37 C
Phnom Penh

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ដឹក​សព​កម្មការិនី​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​យកទៅ​បោះ​ចោល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កម្មករ​កាត់​ដេរ​ម្នាក់​​ដែល​​បានដឹក​​សាក​សព​កម្មការិនី​ម្នាក់​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​យកទៅ​បោះ​ចោល​​ ក្រោយពី​មិត្ត​ភក្តិ​របស់​ខ្លួន​រំលោភ​​ហើយ​​សម្លាប់នោះ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​​ធ្វើ​ការ​ចោទ​ប្រកាន់​កាលពី​ថ្ងៃសៅរ៍។

ពេល​នេះ​​នគរ​បាល​កំពុង​តាម​ចាប់​ខ្លួន​បុរស​ឈ្មោះ សំអុល មុនី អាយុ​៣០​ឆ្នាំ ពីបទ​រំលោភ ប្លន់ ហើយ​សម្លាប់​កញ្ញា សាន់ អាស្រស់ អាយុ​២២​ឆ្នាំ ជា​អ្នក​ជិតខាង​របស់​ខ្លួន​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​តាក់សាន់ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សាកសព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​នៅ​ក្នុង​ស្នាម​ភ្លោះ​មួយ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦១ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាលពី​​ថ្ងៃទី​២៨ ខែកុម្ភៈ ពោល​គឺ​៨​ថ្ងៃ​​ក្រោយ​ពី​នាង​បាត់​ខ្លួន​ពី​បន្ទប់​ជួល​របស់​នាង​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​រោងចក្រ​នេះ​។

យោង​តាម​លោក ហួ មិញវ៉ាង នាយការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ កែវ ឆាយ អាយុ​២៧​ឆ្នាំ ជា​កម្មករ​ម្នាក់​ទៀត​នៅ​រោងចក្រ​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​​ថ្ងៃ​សុក្រ​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​ក្រោយ​រោងចក្រ​នេះ​ដែរ។

លោក​បាន​លើក​ឡើង​ថា “យោង​តាម​ការ​ស៊ើបអង្កេត​របស់​យើង ជន​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​សាកសព​ជន​រងគ្រោះ​យក​ទៅ​បោះ​ចោល​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ដើម្បី​បំផ្លាញ​ភ័ស្តុ​តាង”។

មន្ត្រី​នគរ​បាល​រូប​នេះ​បាន​បដិសេធ​មិន​លើក​ឡើង​ថា តើ​ឈ្មោះ កែវ ឆាយ បាន​ផ្ដល់​តម្រុយ​​អំពី​កន្លែង​លាក់​ខ្លួន​របស់​ជន​សង្ស័យ​ជាឃាតករ​ឬយ៉ាង​ណា​នោះ​ទេ។

លោក ចៅ វុទ្ធី នាយ​រង​ការ​ិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កណ្ដាល​ បាន​មាន​ប្រសាសន៍​ថា ឈ្មោះ កែវ ឆាយ ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃសៅរ៍ ពីបទ​សម​គំនិត​​ប្រព្រឹត្ត​អំពើមនុស្ស​ឃាត ដោយ​លោក​បន្ថែម​ថា នគរ​បាល​កំពុង​ត្រួត​ពិនិត្យ​រថយន្ត​តូយ៉ូតា​កាមរី​របស់​ជន​សង្ស័យ​​។ លោក​បាន​បន្ត​ថា “ជន​នេះ​បាន​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​ទេ ប៉ុន្តែ​ហេតុ​អី​បាន​ជា​រថយន្ត​របស់​គេ​ប្រឡាក់​ឈាម?”។

នគរ​បាល​បាន​លើក​ឡើង​ថា សាច់​ប្រាក់​ចំនួន​១.៥០០​ដុល្លារ​​បាន​បាត់ពី​បន្ទប់​ជួល​របស់​ស្ត្រី​រងគ្រោះ រួម​ជាមួយ​គ្រឿង​អលង្កា​មួយ​ចំនួន ម៉ូតូហុង​ដា​ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង និង​ទូស័ព្ទ​ស្មាតហ្វូន​ពីរ​គ្រឿង។

លោក លី សាន់ ឪពុក​របស់​កញ្ញា សាន់ អាស្រស់ បាន​និយាយ​ថា ឈ្មោះ កែវ ឆាយ បាន​សុំលុយ​គាត់​ប្រហែល​១អាទិត្យ​ក្រោយពី​កូនស្រី​របស់​គាត់​បាន​បាត់​ខ្លួន និង​​ក្រោយ​ពី​មាន​ការ​បញ្ជាក់​អត្តសញ្ញាណ​ថា ឈ្មោះ សំអុល មុនី គឺ​​ជា​ឃាតករ​។

លោក លី សាន់ បាន​និយាយ​ដោយ​ហៅ​ឈ្មោះក្រៅ​ រ័ក្ស របស់​ សំអុល មុនី ថា ” វា​បាន​សុំ​លុយ​ខ្ញុំ​៣ម៉ឺន​រៀល​ [ប្រហែល​៧.៥០​ដុល្លារ​] ពីព្រោះ​វា​និយាយ​ថា វា​ដឹង​ថាឈ្មោះ​ រ័ក្ស ​នៅ​កន្លែង​លេង​ល្បែង​មួយ​កន្លែង​​ ហើយ​ត្រូវ​ការ​លុយ​ដើម្បី​ចូល​ទៅ​ខាង​ក្នុង​។ ស្អែក​ឡើង​វា​ប្រាប់​ខ្ញុំ​ថា វា​រក​ [រ័ក្ស] មិន​ឃើញ​ទេ”៕ សុខុម​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស