បុរសម្នាក់ដែលនគរបាលតាមចាប់ខ្លួនពីបទដកកាំភ្លើងខ្លីបាញ់ឡើងលើ៣៣គ្រាប់ បន្ទាប់ពីត្រូវបានផាកពិន័យចំនួន៣ដុល្លារ ចំពោះការបើកបររថយន្តក្នុងល្បឿនលឿននោះ បានប្រគល់ខ្លួនឲ្យនគរបាលកាលពីព្រឹកម្សិលមិញនៅក្នុងរាជធានីភ្នំពេញ។
ពិរុទ្ធជនជាប់ចោទឈ្មោះ ជឹង ស៊ីណាត ជាអ្នកគួកជេររថយន្តនៅក្នុងរាជធានី បានគេចខ្លួនចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមកនៅពេលបុរសរូបនេះត្រូវនគរបាលចរាចរឃាត់ក្នុងខេត្តកំពង់ស្ពឺ ហើយបានពិន័យជាប្រាក់៣ដុល្លារចំពោះការបើកបរក្នុងល្បឿន៩៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងតំបន់ដែលល្បឿនកំណត់តែ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
គាត់បាននិយាយថា ការពិន័យនោះគ្មានការតវ៉ាទេ ប៉ុន្តែ បន្ទាប់មកគាត់បានបើករថយន្តម៉ាកសឺដេស ចេញពីនគរបាល ហើយបានដកកាំភ្លើងម៉ាកឡុកបាញ់ឡើងលើ៣៣គ្រាប់។
កាលពីសប្តាហ៍មុន លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបន្ទោសនគរបាលខេត្តកំពង់ស្ពឺចំពោះការបណ្តោយឲ្យឈ្មោះ ស៊ីណាត នេះគេចខ្លួន ហើយបានហៅការគ្រប់គ្រងកម្លាំងរបស់លោក កែវ ពិសី ស្នងការនគរបាលខេត្តថា “ខ្សោយណាស់”។
ប៉ុន្តែ នគរបាលមិនអាចតាមចាប់ឈ្មោះ ស៊ីណាត ដែលជាអ្នកខេត្តកំពង់ចាមបានទេ រហូតដល់បុរសរូបេនះបានប្រគល់ខ្លួននៅប៉ុស្តិ៍នគរបាលក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីបានមានប្រសាសន៍ថា យើងបានព្យាយាមស្វែងរកជននេះ ប៉ុន្តែ ជននេះបានគេចពីផ្ទះរបស់ខ្លួន បន្ទាប់ពីការបាញ់មក”។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ថា ស៊ីណាត បានសារភាពចំពោះបទល្មើសនោះ។ លោកបានមានប្រសាសន៍ថា “ជនសង្ស័យរូបេនះបានប្រាប់យើងថា គាត់ស្រវឹងស្រា ហើយបានបាញ់ឡើងលើ៣៣គ្រាប់ពីព្រោះគាត់ខឹងពីការដែលនគរបាលពិន័យគាត់៣ដុល្លារ ចំពោះការបើកបរក្នុងល្បឿនលឿន”។
ទាំងឧត្តមសេនីយ៍ឯក ជួនសុវណ្ណ និងលោក ជួន ណារិន ស្នងការរងបានសង្កត់ធ្ងន់ថា
ពិរុទ្ធជននេះជា “មនុស្សធម្មតា” ដែលជាអ្នកគួកជេររថយន្ត មិនមែនជាមន្ត្រីរដ្ឋាភិបាល ឬយោធាអ្វីឡើយ។ លោកទាំងពីរបានលើកឡើងថា ពួកគាត់នឹងសើុបអង្កេតថា តើបុរសរូបេនះមានកាំភ្លើងឡុកដោយរបៀបណានោះ។
យោងតាមលោកព្រះរាជអាជ្ញា កែវ សុធា បានឲ្យដឹងថា បន្ទាប់ពីប្រគល់ខ្លួន បុរសឈ្មោះ ស៊ីណាត ត្រូវបានបញ្ជូនទៅខេត្តកំពង់ស្ពឺកន្លែងដែលគាត់ត្រូវបានសាលាដំបូងខេត្តចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ ហើយបានបញ្ជូនទៅពន្ធនាគារខេត្ត៕សារុន