31 C
Phnom Penh

កម្មករ​តវ៉ា​ទាម​ទារ​ប្រាក់អតីត​ភាព​ការងារ​បន្ទាប់​ពីថៅកែ​រោងចក្រ​គេច​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ម​​​ករ​​​ជាង​​​៣០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិនដែល​​​​ក្ស័យ​​​ធន​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​អំពាវ​​​នាវ​​​ឲ្យ​​​​​​​​​ចេញ​​​អធិ​បញ្ជា​​​ដើម្បី​​​ធានា​​​ថា អតីត​​​កម្មករ​​​៣០០នាក់​​​នៅរោង​​​ចក្រ​​​នេះ​​​ទទួល​​​បាន​​​ប្រាក់​​​អតីត​​​ភាព​​​ការ​​​ងារ​​​។

យោង​តាម​សមាជិក​សហជីព និង​ក្រសួង​ការ​ងារ​បាន​ឲ្យ​ដឹង​ថា រោង​​​​ចក្រ Kui Xing ជា​​​សាខា​​​របស់​​​រោង​​​ចក្រ Sun Sky ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​​​​បាន​​​បិទ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១​​​​​​ ខែ​​​កុម្ភៈ បន្ទាប់​​​ពី​​​ដំណើរ​​​ការ​​​បាន​​​១២​​​ឆ្នាំ នៅ​​​ពេល​​​ថៅកែរោង​​​ចក្រ​​​បាន​​​ប្រកាស​​​ក្ស័យ​​​ធន ហើយ​​​បាន​​​បាត់​​​ខ​​​្លួន​​​ ​​​​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​៣០០នាក់​​​​​​លើកឡើង​ថា ពួកគេ​ត្រូវ​ទទួល​បាន​ប្រាក់​អតី​ត​ភាព​ការ​​​ងារ​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​។

កម្មការិនី ប៊ុន កន្និកា អាយុ​​​២៧​​​ឆ្នាំ​​​ជា​​​តំណាង​​​កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា ចាប់​​​តាំង​​​ពី​​​រោង​​​ចក្រ​​​បិទ​​​មក​​​ កម្មករ​​​បាន​​​បោះ​​​តង់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​តែម្តង ដើម្បី​​​ឃ្លាំ​​​មើល​​​ម៉ាសីុន​​​ដេរ​​​​​ជាង​​​២០០​គ្រឿង​​​ជា​​​វិធាន​​​ការ​​​ដើម្បី​​​ទប់​​​ស្កាត់​​ថៅកែ​​​រោង​​​ចក្រ​​​កុំ​​​ឲ្យ​​​លក់​​​សម្ភារទាំង​​​នេះ ហើយ​​​យក​​​លុយ​​​រត់​​​ទៅ​​​បាត់​​​​​​​​​​​​​​​​​​ជា​​​ជាង​​​បើក​​​ប្រាក់​​​ឲ្យ​​​ពួក​​​គេ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា កម្មករ​​​សង្ឃឹម​​​ថា នឹង​​​ត្រឡប់ទៅ​​​លេង​ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​នានា​​​នៅ​​​ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​នៅ​​​ខែក្រោយ​​​នេះ ហើយ​​​កំពុង​​​ស្វែង​​​រក​​​អធិ​បញ្ជា​​​ដើម្បី​រារាំង​​​​​រោង​​​ចក្រ​​​កុំ​​​ឲ្យ​​​លក់​​​សម្ភារ​​​អំឡុ​​​ងពេល​​​នោះ​​​។

កម្មការិនី ឈ្មោះ កន្និកា បាន​​​និយាយថា “យើង​​​ព្យាយាម​​​អស់​​​ពី​​​លទ្ធភាព​​​ដើម្បី​​​អំពាវនាវ​ឲ្យ​​​ស្ថាប័ន​​​ជា​​​ច្រើន​​​ដូច​​​ជា​​​ក្រសួង​​​ការ​​​ងារ​​​សន្យា​​​ជា​​​មួយ​​​ពួក​​​​​​េយីង​​​ថា នឹង​​​ស្នើ​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ឲ្យ​​​ចេញ​​អធិ​​​បញ្ជា​​​ការ​​​​​​​​​ពារ​​​ម៉ាស៊ីន​​​ដេរ​​​អំឡុង​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ នៅ​​​ពេល​​​​​​កម្មករ​​​ទៅ​​​លេង​​​ក្រុម​​​គ្រួសារ​​​របស់​​​ខ្លួន​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​នានា​​​។

កន្និកា បាន​​លើកឡើង​​​​​ថា កម្មករ​​​​ភាគ​​​ច្រើន​​​បាន​​​បម្រើការ​នៅ​​​រោង​​​ចក្រ​​​នេះ​​​ដែល​​​បាន​​​បើក​​​ដំណើរ​​​ការ​​​១២​​​​​​ឆ្នាំ​​​មក​​​ហើយ រយៈ​​​ពេល​​​ជាង​​​ប្រាំ​​​ឆ្នាំ​​​មកហើយ ហើយ​​​មិនទទួលបាន​​​​សំណង​​​ចំពោះ​​​ការ​​​បាត់​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ភ្លាមៗ​​​ បន្ថែម​​​ពីលើ​ប្រាក់​​​អតីត​​​ការ​​​ងារ​​​ឡើយ​​​។

តំណាង​​​តុលាការ​ម្នាក់​​​បាន​​​ចេញ​​​មក​​​ជួប​​​ក្រុម​​​អ្នក​​​តវ៉ា​​​ ដោយ​​​ប្រាប់​​​ពួក​​​គេ​​​ថា ​​​មិន​​​បាន​​​ទទួល​​​លិខិត​​​ពីក្រសួង​​​ការ​​​ងារ​​​ឡើយ​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​​​​ជា​​​មួយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ឡើយ​​​។

លោក​​​ វង្ស សុវណ្ណ អនុ​​​ប្រធាន​​​នាយកដ្ឋាន​​​វិវាទ​​​ការងារ​​​នៅ​​​ក្រសួង​​​ការងារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​​​​របស់​​​កម្មករ​​​ហើយ​​​កាល​​​ពីថ្ងៃ​​​សុក្រ ប៉ុន្តែ​​​ថា ករណី​​​នេះ​​​វា​​​ហួស​​​ពី​​​សមត្ថកិច្ច​​​នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ ហើយ​​​វា​​​អាស្រ័យ​​​លើ​​​សហជីព​​​របស់​​​ពួកគេ​​​ក្នុង​​​ការ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា ប្រហែល​​​ជា​​​ថៅ​​​កែ​​​រោង​​​ចក្រ​​​បាន​​​គេច​​​ខ្លួនបាត់ទៅ​​​ហើយ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ដែល​​​បាន​​​ជួប​​​គាត់​​​ឡើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​ ករណី​​​នេះ​​​វា​​​ហួស​​​ពី​​​សមត្ថកិច្ច​​​របស់​​​យើង ដូច្នេះ ទុក​​​ឲ្យ​​​តុលាការ​​​ជា​​​អ្នក​​​សម្រេចចុះ ប៉ុន្តែ ប្រសិន​​​បើ​​​នៅ​​​ពេល​​​អនាគត​​​ថៅ​​​កែ​​​រោង​​​ចក្រ​​​មិន​​​មក​​​ទេ​ ​​នោះតុលាការ​​​ប្រហែលជាត្រូវ​​​​ចេញ​​​សេចក្តីបង្គាប់​ ហើយ​​​លក់​​​ម៉ាស៊ីន​​​ដេរ​​​ទាំង​​​អស​​​់​​​។

លោក ពៅ ហួត ចៅ​​​សង្កាត់​​​ច្បារ​​​អំពៅ​​​១ បាន​​​មានប្រសាសន៍​​​ថា វា​​​មិនមែន​​​ជា​​​ការ​​​ទទួល​ខុស​​​ត្រូវ​​​របស់​​​លោក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ម្ចាស់​​​រោង​​​ចក្រ​​​ទេ​​​ ប៉ុន្តែ​​​ថា ទោះ​​​យ៉ាងណា លោក​​​បាន​​​ប្រាប់​​​ឲ្យ​​​មន្ត្រី​​​របស់​​​លោក​​​ឃ្លាំ​​​មើល​​​គាត់​​​ ព្រម​​​ទាំង​​​ការ​​​ពារ​​​សម្ភារ​​​មិន​​​ឲ្យយក​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ទៅ​​​លក់​​​ឡើយ​​​។

លោក ពៅ ហួត បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យកង​​​រាជ​​​អាវុធ​​​ហត្ថ​​​ នគរ​​​បាល​​​ និង​​​កម្លាំង​​​សន្តិសុខ​​​ធ្វើ​​​ការ​​​ល្បាត​​​រាល់​​​ថ្ងៃ​​​”។

លោក ជា មុនី ប្រធាន​​​សហជីព​​​សេរី​​​កម្មករ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​លោក ខែម ផានិត មន្ត្រី​​​សហជីព​​​សេរីកម្មករ​អំពី​​​​​​ថា តើ​​​សហជីព​​​របស់​​​លោក​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​ឬ​​​យ៉ាង​​​ណា​​​។ លោក ផានិត បាន​​​អះ​​​អាង​​​ថា ក្រសួង​​​ការ​​​ងារ​​​បាន​​​សន្យា​​​បញ្ជូន​​​ពាក្យ​​​បណ្តឹង​​​នោះ។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​រដ្ឋបាល​​​រោង​​​ចក្រ​​​បាន​​​ឡើយ​​​៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស