34 C
Phnom Penh

លោក​នាយក​រដ្ឋ​មន្ត្រី​ទទួល​ស្គាល់​ការ​វិនិច្ឆ័យ​ខុស​ជុំវិញ​ ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​អេដស៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​​​មិញ ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​មាន​​​កំហុស​​​ក្នុង​​​ការវិនិច្ឆ័យ​​​នៅ​​​ពេល​​​លោក​​​សង្ស័យ​​​ពីការ​​​​ផ្ទុះ​​​ឡើង​​​នូវ​មេរោគ​​​អេដស៍​​​កើនឡើង​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ខែ​​​ធ្នូ។

ថ្លែង​​​នៅ​​​ពិធី​បិទ​​​កិច្ច​​​ប្រជុំ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ក្រសួង​​​សុខាភិបាល​​​​​​នៅ​​​សណ្ឋាគារ​​​សូហ្វីតែល ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក ហ៊ុន​​​ សែន បានមាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​កំហុស​​​ក្នុង​​​ការ​​​អះ​​​អាង​​​ថា ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​ជំងឺ​​​នេះ​​​ទំនង​​​ជា​​​ដោយ​​​សារ​​​ឧបករណ៍​ធ្វើ​​​តេស្ត​​​មិនត្រឹម​​​ត្រូវ​​​។

លោក​​​បាន​​​​​​មាន​​​លើក​​​ឡើង​​​ក្នុង​​​សុន្ទរកថា​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែធ្នូ​​​ថា “៩៩​​​ភាគ​​​រយ​​​ខ្ញុំ​​​មិន​​​ជឿ​​​ថាជា​​​មេរោគ​​​អេដស៍ទេ”។ លោក​បាន​បន្ថែមថា​ “ប្រហែល​​​ជា ​​​ប្រសិន​​​បើ​​​យើង​​​ត្រូវបាន​ធ្វើ​​​តេស្ត​​​ដោយ​​​ប្រើ​​​ប្រាស់​​​ម៉ាស៊ីន​​​ទាំង​​​នោះ​​​ នោះពាក់​​​កណ្តាល​​​នៃ​​​ពួក​​​យើង​​​នឹង​​​មាន​មេរោគ​​​អេដស៍​​​ហើយមើលទៅ​។ ខ្ញុំ​​​នៅ​​​តែ​​​មិន​​​ជឿ​ដដែល​​​។ ខ្ញុំ​​​មិនជឿ​​​ទេ”។

នៅ​​​ពេល​​​ការ​​​សង្ស័យ​​​ដំបូង​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​ធ្នូ អ្នក​​​ភូមិ​​​ជាង​​​១០០​​​នាក់​​ ​​​បាន​​​ធ្វើ​​​តេស្ត​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​​​​មេរោគ​​​អេដស៍​​​រួច​ហើយ​​​ ជា​ចំនួនដែល​ចាប់​តាំង​ពីពេលនោះមក​បាន​​​កើន​​​ឡើង​​​ដល់​​​២៤១​​​នាក់​​​។

កាល​​​ពីម្សិលមិញ​​​ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​មាន​​​កំហុស​​​ ហើយ​​​ថា ការ​​​រីករាល​​​ដាល​​​ពិត​​​ប្រាកដ​​​មែន​​​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​​ថា “ដំបូង​​​ ខ្ញុំ​​​មិន​​​ជឿ​​​ទេ។ខ្ញុំ​​​និយាយ​​​ថា ខ្ញុំ​​​មិន​​​ជឿ​​​ថា​​​មេរោគ​​​អេដស៍​​​បាន​​​ឆ្លង​​​រាល​​​ដាល​​​ដល់​​​មនុស្ស​​​រាប់​​​រយ​​​នាក់​​​ក្នុង​​​ភូមិ​​​ដូច្នេះ​​​ទេ​​​ ប៉ុន្តែ នៅ​​​ពេល​​​យើង​​​ធ្វើ​​​តេស្ត​​​កាន់តែច្រើន​ឡើង​ៗ  ខ្ញុំ​​​បាន​ដឹង​​​ច្បាស់​​​ថា នេះ​​​គឺ​​​ជា​​​ករណី​​​ដ៏​​​ធំ​​​ដែល​​​តម្រូវ​​​ឲ្យ​​​យើង​​ធ្វើ​​​ការ​​​ដោយ​យក​ចិត​្ត​ទុកដាក់”។

ក្រុម​​​មន្ត្រី​​​បាន​​​បន្ទោស​​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​មេរោគ​​​អេដស៍នេះ​​​ទៅ​​​លើ​​​លោក យ៉ែម ជ្រិន គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​ដែល​​​បាន​​​ទទួល​​​ស្គាល់​​​ថា​​​បាន​​​ប្រើ​​​សឺរាំង​​​ដដែល​​​ឡើង​​​វិញ ហើយ​​​ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​តាម​​​ការ​​​ចោទ​ប្រកាន់​​​ពីបទ​​​មនុស្ស​​​ឃាត។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ភូមិ​​​ក្នុង​​​ឃុំ​រកា​​​បាន​​​​​​ឲ្យ​​​លោក យ៉ែម ជ្រិន​​​ ផ្សំថ្នាំ ពីព្រោះ​​​ពួកគាត់​​​​​​​​​បាន​​​តាំង​​​ចិត្ត​​​​​​ចាក់​​​ថ្នាំ​​​ បើ​​​ទោះ​​ជា​​​នៅ​​​ពេល​ពួកគាត់​​​​មិន​​បាន​​​ធ្វើ​​​រោគ​​​វិនិច្ឆ័យ​​​ក៏​​​ដោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​គ្រូពេទ្យ​​​របស់​​​យើង​​​មិន​​​ចាក់​​​ថ្នាំ​​​ឲ្យ​​​ពួកគាត់​​​ ពួក​​​គាត់​​​បាន​​​ទៅ​​​រក​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ដោយ​​​សម្ងាត់​​​ កន្លែង​​​ដែល​​​ពួកគាត់​​​បាន​​​ទៅ​​​ចាក់​​​ថ្នាំ​​​នោះ​​​។ ដូច្នេះ​​​យើង​​​ត្រូវ​គ្រប់​គ្រង​ករណី​​​បែប​​​នេះ​​​ឲ្យ​​​បាន​​​តឹង​​​រឹុង​​​។ មនុស្ស​​​មួយ​​​ចំនួន​​​មិន​​​មែន​​​ជា​​​គ្រូ​​​ពេទ្យ​​​ទេ  ប៉ុន្តែ ពួកគេ​​​រៀន​​​ចាក់​​​ថ្នាំ​​​”៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស