រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមការងារដែលមានមន្ត្រីមកពីក្រសួងទេសចរណ៍ ក្រសួងធម្មការ ក្រសួងវប្បធម៌ និងក្រសួងអប់រំ នឹងចុះទៅពិនិត្យតំបន់ព្រៃដាច់ស្រយាលមួយលើភ្នំបូកគោក្នុងខេត្តកំពត ដែលនៅទីនោះទេសចរវៀតណាមធ្វើការសូត្រធម៌បន់ស្រន់។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាប្រធានគណៈកម្មាធិការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា កាលពីខែមុនបានដឹកនាំការចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង ដែលគេនិយាយថា ជនជាតិវៀតណាមបន់ស្រន់ដល់ព្រលឹងដូនតាកប់ក្នុងផ្នូរថ្មដ៏ធំ។
គេមិនបានប្រទះឃើញទេសចរអំឡុងពេលដំណើរចុះទៅពិនិត្យកាលពីថ្ងៃទី១២ខែកុម្ភៈនោះទេ ប៉ុន្តែបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលបានបង្ហាញរូបថតទេសចរដែលធ្វើការបួងសួង ស្ថិតក្នុងចំណោមរូបថតមានស៊ុំរូបមេដឹកនាំកុម្មុយនិស្តវៀតណាម ហូ ជីមិញ ហើយលោក បុញ្ញឫទ្ធិ បានសន្យាថានឹងប្រែក្លាយទីកន្លែងនោះសម្រាប់ពលរដ្ឋកម្ពុជាបន់ស្រន់វិញ។
កាលពីថ្ងៃច័ន្ទ លោកបានហៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សាសនា វប្បធម៌ និងអប់រំ មកសភាដើម្បីសាកសួរ និងបានប្រាប់អ្នកកាសែតបន្ទាប់ពីការប្រជុំបិទទ្វារថា ពួកគេនឹងទៅពិនិត្យទីកន្លែងនោះក្នុងពេលឆាប់ៗនេះ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ប្រហែលនៅសប្តាហ៍ក្រោយ យើងចង់ធ្វើការស្រាវជ្រាវភ្លាមៗ”។
គណបក្សសង្គ្រោះជាតិបានប្រើវោហារសាស្ត្រប្រឆាំងវៀតណាមយូរមកហើយ ដើម្បីធ្វើជាទុននយោបាយប្រឆាំងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឫសគល់របស់ខ្លួនក្នុងរបបកុម្មុយនិស្តបន្តុបដោយប្រទេសវៀតណាម ដែលលោក ហ៊ុន សែន បានដឹកនាំក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
លោក ជួន ណារ៉ុន បានមានប្រសាសន៍ថា រដ្ឋាភិបាលយល់អំពីមូលហេតុដែលលោក បុញ្ញឫទ្ធិ ព្រួយបារម្ភអំពីទេសចរវៀតណាមដែលដេកនិងបន់ស្រន់ក្នុងព្រៃជ្រៅនៅភ្នំបូកគោ។
លោក ជួនណារ៉ុន បានមានប្រសាសន៍ថា “មិនមានគំនិតខុសគ្នារវាងគណៈកម្មាធិការនេះនិងរដ្ឋាភិបាលឡើយ។ យើងចង់បានការគ្រប់គ្រងល្អ ជាពិសេសមិនឲ្យអ្នកដែលទៅបន់ស្រន់ ស្នាក់នៅក្នុងព្រៃនោះ។ ពួកគេត្រូវតែទៅដេកក្នុងសណ្ឋាគារ”។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់អ្នកកាសែតថា នឹងមានការណែនាំច្បាប់ទម្លាប់ចំពោះទេសចរវៀតណាមទាំងឡាយណា ដែលទៅភ្នំបូកគោដើម្បីបន់ស្រន់នៅផ្នូរ ដូចជា “កំុយកស៊ីម៉ង់ទៅបិទភ្ជាប់ឲ្យខូចតំបន់ប្រវត្តិសាស្ត្រនោះ”៕ និត