កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ដីទំហំជាង៩.០០០ហិកតាដែលត្រូវបានផ្តល់ទៅ ឲ្យក្រុមហ៊ុនមួយចំនួនជាដីសម្បទានសេដ្ឋកិច្ចនោះ កាលពីពេលថ្មីៗ ត្រូវបានដកហូតពីម្ចាស់ក្រុមហ៊ុនទាំងនេះពីព្រោះក្រុមអ្នកភូមិបានធ្វើស្រែចម្ការលើដីនេះមុន ហើយបានប្រកាសថា ក្រុមហ៊ុនចំនួន១៤ស្ថិតក្នុងបញ្ជីឃ្លាំមើលចំពោះការរំលោភបទប្បញ្ញត្តិដែលមិនបានបញ្ជាក់ឲ្យដឹង។
អំឡុងសន្និសីទកាសែតនៅក្រសួងបរិស្ថានក្នុងរាជធានីភ្នំពេញ លោក សាយ សំអាល់ បានមានប្រសាសន៍ថា ដីទាំងអស់ដែលស្ថិតក្នុងតំបន់ការពារក្រោមយុត្តាធិការរបស់ក្រសួងរួមទាំងដីសម្បទានសេដ្ឋកិច្ចទំហំ៦.៤៣២ហិកតា ក្នុងខេត្តក្រចេះ និង៣.០០០ហិកតាទៀតក្នុងខេត្តព្រះសីហនុ នៅក្នុងដីសម្បទានសេដ្ឋកិច្ចដែលកាន់កាប់ដោយលោក ម៉ុង ឫទ្ធី ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនទាំងនោះ ”មិនបានធ្វើខុសទេ” ប៉ុន្តែ មិនបានពន្យល់ថា ហេតុអ្វីបានជារដ្ឋាភិបាលផ្តល់ដីនេះទៅឲ្យក្រុមហ៊ុនទាំងនោះពីដំបូងមក បើដីនោះត្រូវបានអ្នកភូមិធ្វើស្រែចម្ការទៅហើយនោះ។
ដីដែលដកហូតនេះស្ថិតក្នុងចំណោមដីទំហំ១១៧.០០០ហិកតាដែលក្រសួងបានដកហូតពីដីសម្បទានសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ទាំងអស់។
ចំណែកក្រុមហ៊ុនចំនួន១៤ ដែលបានជូនដំណឹងកាលពីម្សិលមិញ លោក សាយ សំអាល់ មិនបានពន្យល់ពីអ្វីដែលក្រុមហ៊ុនបានធ្វើខុសឡើយ ប៉ុន្តែ បានលើកឡើងថា ក្រុមហ៊ុនទាំងនេះត្រូវបានទុករយៈពេលមួយឆ្នាំដើម្បី “ធ្វើការលើនីតិវិធីរបស់ខ្លួន” ក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីរដ្ឋាភិបាល៕សារុន