កាលពីថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញបានសាកសួរភរិយាជាស្ត្រីមេម៉ាយរបស់លោក អុឹង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex Group ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំមុនក្នុងការវាយប្រហារដែលរៀបចំឡើងដោយលោក ថោង សារ៉ាត់ មន្ត្រីក្រសួងការពារជាតិដែលកំពុងរត់គេចខ្លួន និងធ្វើឡើងដោយអង្គរក្សរបស់គាត់។
លោក ឡាច សំរោង មេធាវីតំណាងអ្នកស្រី តាំង គីមឆេង ស្ត្រីមេម៉ាយរបស់ពាណិជ្ជករឆ្នើមរូបនេះបានអះអាងថា កូនក្តីរបស់លោកត្រូវបានសាកសួរជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សាលាដំបូងរាជធានីពីករណីមនុស្សឃាតនេះ។
លោកបានមានប្រសាសន៍ថា “តុលាការបានកោះហៅកូនក្តីរបស់ខ្ញុំមកសាកសួរទាក់ទងការធ្វើឃាតឧកញ៉ា អុឹង ម៉េងជឺ។នេះជាលើកទី១ហើយដែលកូនក្តីរបស់ខ្ញុំត្រូវបានកោះហៅមកសាកសួរ”។
លោក សំរោង បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការសាកសួរនេះទេ ប៉ុន្តែ បានលើកឡើងថា អ្នកស្រី គីមឆេង បានទាមទារសំណងចំនួន៥០លានដុល្លារពីបុគ្គលដែលបានរៀបចំការធ្វើឃាតប្តីរបស់អ្នកស្រី ដែលត្រូវបានបាញ់៦គ្រាប់នៅខាងក្រៅហាងលក់ផ្លែឈើមួួួយកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា។
មេធាវីរបស់អ្នកស្រីបានបន្ថែមថា អ្នកស្រី គីមឆេង ក៏បានស្នើសុំសំណងចំនួន១០លានដុល្លារពីអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋនេះផងដែរ។ លោកបានមានប្រសាសន៍ថា “កូនក្តីរបស់ខ្ញុំក៏បានស្នើឲ្យតុលាការដាក់ទោសជនដៃដល់តាមច្បាប់ផងដែរ”។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលកំពុងរត់គេចខ្លួននៅឡើយចាប់តាំងពីការឆ្មក់ចូលរបស់នគរបាលទៅលើភូមិគ្រឹះរបស់លោកក្នុងរាជធានីភ្នំពេញកាលពីដើមខែធ្នូនោះ ត្រូវបានចោទប្រកាន់កំបាំងមុខពីបទញុះញង់ឲ្យមានអំពើមនុស្សឃាតដោយគិតទុកជាមុន។
អង្គរក្សប្រាំនាក់របស់ឧត្តមសេនីយ៍រូបនេះត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងរឿងនេះ។
ឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលត្រូវបានចាប់ខ្លួនអំឡុងការឆ្មក់ចូល នោះ ត្រូវបានជាប់ពន្ធនាគារពីបទមានអាវុធខុសច្បាប់។ ពួកគេត្រូវបានឲ្យនៅក្រៅឃុំកាលពីដើមខែមុន ប៉ុន្តែត្រូវបានចាប់ដាក់ពន្ធនាគារវិញមិនដល់១០ថ្ងៃផងបន្ទាប់ពីត្រូវបានតាមទាន់ពេលប៉ុនប៉ងគេចខ្លួនទៅប្រទេសវៀតណាមតាមរថយន្តសង្គ្រោះបន្ទាន់។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ឪពុកម្តាយរបស់ឧត្តមសេនីយ៍រូបនេះក៏ត្រូវបានសាកសួរនៅតុលាការផងដែរកាលពីថ្ងៃសុក្រ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះ ករណីនេះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ដូច្នេះខ្ញុំមិនអាចនិយាយបានឡើយ”៕សារុន