងារ​គណបក្ស ឬ​អ្នក​សង្កេតការណ៍​ដែល​ផ្តល់​ការ​ណែនាំ ឬ​បន្ទោស​មន្ត្រី​បោះ​ឆ្នោត និង​មន្ត្រី​ដែល​កំពុង​រាប់​សន្លឹក​ឆ្នោត”។

លោក បញ្ញា បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​សង្គម​ស៊ីវិល​តែងតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​សង្កេត​ការណ៍​ការ​រាប់​សន្លឹក​ឆ្នោត និង​ផ្សព្វ​ផ្សាយ​ភាព​មិន​ប្រក្រតី​បន្ទាប់ពី​ការ​បោះឆ្នោត ហើយ​សកម្មភាព​បែប​នោះ​នឹង​ត្រូវ​រាំង​ខ្ទប់​ដោយ​ច្បាប់​ថ្មី​នេះ។

លោក បញ្ញា មាន​ប្រសាសន៍​ថា “ទោះជា​អ្នក​គ្រាន់តែ​ណែនាំ​មន្ត្រី​ស្ថានីយ​បោះ​ឆ្នោត ឬ​អ្វី​មួយ​បែប​នោះ​ក៏​ដោយ ក៏​អ្នក​អាច​ត្រូវ​គេ​ពិន័យ​ដែរ”។ “ពេលណា​អ្នក​សង្កេតការណ៍​រក​ឃើញ​អ្វី​មួយ​ខុស​ពី​នីតិវិធី ពួកគេ​ពន្យល់ ឬ​សួរ​មន្ត្រី​បោះ​ឆ្នោត​ឲ្យ​កែ​តម្រូវ ប៉ុន្តែ​ឥឡូវ​អ្នក​មិន​អាច​ធ្វើ​បាន​ទេ ពីព្រោះ​គេ​អាច​ចាត់​ទុក​វា​ថា​ជា​ការ​ល្មើស”។

លោក បញ្ញា បាន​មាន​ប្រសាសន៍​ថា “ជា​រួម ខ្ញុំ​គិត​ថា ច្បាប់​នេះ​អន់​ជាង​មុន។ ប៉ះពាល់​ខ្លាំង​ណាស់​ចំពោះ​សេរីភាព​របស់​គណបក្ស និង​សង្គម​ស៊ីវិល​ដែល​ជំទាស់​តវ៉ា។ ក្នុង​ការ​បោះ​ឆ្នោត សេរីភាព​នៃ​អ្នក​ដើរ​តួ​សំខាន់​គឺ​មាន​សារៈ​សំខាន់​ណាស់ ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​ហាមប្រាម​និង​ដាក់​កំហិត​លើ​មនុស្ស​ទាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា “ប្រសិនបើ​មនុស្ស​មិន​មាន​សេរីភាព ហើយ​គណបក្ស​អាច​ត្រូវ​គ.ជ.ប.​ដក​ចេញ​អំឡុង​ពេល​បោះ​ឆ្នោត​នោះ ខ្ញុំ​គិត​ថា មានគ្រោះ​ថ្នាក់​ខ្លាំង​ណាស់ វា​នឹង​បង្កើត​ជម្លោះ​និង​បញ្ហា​ច្រើន”។

លោក រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង បាន​បដិសេធ​មិន​អធិប្បាយ​ទាក់ទិន​នឹង​កង្វល់​របស់​លោក បញ្ញា កាលពី​ថ្ងៃ​អាទិត្យ​ទេ ហើយ​បាន​និយាយ​ថា លោក​នឹង​លើក​កង្វល់​ទាំង​នេះ​ក្នុង​ការ​ពិគ្រោះ​យោបល់​នា​ព្រឹក​នេះ។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ទេ​ចាំដល់​សិក្ខាសាលា​នៅ​ថ្ងៃ​ស្អែក​សិន។ គាត់​អាច​បង្ហាញ​គំនិត​របស់​គាត់ ហើយ​តំណាង​គណបក្ស​របស់​ខ្ញុំ​អាច​ឆ្លើយ​នឹង​គាត់។ ខ្ញុំ​នឹង​​ប្រាប់​ គុយ ប៊ុនរឿន ទុក​ពេល​ឆ្លើយ​សំណួរ។ នឹង​មាន​ការ​ពិភាក្សា​គ្នា​ពិត​ប្រាកដ”។

លោក រង្ស៊ី បាន​និយាយ​ថា គណបក្ស​អាច​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត ប្រសិនបើ​បញ្ហា​ត្រូវ​គេ​លើកឡើង។

លោក​បាន​និយាយ​ថា “វា​អាស្រ័យ​លើ​លក្ខណៈ​នៃ​ការ​តវ៉ា។ប្រសិនបើ​មាន​ហេតុផល​ធ្ងន់​ណាមួយ​ត្រូវ​កែ​មាត្រា ឬ​កែប្រែ យើង​ត្រៀម​ធ្វើ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​មុន​សំណួរ ឬ​ភាព​ធ្ងន់​នៃ​កង្វល់​បាន​ឡើយ”។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ការពារ​ខ្លឹមសារ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ការ​ពិគ្រោះ​យោបល់​នា​ព្រឹក​នេះ​នឹង​ជា​ឱកាស តាម​ផ្លូវ​ច្បាប់​សម្រាប់​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្តល់​យោបល់​រួម​ចំណែក បើទោះជា​ផ្តល់​ពេល​តែ​ពីរ​ថ្ងៃ​ឲ្យ​ពិនិត្យ​សេចក្តី​ព្រាង​នេះ​ក៏ដោយ។

លោក ឥសាន បាន​មាន​ប្រសាសន៍​ថា “ក្រុម​ការងារ​ទើប​តែ​បញ្ចប់​សេចក្តី​ព្រាង​នេះ​កាលពី​ម្សិល​ម្ងៃ តើអាច​ឲ្យ​វា​ទៅ​ពួកគេ​បែប​ណា​ទៅ? លោក​បាន​បន្ថែម​ថា ការ​ធ្វើ​ពហិការ​របស់​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ឲ្យ​គាត់​បារម្ភ​ទេ។ “ពួកគេ​អាច​ចូល ឬ​មិន​ចូល។ ស្រេចតែ​ពួកគេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស