26 C
Phnom Penh

អ្នកភូមិទី៦​ដែល​ផ្ទុក​មេរោគ​អេសដ៍​ស្លាប់​ក្នុង​ឃុំរកា ខេត្ត​បា​ត់​ដំបង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​សុខាភិបាល​​​មូល​​​ដ្ឋាន​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា បុរស​​​អាយុ​​​៦៩​​​ឆ្នាំម្នាក់​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ជាង​​​២៤០​​​នាក់​​​ ដែល​​​បាន​​​ធ្វើ​​​តេស្ត​​​រក​​​ឃើញ​​​ថា ផ្ទុក​​​មេរោគ​​​​​​អេដស៍​​​ក្នុង​​​ឃុំ​​​រកា​​​ ខេត្ត​​​បាត់​​​ដំបង​​នោះ បាន​​​ស្លាប់​​​កាល​​​ពីថ្ងៃ​​​សៅរ៍។

លោក ប៊ី បេងស ប្រធាន​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​រកា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ទឹម​​​ តូយ បាន​​​ស្លាប់​​​កាល​​​ពីថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​មាន​​​ផល​​​ប៉ះពាល់​​​ដោយសារ​​​ការ​​​ប្រើ​​​ថ្នាំ​​​ប្រឆាំង​​​មេរោគ​​​អេដស៍​​​ដើម្បី​​​ព្យាបាល​​​ជំងឺ​​​នេះ ។

លោក បេងស បាន​​​មានប្រសាសន៍​​​ថា “បុរស​​​ចំណាស់​​​ឈ្មោះ​​​ ទឹម​​​ តូយ នេះ​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍  ពីព្រោះ​​​គាត់​​​ហូប​​​អាហារ​​​មិន​​​បាន​​​។ ផល​​​ប៉ះពាល់​​​ដោយសារ​​​ថ្នាំ​​​ប្រឆាំង​​​មេរោគ​​​អេដស៍​​​នេះ​​​ធ្វើ​​​ឲ្យ​​​គាត់​​​ហូប​​​អាហារ​​​មិន​​​បាន​​​”។

លោក ទឹម​​​ តូយ គឺ​​​ជា​​​អ្នក​​​ភូមិ​​​ទី​​​៦​​​ហើយ​​​ ដែល​​​បាន​​​ស្លាប​​​​​​់​​​ចាប់​​​តាំង​​​ពីខែ​​​ធ្នូ​​​មក​​​ នៅ​​​ពេល​​​មាន​​​ការ​​​ផ្ទុះ​​​ឡើង​នូវ​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​មន្ត្រី​​​សុខាភិបាល​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​យ៉ាង​​​ខ្លាំង​​​។

លោក បេងស បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​២៤១​​​នាក់​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​បាន​​​ធ្វើ​​​តេស្ត​​​រក​​​ឃើញ​​​ថា​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​គិត​​​​​​ត្រឹម​​​ដំណាច់​​​ខែ​​​កុម្ភៈ។

លោក បេងស បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​មាន​​​មនុស្ស​​​​​​បួន​​​ទៅ​​​ប្រាំនាក់​​​អាយុ​​​ជាង​​​៦០​​​ឆ្នាំ បាន​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​ជា​​​ទម្ងន់​​​ ពីព្រោះ​​​ពួក​​​គាត់​​​​​​ក៏​​​ហូប​​​អាហារ​​​មិន​​​បាន​​​ដែរ​​​”។ លោក​​​បាន​​​បន្ត​​​ថា អ្នក​​​ជំងឺ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​។

លោក អឹុម ចិត្រា ប្រធាន​​​មណ្ឌល​​​សុខភាព ​​​ស្រុក​​​សង្កែ​​​ បាន​​​មានប្រសាសន៍​​​ថា លោក​​​មាន​​​ការ​​​បារម្ភ​​​ថា នឹង​​​មាន​​​ការ​​​ស្លាប់​​បន្ថែមទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ឥឡូវ​​​នេះ យើង​​​បារម្ភ​​​ពី​​​សុខភាព​​​របស់​​​មនុស្ស​​​ចាស់​​​ៗ​​​ដែល​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ ពីព្រោះ​​​ពួក​​​គាត់​​​មាន​​​សុខភាព​​​មិនល្អ​​​។ យើង​​​កំពុងគិត​​​ពី​​​មនុស្ស​​​វ័យ​​​ចំណាស់​​​ដែល​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ ហើយ​​​យើង​​​កំពុង​​​ស្វែង​​​រក​​​អាហារ​​​ណា​​​ដែល​​​ពួក​​​គាត់​​​អាច​​​ហូប​​​បានដើម្បី​ផ្គត់​ផ្គង់ពួកគាត់​​​”។

ក្រុម​​​មន្ត្រី​​​បាន​​​បន្ទោស​​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​មេរោគ​​​អេដស៍​​​នេះ​​​ទៅ​​​លើ​​​លោក យ៉ែម ជ្រិន ជា​​​គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ដែល​​​បាន​​​សារភាព​​​ថា បាន​​​ប្រើ​​​ប្រាស់​​​សឺរ៉ាំង​​​ដដែល​​​ៗ ហើយ​​​ដែល​​​បាន​​​ជាប់​​​ពន្ធនាគារ​​​តាម​​​ការ​​​​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស