26 C
Phnom Penh

អគ្គលេខាធិការ​រដ្ឋសភា​បដិសេធ​មិន​ឆ្លើយ​សំណួរ​​សមាជិក​សភា​ជុំវិញ​ការ​ចំណាយ​មិន​ត្រឹម​ត្រូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អនុប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​​​នៅ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា អគ្គលេខាធិការ​រដ្ឋសភា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​អនុញ្ញាត​ឲ្យ​មាន​ការ​ចំណាយ​មិន​ត្រឹម​ត្រូវ និង​បក្ខពួក​និយម​នៅ​ក្នុង​សភា​​ បាន​ចំណាយ​ពេល​ពីរ​ម៉ោង​កាលពី​ម្សិលមិញ ដោយ​បដិសេធ​​មិន​ឆ្លើយ​សំណួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​​របស់​សមាជិក​សភា​​លើ​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​​​នៅ​រដ្ឋសភា​។

ការ​ចោទ​ប្រកាន់​លើ​លោក​ ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​​ដំបូង​ឡើយ​ត្រូវ​បាន​លើក​ឡើង​​ដោយ​លោក សុន ឆ័យ សមាជិក​សភា​ជាន់​ខ្ពស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​នេះ​កាលពី​ខែ​មុន ដែល​ក្នុង​នោះ​​​សមាជិក​​ទាំង​អស់​​យល់​ព្រម​កោះហៅ​អគ្គលេខាធិការ​​​​​រូប​នេះ​មក​សាកសួរ​ជុំវិញ​ការ​ចំណាយ​ខុស​ប្រក្រតី​នៅ​ក្នុង​ថវិកា​ឆ្នាំ​២០១៥​របស់​រដ្ឋសភា។

នៅ​ក្នុង​កិច្ចប្រជុំ​បិទ​ទ្វារ​រយៈ​ពេល​ពីរ​ម៉ោង​កន្លះ​កាលពី​ម្សិលមិញ លោក សុន ឆ័យ អនុប្រធាន​គណៈកម្មការ​ទី២​នេះ​​បាន​លើក​ឡើង​ថា លោក​បាន​​សួរ​លោក ឡេង ប៉េងឡុង អំពី​ការ​ចំណាយ​មិន​ត្រឹម​ត្រូវ​នេះ​ ដែល​រួម​មាន​ដូច​ជា​ការ​ទិញ​រថយន្ត​ថ្មី​ចំនួន​៣០​គ្រឿង​ ដែល​ក្នុង​មួយគ្រឿង​ៗ​មាន​តម្លៃ​២០០.០០០​ដុល្លារ និង​ការ​ទិញ​ដង​ទង់ជាតិ​​​មួយ​អស់​ចំនួន​២៥.០០០​ដុល្លារ​ ព្រមទាំង​ការ​​ចំណាយ​លើ​ការ​ទិញ​ទ្វារ​មួយ​អស់​៥២.០០០​ដុល្លារ​។

ពេល​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​ លោក ឡេង ប៉េងឡុង បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ឡើយ។

អគ្គលេខាធិការ​រូប​នេះ​​បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​លើ​លោក​ សុន ឆ័យ ថា “អញ្ជើញ​ទៅ​សួរ​គាត់​ទៅ​ គាត់​គឺ​ជា​អ្នក​រៀបចំ”។

ចំណែក​ឯ​លោក សុន ឆ័យ​ វិញ​បាន​លើក​ឡើង​ថា លោក ឡេង ប៉េងឡុង មិន​បាន​និយាយ​អ្វី​ទេ​អំឡុង​កិច្ច​ប្រជុំ​នៅ​ពេល​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​នីមួយៗ​ ដោយ​លើក​ឡើង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​។

លោក សុន​ ឆ័យ បាន​លើក​ឡើង​ទៀត​ថា លោក​បាន​ស្នើ​​សុំ​ការ​អនុញ្ញាត​ពី​​គណៈកម្មការ​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​កិច្ច​សន្យា​​រវាង​រដ្ឋសភា និង​ក្រុម​ហ៊ុន​ឯកជនឡើង​វិញ​ និង​​ដើម្បី​ត្រួត​ពិនិត្យ​ការ​ចំណាយ​ចំនួន​១១,៥លាន​ដុល្លារ​​លើ ” សេវាកម្ម” ដូច​ជា​ការ​រៀបចំ​សេវា​កម្ម​នានា​សម្រាប់​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​បរទេស​ ឬក៏​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រៅ​របស់​សមាជិក​សភា​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​​មិន​ហា៊ន​ដោះស្រាយ​បញ្ហា​នេះ​ទេ។ គាត់​មិន​បាន​ផ្ដល់​ចម្លើយ​អ្វី​ឡើយ ហើយ​បាន​បង្វែរ​ [សំណួរ​] ទៅ​ប្រធាន​រដ្ឋសភា​។ ថ្ងៃ​នេះ​យើង​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​ដ៏ធំ​នេះ​នៅ​ឡើយ​ទេ ព្រោះ​យើង​កំពុង​រង់ចាំ​ឯក​ឧត្ដម​អគ្គលេខាធិការ​ទៅ​សួរ​ប្រធាន​រដ្ឋសភា​សិន​”។

លោក សុន ឆ័យ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា លោក ឡេង ប៉េងឡុង បាន​ប្រាប់​គណៈ​កម្មការ​នេះ​ថា លោក​គ្មាន​សិទ្ធិ​បញ្ចេញ​ឯកសារ​ស្ដីពី​ការ​ចំណាយ​របស់​​សភា​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​ស្នើ​សុំ​ត្រួត​ពិនិត្យ​ឯកសារ​ស្ដីពី​ការ​ដេញ​ថ្លៃ​ តើ​មាន​ក្រុម​ហ៊ុន​ប៉ុន្មាន​ចូល​រួម​ដេញថ្លៃ តើ​ពួកគេ​ដេញ​ថ្លៃ​ប៉ុន្មាន តើ​សម្ភារ​អ្វី​ខ្លះ​ដែល​ត្រូវ​ការ ហើយ​ថាតើ​ក្រុម​ហ៊ុន​ណាមួយ​ជាអ្នក​ផ្គត់​ផ្គង់។ យើង​គិត​ថា វា​មិន​​ត្រឹម​ត្រូវ​ទេ​ដែល​អគ្គ​លេខាធិការ​លាក់​ឯកសារ​ទាំង​នេះ”។

លោក មិត្ត​ ការ៉េន អគ្គលេខាធិការ​រង​រដ្ឋសភា​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​កាលពី​ម្សិលមិញ ហើយ​បាន​បង្វែរ​សំណួរ​​ទៅ​លោក​ ឡេង ប៉េងឡុង​ វិញ​។

ទោះជាយ៉ាង​ណា លោក ឈាង វុន សមាជិក​សភា​មកពីគណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ថា លោក សុន ឆ័យ គ្មាន​សិទ្ធិ​ទាមទារ​ឯកសារ​ពី​រដ្ឋបាល​របស់​​សភា​បាន​ឡើយ​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “គណៈកម្មការ​ទី២​គ្មាន​សិទ្ធិ​ទាម​ទារ​ឯកសារ​ ឬក៏​ត្រួត​ពិនិត្យ​របាយការណ៍​នោះឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “លោក ជាម យៀប ប្រធាន​គណៈកម្មការ​នេះ​​​ត្រូវ​តែ​ធ្វើ​សំណើ​ទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ហើយ​បន្ទាប់​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នឹង​បង្កើត​គណៈកម្មការ​ពិសេស​មួយ​ ដើម្បីពិចារណា​ថា​តើ​ការ​ត្រួត​ពិនិត្យ​ចាំបាច់​ឬក៏អត់។ ប្រសិន​បើ​ខ្ញុំ​ជា​ឯកឧត្ដម​ ឡេង ប៉េងឡុង វិញ ខ្ញុំ​នឹង​មិន​ឆ្លើយ​តប​គណៈកម្មការ​ទី២​ឡើយ ព្រោះ​អគ្គលេខាធិការមាន​ការ​ទទួល​ខុស​ត្រូវ​តែ​ចំពោះ​ប្រធាន​សភា​ប៉ុណ្ណោះ”៕ ស៊ុុយឈាង​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស