30.1 C
Phnom Penh

ឱ​កាស​​នៃ​​​​គុណ​​វិបត្តិ​​នៅ​ក្នុង​ច្បាប់​​ស្ដីពី គ.ជ.ប. ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​វិភាគ

កាលពី​ថ្ងៃច័ន្ទ​ គណបក្ស​ប្រឆាំង​បាន​កោត​សរសើរការ​តាក់​តែង​​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​ ឡើង​វិញ​ថាជា​ជោគជ័យ​​​ ដោយ​បាន​បញ្ចប់​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ប្រាំបី​ខែ​ក្រោយពីខ្លួន​​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​​មិន​ចូល​សភា​ ជា​ថ្នូរ​នឹង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។

ការ​ផាក​ពិន័យ​​ថ្មី​ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល “ប្រមាថ” គណបក្ស​នយោបាយ​​ និង​អំណាច​ថ្មី​មិន​ធម្មតា​សម្រាប់​មន្រ្តីដើម្បីដក​​សិទ្ធិ​គណបក្ស​នយោបាយ​ ត្រូវ​បាន​គណ​បក្ស​សង្គ្រោះ​​​ជាតិ​​​​ចាត់​ទុក​ថាជា​បញ្ហា​តូច​តាច ខណៈបំបែក​បាន​​​​ការ​គ្រប់​គ្រង​របស់​​​​គណបក្ស​ប្រជាជន​កម្ពុជា​ លើ​ស្ថាប័ន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ជួយ​សម្រួល​ការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​​ស្ថាប័ននេះ​បាន​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៨​មក​។

ប៉ុន្តែ​សេច​ក្តី​បក​ស្រាយ​មួួយ​លើ​​​ច្បាប់​​ គ.ជ.ប. ដែល​បាន​ចេញ​កាលពី​ថ្ងៃសៅរ៍​រួម​ជាមួយ​នឹង​​ច្បាប់​បោះ​ឆ្នោត​ថ្មី ​បានលើក​ឡើង​ពី​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​វិធាន​គ្រប់​គ្រង​ស្ថាប័ន​ ដែល​អាច​​ធ្វើ​ឲ្យ​បាត់​បង់​ឯករាជ្យភាព​របស់​ខ្លួន ទោះបី​ជា​ស្ថាប័ន​នេះ​មាន​សមាសភាព​មកពី​គណបក្ស​​ពីរ​ចូល​រួម​ក្ដី​។

យោង​តាម​មាត្រា​មួយ​ដែល​ត្រូវ​បាន​​ដាក់​បន្ថែមទៅ​ក្នុង​ច្បាប់​ គ.ជ.ប. នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​​ការ​​ពិភាក្សា ​មុន​ពេល​បញ្ចប់​ការ​ធ្វើ​សេចក្ដី​ព្រាង​​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ​បញ្ជាក់​ថា ប្រតិបត្តិការ​របស់​ផ្នែក​រដ្ឋបាល​នៃគ.ជ.ប. ពេល​នេះ​ត្រូវតែមាន​ការ​អនុម័ត​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​​។

ច្បាប់​ គ.ជ.ប. ថ្មី​នេះ​ចែង​នៅ​ក្នុង​មាត្រា​ដាច់​ដោយ​ឡែក​ថា នាយក​រដ្ឋមន្ត្រី​ត្រូវ​​​ជា​អ្នក​ចេញ​អនុក្រឹត្យ​​ដើម្បីតែង​តាំង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​​រង​របស់​ គ.ជ.ប. ហើយ​ក៏​ដើម្បី​គ្រប់​គ្រង​ “ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អគ្គលេខាធិការដ្ឋាន​​របស់ គ.ជ.ប.” ផង​ដែរ។

លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការដើម្បី​ការ​បោះ​ឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល​) បាន​ពន្យល់​ថា តាម​ច្បាប់​ចាស់ ​​​ក្រុម​ប្រឹក្សា​នាយក​របស់​ គ.ជ.ប. ជា​​អ្នក​​គ្រប់គ្រង​អគ្គលេខាធិការដ្ឋាន​របស់​ខ្លួន​ដោយ​ផ្ទាល់ និង​ជា​អ្នក​ចេញ​បទ​បញ្ជា​​ឲ្យ​ គ.ជ.ប. អនុវត្ត​សេចក្ដី​សម្រេច​ដែល​ខ្លួន​បាន​​ធ្វើ​ដោយ​មាន​សេរីភាព។

លោក​បាន​មាន​ប្រសាសន៍​នៅ​សប្ដាហ៍​នេះ​ថា “តាម​បទ​ប្បញ្ញត្តិ​ដែល​មាន​ស្រាប់ គ.ជ.ប. គឺជា​អ្នក​ចេញ​សេចក្ដី​សម្រេច​​ផ្ទាល់​លើ​អគ្គលេខាធិការ​ដ្ឋាន​ ប៉ុន្តែ​ពេល​នេះ​មិន​ដូច្នោះ​ទេ។ ​ពេល​នេះ​រដ្ឋាភិបាល​គ្រប់​គ្រង​រឿង​នោះ​តាម​រយៈ​អនុក្រឹត្យ។ តើ​អស់​លោក​ធ្វើ​សេចក្ដី​សម្រេច​​យ៉ាង​ម៉េច​ ការ​ងារ​រដ្ឋបាល​របស់​អស់​លោក​ដំណើរ​ការ​យ៉ាង​ម៉េច ការ​គ្រប់​គ្រង​ទាំង​អស់​របស់​អស់​លោក​ ហើយការ​ធ្វើ​សេចក្ដី​សម្រេច​នៅ​ក្នុង​អគ្គលេខាធិការដ្ឋាន​​ ត្រូវ​​ធ្វើ​ឡើង​ដោយ​អនុក្រឹត្យ”។

លោក​បាន​ប្រៀប​ប្រដូច​ប្រព័ន្ធ​ថ្មី​នេះ​ទៅ​នឹង​ក្រុម​ហ៊ុន​មួយ​ដែល​ប្រធាន​ផ្នែក​ប្រតិបត្តិការ​​ (COO)​ មិន​ទទួល​ខុស​ត្រូវ​ចំពោះ​​ក្រុម​ប្រឹក្សា​នាយក​របស់​ក្រុម​ហ៊ុន​នោះ​។ លោក​បាន​បន្ត​ថា ស្ថាន​​ភាព​បែប​នេះ​អាច​នឹងដកសិទិ្ធអំណាចពី​​​សមាជិក គ.ជ.ប. បួន​រូប​របស់​គណបក្ស​សង្គ្រោះជាតិ និង​សមាជិក​អព្យាក្រឹត​ទី​៩​ ប្រសិនបើ​​ពួកគេ​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​ដែល​មិន​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​​បាន​លើក​ឡើង​បន្ត​ថា “ឧបមា​ថា​ អគ្គលេខាធិការដ្ឋាន​​ដែល​ជា COO និង​​គ.ជ.ប. ដែល​​ជា​ក្រុម​ប្រឹក្សា​នាយក​ ខ្វែង​​គំនិតគ្នា។ ប្រសិន​បើ​ក្រុម​ប្រឹក្សា​នាយក​គ្មាន​អំណាច​លើ​ COO ដែល​ស្ថិតក្រោម​ចំណុះ​​​របស់​រដ្ឋាភិបាល​ទេ​នោះ អស់​លោក​​សាក​ស្រមៃ​ទៅមើល​ថា តើ​វា​នឹង​ដំណើរ​ការ​យ៉ាង​ម៉េច​”។

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​​ដែល​ជា​អ្នក​ចរចា​មួយ​រូប​​របស់​គណ​បក្ស​​ប្រឆាំងអំឡុង​​ពេល​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​​នេះ​ បាន​មាន​ប្រសាសន៍​ថា បទប្បញ្ញត្តិ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​​ការងារ​របស់​លោក​មាន​ការ​នឿយ​ណាយ​ និង​នាំ​ឲ្យ​មាន​​ការ​ពិភាក្សា​យ៉ាង​យូរ​ ហើយ​បាន​បញ្ចប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សន្យា​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ជំទាស់​សេចក្ដី​សម្រេច​នានា​ឡើយ​​។

លោកបាន​ពន្យល់​ថា “គណបក្ស​សង្គ្រោះជាតិ​មិន​យល់​ស្រប​នឹង​រឿង​នោះ​ទេ ហើយ​​បាន​​និយាយថា ​វា​គួរតែ​ចែង​​យ៉ាង​ច្បាស់​ថា គ.ជ.ប. មិន​គួរ​រង​ការ​បំពាន​ដោយ​អនុក្រឹត្យ​ដែល​ចេញ​ដោយនាយក​រដ្ឋមន្ត្រី​ឡើយ ប្រសិន​បើ​វា​នៅ​តែ​ជា​ស្ថាប័ន​ឯករាជ្យ​។ វាអាច​ធ្វើ​​ឲ្យ​ស្ថាប័ន​នេះ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​​យ៉ាង​តឹង​រ៉ឹង​ អស់​លោក​អាច​និយាយ​បាន​ថា វា​មិន​ឯករាជ្យ ប៉ុន្តែ​គណបក្ស​ប្រជាជន​​កម្ពុជា​ បាន​ពន្យល់​ថា វា​ជា​នីតិវិធី​រដ្ឋបាល។ លោក​នាយក​រដ្ឋមន្ត្រី​​គ្មាន​សិទ្ធិ​ថាមិនចុះ​ហត្ថលេខា​លើ​សំណើ​សុំ​ពី គ.ជ.ប. នោះទេ។​​វា​​ត្រូវ​បាន​​ដោះ​ស្រាយ​​តាម​រយៈ​​ការ​ធានា​អះអាង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​”។ ​​​​​​​​​​​​​

ការ​​​គ្រប់គ្រង​​​ហិរញ្ញវត្ថុ​​​របស់​​​អ្នក​​​បរិច្ចាគ​​​ដល់​​​គ.ជ.ប.?

ច្បាប់​​​ថ្មី​​​នេះ​​​ក៏​​​អាច​​​ធ្វើ​​​ឲ្យ​​​មានការ​​​បង្អាក់​​​ដល់​​​ប្រតិបត្តិការ​​របស់​​​គ.ជ.ប.​​​ផង​​​ដែរ​​​ ព្រោះ​​​វា​​​តម្រូវ​​​​​​ថា ប្រាក់​​​ដែល​​​គេ​​​ជំនួយ​​​មក​​​ឲ្យ​​​ គ.ជ.ប. ឥឡូវ​​​នេះ​​​ត្រូវ​​​តែ​​​​​​ឆ្លង​​​កាត់​​​ថវិកាជាតិ​​​ដែល​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​​​​សភា​​​គ្រប់គ្រង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​រៀង​​​រាល់​​​ខែ​​​ធ្នូ​​​។ ច្បាប់​​​ចាស់​​​ដែល​​​គ្រប់​​​គ្រង​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​​​​អនុញ្ញាត​​​ឲ្យ​​​ជំនួយ​​​បរទេស​​​អាច​​​​​​ទៅ​​​ដល់​​​ដៃ​​​គ.ជ.ប.​​​ដោយ​​​ផ្ទាល់​​​។

លោក ហង្ស ពុទ្ធា ប្រធាន​​​គណៈកម្មាធិការ​​​អព្យាក្រឹត្យ​​​ និង​​​យុត្តិធម៌​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា​​​ហៅ​​​កាត់​​​ថា​​​និកហ្វិក​​​​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​បទប្បញ្ញត្តិ​​​ថ្មី​​​នេះ​​​ដែល​​​ប្រាក់​​​​​​គេ​​​ជំនួយ​​​​​​មក​​​ឲ្យ​​​គ.ជ.ប.​​​ត្រូវ​​​រាប់​​​បញ្ចូល​​​ក្នុង​​​ថវិកា​​​ជាតិ ​​​ហើយ​​​ថវិកា​​​ទាំង​​​នេះ​​​ត្រូវ​​​បញ្ចូល​​​ទៅ​​​ក្នុង​​​គណនី​​​របស់​​​គ.ជ.ប.​​​នៅ​​​ក្នុង​​​រតនាគារ​​​ជាតិ​​​​​​នោះ​​​។

លោក ពុទ្ធា បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​គ.ជ.ប.អព្យាក្រឹត្យ​​​ ថវិកា​​​របស់​​​គ.ជ.ប.​​​គួរ​​​តែ​​​មាន​​​​​​ផ្លូវ​​​ពីរ​​​។ ផ្លូវ​​​ទី​​​១ អាច​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល​​​​​​ ដោយ​​​រដ្ឋសភា​​​​​​ ប៉ុន្តែ ផ្លូវ​​​មួយ​​​ទៀត​​​នោះ​​​គ.ជ.ប.​​​គួរ​​​តែ​​​មាន​​​ថវិកា​​​ឯករាជ្យ​​​​​​ផ្ទាល់​​​ខ្លួន​​​ដើម្បី អនុញ្ញាត​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​អាច​​​ផ្តល់​​​ការ​​​គាំទ្រ​​​ដោយ​​​ផ្ទាល់​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ទេព នីថា អគ្គលេខាធិការ​​​គ.ជ.ប.​​​បច្ចុប្បន្ន​​​បាន​​​លើក​​​ឡើង​​​ថា មូល​​​និធិរបស់​​​ម្ចាស់​​​ជំនួយ​​​ស្ទើរ​​​ទាំង​​​អស់​​​ជា​​​និច្ច​​​កាល​​​តែង​​​តែ​​​ឆ្លង​​​កាត់​​​ថវិកា​​​ជាតិ​​​ ហើយ​​​ថា​​​ការ​​​រៀប​​​ចំ​​​​​​បែប​​​នេះ​​​មិន​​​ដែល​​​ប៉ះពាល់​​​ដល់​​​លទ្ធភាព​​​របស់​​​ស្ថាប័ន​​​​​​បោះ​​​ឆ្នោត​​​ក្នុង​​​ការអនុវត្ត​​​គម្រោង និង​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​ដែល​​​ត្រូវ​​​បាន​​​សម្រេច​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​របស់​​​ខ្លួន​​​នោះ​​​ឡើយ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ការ​​​អនុវត្ត​​​របស់​​​យើង​​​គឺ​​​ប្រើ​​​ថវិកាជាតិ​​​។ នៅ​​​ពេល​​​​​​មាន​​​ការ​​​ផ្តល់​​​ជំនួយ​​​សម្រាប់​​​គម្រោង​​​ដែល​​​ចំណាយ​​​ថវិកា​​​របស់​​​រដ្ឋាភិបាលនោះ​​​ គ.ជ.ប.​​​ បាន​​​បង្វែរ​​​ថវិកា​​​របស់​​​រដ្ឋាភិបាល​​​ចូល​​​រដ្ឋ​​​”។

លោក ទេព នីថា បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា ឥឡូវ​​​នេះ​​​ គ.ជ.ប.ទំនង​​​ជា​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​របស់​​​ខ្លួន​​​ពី​​​ថវិកាជាតិ​​​ក្នុង​​​ចំនួន​​​សរុប​​​ផ្តាច់​​​តែ​​​ម្តង​​​ ហើយ​​​ គ.ជ.ប.​​​ អាច​​​ចំណាយ​​​ថវិកា​​​ទាំង​​​នេ​​​ះ​​​លើ​​​គម្រោង​​​របស់​​​ខ្លួន​​​​​​តាម​​​ចិត្ត​​​ចង់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​បន្ថែម​​​​​ថា ​​​​​​​​​”សម្រាប់​​​ច្បាប់​​​ថ្មី បើ​​​និយាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ថវិកា​​​ស្វយ័ត​​​​​​វា​​​ហាក់​​​បី​​​ដូច​​​ជា​​​ គ.ជ.ប.ថ្មី​​​អាច​​​កាន់​​​ប្រាក់​​​ ហើយ​​​ចំណាយ​​​ទៅ​​​លើ​​​អ្វី​​​ៗ​​​តាម​​​ចិត្ត​​​ចង់​​​។ យើង​​​មិន​​​ដែល​​​មាន​​​បញ្ហា​​​ណា​​​មួយ​​​ក្នុង​​​ការ​​​ដក​​​ប្រាក់​​​ពី​​​រតនាគារ​​​ជាតិ​​​ឡើយ​​​។ ខ្ញុំ​​គិត​​​ថា គ.ជ.ប. ក៏​​​នឹង​​​គ្មាន​​​បញ្ហា​​​ដែរ​​​”។

លោក សុន ឆ័យ បាន​​​លើក​​​ឡើង​​​ថា វិធាន​​​ការ​​​នេះ​​​នឹង​​​​​​រារាំង​​​រដ្ឋាភិបាលពីការ​​​ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​ដល់​​​​​​គម្រោង​​​របស់​​​គ.ជ.ប.តាម​​​រយៈ​​​ការ​​​​​​ផ្អិប​​​​​​ថវិកា​​​ទុក​​​ ចំណែក​​​ឯនិយាយ​​​ទាក់​​​ទង​​​នឹង​​​​​​ថវិកា​​​ជាតិ​​​វិញ គេ​​​មិន​​​អាច​​​បញ្ជាក់​​​បាន​​​ឡើយ​​​​​​ ថា តើ​​​គ.ជ.ប.​​​នឹង​​​ចំណាយ​​​ប្រាក់​​​ដែល​​​ខ្លួន​​​ទទួល​​​បាន​​​ដោយ​​​របៀប​​​ណា​​​នោះ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “នៅពេល​​​វា​​​ត្រូវ​​​បាន​​​អនុម័ត​​​ ពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​រង់​​​ចាំ​​​សម្រាប់​​​ការ​​​​​​អនុម័ត​​​បន្ថែម​​​ឡើយ​​​។ ​​​ពួក​​​គេ​​​​​​នឹង​​​ត្រូវ​​​បាន​​​​​​ផ្តល់​​​ឲ្យ​​​នូវ​​​ប្រាក់​​​សរុប​​​ក្នុង​​​ចំនួន​​​ដ៏​​​ច្រើន​​​។ គ្មាន​​​នីតិវិធី​​​ដើម្បី​​​រារាំង​​​គ.ជ.ប.​​​​​​មិន​​​ឲ្យ​​​​​​ដក​​​ប្រាក់​​​ដែល​​​ខ្លួន​​​ចង់​​​ដក​​​នោះឡើយ​​​”។

សមាជិក​​​អព្យាក្រឹត្យ​​​

ទោះ​​​បីជា​​​គ.ជ.ប.​​​ថ្មី​​​នឹ​​​ងត្រូវ​​​បង្កើត​​​ឡើង​​​ក៏​​​ដោយ​​​ ប៉ុន្តែ មក​​​ទល់​​​ពេល​​​នេះ​​​ គេ​​​មិន​​​ទាន់​​​ឃើញ​​​​​​មាន​​​ការ​​​លេច​​​ចេញ​​​ជា​​​រូប​​​រាងអ្វី​​​​​​នៅឡើយ​​​ទេ​​​។ជំពូក​​​ចុង​​​ក្រោយ​​​នៃ​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ចែង​​​ថា គ.ជ.ប.បច្ចុប្បន្ន​​​​​​នឹង​​​បន្ត​​​តួនាទី​​​របស់​​​ខ្លួន​​​រហូត​​​ទាល់​​​តែ​​​ក្រុមប្រឹក្សា​​​របស់​​​គ.ជ.ប.​​​ថ្មី ត្រូវ​​​បាន​​​តែង​​​តាំង​​​។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​តែ​​​មាន​​​ការ​​​ឯកភាព​​​គ្នា​​​ចំពោះ​​​សមាជិក​​​ចុង​​​ក្រោយ​​​របស់​​​គ.ជ.ប.​​​បន្ទាប់​​​ពី​​​​​​មាន​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ចំនួន​​​បួន​​​រូប​​​របស់​​​ខ្លួន​​​រួច​​​​​​។ហើយ​​​លោក​​​ស្រី ពុង ឈីវកេក  ប្រធាន​​​អង្គការ​​​លីកាដូ​​​បា​​​ន​​​ទទួល​​​យក​​​តំណែង​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​នៅក្នុង​​​លក្ខខណ្ឌ​​​មួយ​​​មិន​​​ទាន់​​​ដាច់​​​ស្រេច។

លោក​​​ស្រី ពុង ឈីវកេក ដែល​​​គេ​​​តម្រូវ​​​ឲ្យ​​​បោះ​​​បង់​​​ចោល​​​​​​សញ្ជាត​​ិ​​​កាណាដា និង​​​បារាំង​​​ដើម្បី​​​ទទួល​​​យក​​​តំណែង​​​ដ៏​​​សំខាន់​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​​​​ស្រី​​​នឹ​​​ងមិនសម្រេច​​​ថា តើ​​​ត្រូវ​​​ទទួល​​​យក​​​តំណែង​​​នេះ​​​ ឬ​​​ក៏​​​អត់​​​ឡើយ​​​រហូត​​​ទាល់​​​តែ​​​សភា​​​អនុម័ត​​​ច្បាប់​​​ជា​​​មុន​​​សិន​​​។ លោកស្រី​​​បាន​​​​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉ែល​​​មួយ​​​ថា “ខ្ញុំ​​​សូម​​​មិន​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​ណា​​​មួយ​​​ឡើយ​​​ ប្រសិន​​​បើ​​​ច្បាប់​​​នៅ​​​មិន​​​ទាន់​​​អនុម័ត​​​នោះ​​​”។

ប្រសិន​​​បើ​​​លោកស្រី ពុង ឈីវកេក បដិសេធ​​​មិន​​​ទទួល​​​យក​​​តំណែង​​​នេះ គេ​​​នឹង​​​រៀប​​​ចំ​​​ការ​​​ចរចា​​​សារជាថ្មី​​​ឡើងវិញ ដើម្បី​​​ជ្រើស​​​រើស​​​បេក្ខភាព​​​ទី​​​៩​​​ថ្មី​​​ដើម្បី​​​បង្កើត ​​​​​​គ.ជ.ប. ​​​ថ្មី​​​ដោយ​​​ធ្វើ​​​​​​ឲ្យ​​​គណបក្ស​​​ប្រឆាំងមាន​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​សារ​​​ជា​​​ថ្មី​​​ខ្លាច​​​ក្រែង​​​​​​ស្ថាប័ន​​​បោះឆ្នោត​​​ថ្មី​​​នេះ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទៀត​​​​​​៕សុខុម និង ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស