លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានចេញសេចក្តីបង្គាប់មួយដោយបញ្ជាស្ថាប័នរដ្ឋទាំងអស់ត្រូវផ្អាកការជ្រើសរើសមន្ត្រីថ្មីសម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ លើកលែងតែត្រូវបំពេញតំណែងមានស្រាប់ដែលនៅទំនេរ ជាការប្រឹងប្រែងជាក់ស្តែងដើម្បីទប់ការចំណាយឲ្យស្របតាមថវិការដ្ឋបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រីបានចេញសារាចរណែនាំ ចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍។ សារាចរមានខ្លឹមសារថា “ក្នុងឆ្នាំ២០១៥ ការជ្រើសរើសមន្ត្រីរាជការនៅគ្រប់ក្រសួងនិងស្ថាប័នទាំងអស់នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាហាននិងប៉ូលិសជាតិ ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសស្មើនឹងចំនួនមន្ត្រីរាជការ ដែលបាត់បង់ពីក្របខណ្ឌដោយមូលហេតុចូលនិវត្តន៍ លាឈប់ បញ្ឈប់ពីការងារ បាត់បង់សម្បទាវិជ្ជាជីវៈ ឬមរណៈភាព”។
ដើម្បីចៀសវាងការបង្កើតតំណែងថ្មី សារាចរណែនាំនេះបង្គាប់ស្ថាប័នរដ្ឋាភិបាលទាំងអស់កំុបង្កើតមន្ទីរនាយកដ្ឋានថ្មី និងត្រូវប្រើមន្ត្រីរាជការដែលមានស្រាប់ “ឲ្យអស់លទ្ធភាពនៃធនធានដែលមាន”។
សារាចរនេះក៏បាននិយាយពីចេតនារបស់រដ្ឋាភិបាលដើម្បីធ្វើឲ្យគុណភាពការងារមន្ត្រីរាជការរបស់ខ្លួនប្រសើរឡើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីរបៀបដែលខ្លួនបម្រុងធ្វើដើម្បីសម្រេចគោលបំណងនេះទេ។
លោក ស សាមឺឌី ប្រធាននាយកដ្ឋាននីតិកម្មមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ មិនបាននិយាយលម្អិតអំពីសារាចរថ្មីនេះ ឬពន្យល់ឲ្យដឹងថាអ្វីដែលជំរុញឲ្យមានសារាចរនេះទេ។
និយោជិតរដ្ឋាភិបាលល្បីខាងពុករលួយ និងគេចវេសពីការទទួលខុសត្រូវចំពោះការងាររដ្ឋដែលទទួលបានប្រាក់ខែតិច ដើម្បីធ្វើការងារបានកម្រៃច្រើនជាងនៅក្នុងវិស័យឯកជន។
លោក កៅ ពឿន ប្រធានសមាគមមន្ត្រីរាជការឯករាជ្យ ដែលគាំទ្រឲ្យមានប្រាក់ខែខ្ពស់សម្រាប់មន្ត្រីរាជការ បានមានប្រសាសន៍ថា ការបំពេញការងាររបស់មន្ត្រីរាជការនឹងមិនប្រសើរច្រើនទេ លុះត្រាតែរដ្ឋពិនិត្យដោះស្រាយអត្រាប្រាក់ចំណូល ដោយបើកប្រាក់ខែឲ្យពួកគេអាចរស់បាន។
លោក ពឿន បានមានប្រសាសន៍ថា មន្ត្រីរាជការសាមញ្ញ សព្វថ្ងៃមានប្រាក់ខែរវាង១២០ដុល្លារទៅ១៥០ដុល្លារក្នុងមួយខែ ប៉ុន្តែគួរតែទទួលបាន៤០០ដុល្លារទៅ៥០០ដុល្លារវិញ។
លោកបាននិយាយថា “អ្នកចូលធ្វើការថ្មីមិននៅធ្វើការយូរទេ ពីព្រោះពួកគេមិនអាចរស់នឹងប្រាក់ខែតិចបែបនេះបានឡើយ។ ប៉ុន្តែ មន្ត្រីដែលស៊ីសំណូក ពួកគេនៅធ្វើការបានយូរ”។ លោក ហ៊ុន សែន បានប្រកាសការដំឡើងប្រាក់ខែឲ្យគ្រូបង្រៀន និងគិលានុបដ្ឋាកយិការនៅខែសីហា ហើយមន្ត្រីឃុំសង្កាត់និងភូមិនៅខែមករា៕និត