38.1 C
Phnom Penh

​ទំនប់​​វារីអគ្គិសនីធ្វើឲ្យការរស់​​​នៅប្រឈមនឹងហានិភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកថ្មបាំង ខេត្តកោះកុង -នៅ​​​ចំ​​​តំបន់​​​​​​អារ៉ែង​​​ស្ថិត​​​​​​នៅ​​​ជាយ​​​ភ្នំក្រវាញ មានដើមជ្រៃត្រឈឹងត្រឈៃមួយដើម​​​។ នៅ​​​តាម​​​គល់​​​របស់វា មានឫសចាក់ស្រេះ​​​រយីងរយោង មានខ្ទម​​​អ្នកតា​​​មួយ។Areng-1

ដូចជាជីដូនជីតាជនជាតិជងរបស់​​​គាត់​​​រាប់​​​ជំនាន់​​​មក​​​ហើយ​​​នោះ លោក ផុន ឈង មក​​​ទី​​​នេះរាល់​​​ឆ្នាំនៅ​​​ក្នុង​​​ខែ​​​ធ្នូ ឬខែ​​​មករា ដើម្បី​​​បួង​​​សួង​​​សុំឲ្យ​​​មានភោគផលល្អក្នុងរដូវ​​​ដាំដុះ​​​ខាង​​​មុខ។ អ្នកភូមិរូប​​​នេះ មក​​​ទី​​​នេះ​​​ផង​​​ដែរ គឺ​​​យក​​​មក​​​ជាមួយ​​​នូវ​​​ធូប ផ្លែ​​​ឈើ មាន់​​​ស្ងោរ និង​​​ក្បាល​​​ជ្រូក និង​​​ស្រា រាល់​​​ពេល​​​ដែលមាន​​​សមាជិក​​​គ្រួសារធ្លាក់​​​ខ្លួន​​​ឈឺ ដើម្បី​​​​​​បួង​​​សួង​​​សុំឲ្យ​​​ជា​​​សះ​​​ស្បើយ ឬ​​​ប្រសិន​​​បើគោ​​​ក្របី​​​របស់​​​គាត់វង្វេង​​​បាត់។

លោកឈង ​​​បាន​​​និយាយ​​​ថា​​​ “យើង​​​បួង​​​សួង​​​សំុ​​​សេចក្តី​​​សុខ ឬ​​​នៅ​​​ពេល​​​ដែល​​​យឹង​​​បាត់​​​គោ​​​ក្របី​​​ យើង​​​មក​​​ទី​​​នេះ​​​ដើម្បី​​​សុំ​​​ឲ្យ​​​អ្នក​​​តា​​​ជួយ​​​រក ហើយ​​​យើង​​​រក​​​ឃើញ​​​មែន”។

ជន​​​ជាតិដើម​​​ភាគ​​​តិច​​​ជង ឬ​​​ខ្មែរ​​​ដើម គឺ​​​ជាក្រុមជន​​​ជាតិ​​​ភាគ​​​តិចដ៏​​​តូច​​​មួយនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ប្រសិន​​​បើរដ្ឋាភិបាល​​​អនុញ្ញាតឲ្យ​​​មាន​​​ការ​​​សាង​​​សង់​​​ទំនប់វារីអគ្គិសនី​​​ជាយ​​​អារ៉ែងនោះ ជង​​​ចំនួន​​​១២០០​​​នាក់ ដែល​​​ចាត់​​​ទុកតំបន់​​​នេះជាភូមិម្ក ភ័យ​​​ខ្លាច​​​បាត់​​​បង់​​​មុខរបរ​​​ចិញ្ចឹមជីវិត ដែល​​​ពួក​​​គេ​​​បាន​​​ប្រកប​​​រាប់រយ​​​ឆ្នាំ​​​មក​​​ហើយ។

រួម​​​ជាមួយន​​​ឹង​​​ស្រែ​​​ចម្ការ និង​​​ទី​​​កប់​​​ខ្មោច និង​​​ជម្រក​​​សត្វ​​​ព្រៃដែល​​​ទទួលរង​​​ការ​​​គំរាម​​​គំហែង ឬជិត​​​ផុត​​​ពួជនោះ ព្រៃ​​​អារក្ស​និងព្រៃ​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុងតំបន់​​​នេះ នឹង​​​ត្រូវ​​​ជន់លិចដោយ​​​ទំនប់​​​មាន​​​ទំហំ​​​១០០០០ហិកតា ហើយ​​​ពួក​​​គេ​​​នឹង​​​រត់​​​ទៅ​​​រក​​​ទីទួល។

អ្នក​​​ភូមិជងម្នាក់​​​ទៀត ឈ្មោះ ហាស់​​​ ពន បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​ព្រៃ​​​អារក្សលិចលង់ វា​​​ដូច​​​ជាខ្លួន​​​យើងលង់ទឹក​​​ដូច្នេះ​​​ដែរ”។

ជងជាង​​​ដប់នាក់​​​ គឺ​​​ក្នុង​​​ចំណោម​​​នោះលើក​​​លែង​​​តែ​​​ម្នាក់គត់ ដែល​​​ត្រូវ​​​បាន​​​សម្ភាស​​​បាន​​​និយាយ​​​ថា ពួកគេ​​​មិនចង់​​​មាន​​​ទំនប់ទេ។ នៅ​​​ក្នុង​​​​​​សុន្ទរកថា​​​មួួយ​​​កាល​​​ពី​​​ថ្ងៃអង្គារ លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន ដែល​​​គាំទ្រ​​​​​​សំណើ​​​សាង​​​សង់ បាន​​​ចោទ​​​អ្នក​​​ប្រឆាំង​​​នឹង​​​ការ​​​សាង​​​សង់​​​ទំនប់ថា​​​ចង់ធ្វើ​​​អបគមន៍ ហើយ​​​បាន​​​គំរាម​​​ដាក់​​​​​​​​បេអិម​​​២១ទៅ​​​ក្នុង​​​តំបន់​​​អារ៉ែង។​​​ ប៉ុន្តែ​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​បាន​​​អះអាង​​​​​​ដល់អ្នក​​​រិះ​​​គន់​​​ថា​​​ លោក​​​នឹង​​​មិន​​ផ្តល​​​់ភ្លើង​​​ខៀវ​​​ឲ្យ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ដែល​​​ឧបត្តម្ភ​​​ថវិកា​​​ដោយ​​​ចិន មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៨​​​ទេ ហើយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សិក្សាអំពី​​​ផលប៉ះ​​​ពាល់​​​នឹង​​​នៅ​​​តែ​​​បន្ត។

ប៉ុន្តែ​​​នៅ​​​ក្នុង​​​តំបន់អារ៉ែងវិញ អ្នកស្រុក​​​ភ័យខ្លាច​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​គ្រាន់​​​តែ​​​​​​ពន្យា​​​រគម្រោង​​​នោះ​​​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​

ការ​​​រាប់​​​ផល​​​ប៉ះ​​​ពាល់

មាន​​​ការដឹង​​​តិច​​​តួច​​​ទាក់ទង​​​នឹង​​​ជង។ កាល​​​ពី​​​ឆ្នាំ​​​មុន ប្រធាន​​​នាយកដ្ឋាន​​​វប្បធម៌​​​ក្រសួង​​​វប្បធម៌ បាន​​​និយាយ​​​ថា​​​ លោក​​​មិន​​​ដែលឮអំពី​​​ក្រុម​​​ជន​​​ជាតិ​​​នេះ​​​ទេ។ មន្ត្រី​​​ក្រសួង​​​ម្នាក់​​​ទៀត​​​ និង​​​សូម្បី​​​តែ​​​ប្រធាន​​​មន្ទីរ​​​វប្បធម៌​​​ខេត្ត​​​ក៏​​​បាន​​​និយាយ​​​ថា​​​ ពួកគេបាន​​​ឮពី​​​​​​ជន​​​ជាតិ​​​នោះ ប៉ុន្តែមិនដឹង​​​​​​ថា​​​តើពួកគេ​​​នៅ​​​សេស​​​សល់​​​នោះទេ។​​​​​​

អ្នកស្រាវ​​​ជ្រាវ​​​មួយ​​​រូប​​​បាន​​​និយាយ​​​ថា ជងរស់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៤០០​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ។​​​ អ្នក​​​ផ្សេងទៀត​​​ បាន​​​និយាយ​​​ថា ពួកគេ​​​រស់នៅ​​​ទី​​​នោះអស់​​​រយៈ​​​ពេល​​​៥០០ឆ្នាំ ឬ​​​៦០០​​​ឆ្នាំមក​​​ហើយ។​​​ ជង​​​ខ្លះ​​​និយាយ​​​ថា ពួកគេ​​​រស់​​​នៅ​​​ទី​​​នោះ​​​អស់រយៈពេល​​​១០០០​​​ឆ្នាំ​​​មក​​​ហើយ។​​​ ពួកគេ​​​ធ្លាប់​​​មាន​​​ភាសា​​​ផ្ទាល់​​​ខ្លួន​​​ ហើយ​​​នៅ​​​តែ​​​និយាយ​​​​​​គ្រាម​​​ភាសា​​​ខ្មែរនៅ​​​ឡើយ។​​​ ថាតើ​​​ពួកគេ​​​មាន​​​ចំនួន​​​ប៉ុន្មាន​​​នោះ គឺ​​​ជា​​​ការ​​​ប៉ាន់​​​ស្មាន​​​ទេ។

 

ដោយ​​​មាន​​​ការ​​​មិន​​​ទុក​​​ចិត្តយ៉ាង​​​ខ្លាំងថា​​​ជា​​​អ្នក​​​មិន​​​គោរពតាម​​​នោះ ខ្មែរ​​​ក្រហមបាន​​​ជម្លៀស​​​ពួកគេ​​​ឲ្យ​​​ទៅ​​​នៅ​​​ទី​​​ប្រជុំ​​​ជន​​​ជីផាត់​​​នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០។​​​ ពួកគេ​​​ បាន​​​វិល​​​ត្រឡប់​​​មក​​​វិញពីរបី​​​ទសវត្សរ៍ក្រោយ​​​មក ក្នុង​​​ពេល​​​ដែល​​​ក្រុម​​​បះបោរ ពោលគឺ ក្រោយ​​​ពីខ្មែរ​​​ក្រហមត្រូវ​​​ដួល​​​រលំនៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧៩ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញអស់ពីតំបន់​​​នោះ ឬ​​​ត្រូវ​​​គេ​​​ទិញនោះ។ ​​​

អាឡិច ហ្គុនហ្សាឡេស ដាវិដសុន ជា​​​ជនជាតិ​​​អេស្ប៉ាញ​​​ដែល​​​ចេះ​​​និយាយ​​​ភាសា​​​ខ្មែរ​​​រអិល បាន​​​បង្កើត​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មាតា​​​ធម្មជាតិ ដើម្បី​​​ជួយ​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​ប្រឆាំង​​​នឹង​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី ហើយ​​​បាន​​​មក​​​ធ្វើការ​​​និង​​​រស់​​​នៅ​​​ជាមួយ​​​ពួកគេ។ រដ្ឋាភិបាល​​​បាន​​​និរទេស​​​លោក អាឡិច ត្រឡប់​​​ទៅ​​​ប្រទេស​​​អេស្ប៉ាញ​​​វិញ​​​កាលពី​​​ថ្ងៃ​​​ទី​​​២៣​​​ខែ​​​កុម្ភៈ បន្ទាប់ពី​​​បដិសេធ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​របស់​​​គាត់ ដោយសារតែ​​​មាន​​​ការ​​​ដាក់​​​របាំង​​​ផ្លូវ​​​ខុស​​​ច្បាប់ ដែល​​​ពួក​​​សកម្មជន​​​បាន​​​ដាក់​​​កាត់​​​ផ្លូវ​​​ធំ​​​ឆ្ពោះ​​​ទៅ​​​រក​​​តំបន់​​​អារ៉ែង ដោយសង្ឃឹម​​​ថា​​​នឹង​​​រារាំង​​​អ្នក​​​អភិវឌ្ឍ​​​ពីការ​​​ធ្វើើ​​​ដំណើរ​​​ទៅ​​​ទីនោះ។

លោក អាឡិច បាន​​​និយាយ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​កាលពី​​​ឆ្នាំ​​​មុន​​​ថា “គេ​​​ហៅ​​​ខ្លួន​​​គេ​​​ថា ខ្មែរ​​​ជង។ នៅ​​​ទី​​​នេះ ខ្ញុំ​​​ជា​​​ខ្មែរ ប៉ុន្តែ​​​ខ្ញុំ​​​ខ្មែរ​​​ជង”។

លោក អាឡិច បាន​​​និយាយ​​​សំដៅ​​​ទៅលើ​​​សំណើ​​​សាងសង់​​​ទំនប់​​​នៅ​​​ពេល​​​នោះ​​​ថា “តាម​​​ពិត​​​ទៅ​​​វាជា​​​ការ​​​បញ្ចប់​​​វប្បធម៌​​​របស់គេ និង​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​គេ​​​ផងដែរ។ គម្រោង​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​លិចលង់​​​តំបន់​​​នេះ​​​ទាំងស្រុង”។

លោក​​​បន្ថែម​​​ថា “ពួកគេ​​​នឹង​​​ត្រូវ​​​បង្ខំ​​​ចិត្ត​​​ធ្វើ​​​អ្វី​​​ដែល​​​ពួកគេ​​​មិន​​​ដែល​​​ធ្វើ​​​កន្លង​​​មក ពោល​​​គឺ​​​ដាំដុះ​​​លើ​​​ដី​​​មួយ​​​កន្លែង។ វានឹង​​​​​​បំផ្លាញ​​​ការ​​​រស់​​​នៅ​​​របស់​​​គេ​​​ទាំងស្រុង”។

ដូច​​ជា​​​ក្រុម​​​ជនជាតិ​​​ដើម​​​ភាគតិច​​​មួយ​​​ចំនួន​​​ទៀត ប៉ុន្តែ​​​មិនដូច​​​ខ្មែរ​​​ភាគ​​​ច្រើ​​​ន​​​ទេ ជង​​​គឺ​​​ជា​​​កសិករ​​​វិល​​​ជុំ ដែល​​​ដាំដុះ​​​នៅ​​​លើ​​​ដី​​​មួយ​​​កន្លែង​​​រយៈ​​​ពេល​​​ពីរបី​​​ឆ្នាំ ហើយ​​​ទុក​​​វា​​​ទំនេរ​​​ចោល​​​ច្រើន​​​ឆ្នាំ ក្នុង​​​ពេល​​​ដែល​​​ពួកគេ​​​ដាំដុះ​​​នៅ​​​កន្លែង​​​ផ្សេង ដោយ​​​ទុក​​​ឲ្យ​​​វា​​​នៅ​​​ចោល​​​ពីរបី​​​ឆ្នាំ​​​ទៀត​​​មុន​​​នឹង​​​វិល​​​មក​​​ដាំដុះ​​​លើ​​​កន្លែង​​​នោះ​​​ជាថ្មី។

អ្នក​​​ស្រី មៀច ពេញ ដែល​​​ផ្ទះ​​​សំបែង​​​និង​​​ដីធ្លី​​​នឹង​​​ត្រូវ​​​បំផ្លាញ​​​ដោយ​​​ទំនប់​​ បាន​​​និយាយ​​​ថា “ប្រសិនបើ​​​យើង​​​ផ្លាស់​​​កន្លែង វា​​​ពិបាក​​​ណាស់​​​សម្រាប់​​​យើង​​​ជា​​​ជន​​​ជាតិ​​​ភាគតិច ពីព្រោះ​​​យើង​​​រស់​​​នៅ​​​ទីនេះ​​​យូរ​​​ហើយ ហើយ​​​មិន​​​យូរ​​​មិន​​​ឆាប់​​​ទេ ការ​​​រស់​​​នៅ​​​របស់​​​យើង​​​នឹង​​​ត្រូវ​​​បាត់​​​បង់។ យើង​​​មិន​​​ដឹង​​​ថា​​​រកស៊ី​​​ដូច​​​ខ្មែរ​​​យ៉ាង​​​ម៉េច​​​ទេ យើង​​​ពឹងលើ​​​ព្រៃ​​​ឈើ ហើយ​​​យើង​​​មាន​​​ចម្ការ​​​វិល​​​ជុំ”។

ផល​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​អាច​​​នឹង​​​ធ្ងន់។

ការ​​​វាយ​​​តម្លៃ​​​ផល​​​ប៉ះពាល់​​​រួម​​​មួយ ដែល​​​ចេញ​​​ដោយ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​និង​​​អង្គការ​​​អភិរក្ស​​​អន្តរជាតិ​​​កាលពី​​​ពីរបី​​​ឆ្នាំ​​​មុន បាន​​​និយាយថា ទំនប់​​​វារីអគ្គិសនី​​​នឹង​​​បំផ្លាញ​​​តំបន់​​​ដែល​​​មាន​​​ជីវសាស្ត្រ​​​​​​ដ៏​​​សំខាន់​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​និង​​​នៅ​​​ក្នុង​​​តំបន់។

ការ​​​វាយ​​​តម្លៃ​​​បាន​​​និយាយថា ជា​​​ស្ទឹង​​​មួយ​​​ដ៏​​​ធំ​​​បំផុត​​​ក្នុង​​​ចំណោម​​​ស្ទឹង​​​ពីរបី​​​ទៀត ដែល​​​មិន​​​តភ្ជាប់​​​ទៅនឹង​​​ទន្លេ​​​មេគង្គ ឬ​​​ដៃ​​​ទន្លេ​​​ទន្លេ​​​មេគង្គ “ស្ទឹង​​​អារ៉ែង​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​​ថា​​​មាន​​​ប្រភេទ​​​ត្រី​​​មួយ​​​ប្រភេទ​​​គត់​​​ដែល​​​មិន​​​មាន​​​នៅ​​​កន្លែង​​​ដទៃ​​​ទៀត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ រួមមាន​​​ប្រភេទ​​​ដែល​​​ទទួល​​​ការ​​​គំរាមកំហែង​​​ជា​​​សាកល​​​នោះ ប្រភេទ​​​ភាគ​​​ច្រើន​​​មាន​​​នៅ​​​តែ​​​ក្នុង​​​ស្ទឹង​​​អារ៉ែង​​​លើ ហេតុ​​​ដូច្នេះ ជម្រក​​​នឹង​​ស្ទើរតែ​​​បាត់បង់​​​ទាំងស្រុង ប្រសិនបើ​​​ទំនប់​​​វារីអគ្គិសនី​​​ត្រូវ​​​ស្ថាបនា​​​ឡើង”។

ការ​​​វាយ​​​តម្លៃ​​​នោះ​​​បាន​​​និយាយ​​​ថា ក្នុង​​​បណ្តា​​​ប្រភេទ​​​សត្វ​​​ព្រៃ​​​ចំនួន​​​២៧៧​​​ប្រភេទ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ មាន៣១​​​ប្រភេទ​​​ដែល​​​ទទួល​​​រង​​​ការ​​​គំរាម​​​កំហែង​​​ជា​​​សាកល ហើយ​​​៨​​​ប្រភេទ​​​ផ្សេងទៀត​​​ទទួល​​​ការ​​​ការពារ​​​ជាផ្លូវការ​​​ដោយ​​​រដ្ឋាភិបាល​​​កម្ពុជា។

ការ​​​វាយ​​​តម្លៃ​​​បាន​​​បន្ថែម​​​ថា “តំបន់​​​អារ៉ែង​​​លើ​​​គឺ​​​ជា​​​តំបន់​​​សំខាន់​​​បំផុត​​​មួយ​​​សម្រាប់​​​ការ​​​អភិរក្ស​​​ជីវសាស្ត្រ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​តាម​​​ពិត​​​ទៅ​​​ជាតំបន់​​​សំខាន់​​​ឥណ្ឌូភូមា”។

ក្នុង​​​ចំណោម​​​ប្រភេទ​​​សត្វ​​​ព្រៃ​​​នោះ​​​គឺ​​​មាន​​​ក្រពើ​​​ភ្នំ​​​ដែល​​​ទទួល​​​រង​​​គ្រោះថ្នាក់​​​បំផុត​​​ដែល​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​យក​​​ធ្វើ​​​ជា​​​និមិត្តរូប​​​នៃ​​​យុទ្ធនាការ​​​របស់​​​ខ្លួន​​​ប្រឆាំង​​​នឹង​​​ការ​​​សាងសង់​​​ទំនប់។

យោងតាម​​​ការ​​​វាយ​​​តម្លៃ​​​រួម​​​បាន​​​ឲ្យ​​​ដឹង​​​ថា ស្ទឹង​​​អារ៉ែង​​​ខាង​​​លើ​​​ជាកន្លែង​​​ពង​​​កូន​​​ស្ទើរ​​តែ​​​មួយ​​​ភាគ​​​បី​​​​​​នៃ​​​ឧរង្គសត្វ​​​​​​ដែល​​​ហោច​​​ទៅ​​​នៅ​​​ក្នុង​​​ពិភព​​​លោក “ហេតុដូច្នេះ​​​ការ​​​បាត់បង់​​​សត្វ​​​ព្រៃ​​​ប្រភេទ​​​នេះ​​​នឹង​​​ជា​​​វិបត្តិ​​​សាកល”។

ផែនទី​​​ផ្ទាល់​​​របស់​​​រដ្ឋាភិបាល​​​ស្តីពី​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារីអគ្គិសនី ដែល​​​រៀបចំ​​​ដោយ​​​ក្រុមហ៊ុន​​​ប្រឹក្សា SAWAC កាលពី​​​ឆ្នាំ​​​២០០៨ បង្ហាញ​​​​​តំបន់​​​ទាំងមូល​​​របស់​​​ស្ទឹង​​​អារ៉ែង ដែល​​​លាត​​​សន្ធឹង​​​កាត់តាម​​​អាង​​​ទឹក​​​ជា​​​ទី​​​ជម្រក​​​ក្រពើ​​​ភ្នំ រួម​​​មាន​​​យ៉ាង​​​ហោចណាស់​​​បី​​​សំបុក​​​ដែរ។

ស្ទើរតែ​​​ពាក់​​​កណ្តាល​​​នៃ​​​អាងលាត​​​សន្ធឹង​​​តាម​​​ព្រំ​​​ប្រទល់​​​ព្រៃ​​​ការពារ​​​ភ្នំ​​​ក្រវាញភាគ​​​កណ្តាល។​​​

តំបន់​​​អារ៉ែង​​​ក្រោម​​​នឹង​​​ត្រូវ​​​ប៉ះពាល់​​​ផង​​​ដែរ។

ការ​​​វាយ​​​តម្លៃ​​​រួម​​​នេះ​​​បាន​​​និយាយ​​​ថា ទំនប់​​​នឹង​​​កាត់​​​បន្ថយ​​​ទឹក​​​ជំនន់់​​​តាម​​​រដូវ​​​នៅ​​​ខាង​​​ក្រោម​​​ខ្សែ​​​ទឹក។ ​​​ទឹក​​​ជំនន់​​​តាម​​​រដូវ​​​នេះ​​​ធ្វើ​​​ឲ្យ​​​​​​ត្រី​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​​​​ មាន​​​​​សុខភាព​​​ល្អ ហើយ​​​​​​ប្រជាជន​​​ចំនួន​​​២.០០០​​​គ្រួសារ​​​​​​ទៀត​​​បរិភោគ​​​និង​​​មាន​​​មុខ​​​របរ​​​នេសាទ​​​ត្រី​​​។

រដ្ឋាភិបាល​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​បាន​​​ធានា​​​ចំពោះ​​​អ្នក​​​រិះគន់​​​ការ​​​សាងសង់​​​ទំនប់​​​វារីអគ្គិសនី ដែលរួមមាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិថា ការ​​​វាយ​​​តម្លៃ​​​ផលប៉ះ​​​ពាល់​​​បន្ថែម​​​ទៀត​​​បានកំពុង​​​ធ្វើ ហើយ​​​ថា គេ​​​ត្រៀម​​​លុប​​​គម្រោង​​​នោះ​​​ចោល ប្រសិនបើ​​​តម្លៃ​​​សង្គម​​​និង​​​បរិស្ថាន​​​មាន​​​ច្រើន​​​ហួស​​​នោះ។

ប៉ុន្តែ លោក ហ៊ុន សែន បាន​​​ចាប់ផ្តើម​​​វាយ​​​តម្លៃ​​​ទាប​​​ចំពោះ​​​ការ​​​ខូចខាត​​​ដែល​​​អាច​​​កើត​​​មាន​​​ឡើង និង​​​លើក​​​និយាយ​​​អំពី​​​ផល​​​ប្រយោជន៍ គឺ​​​មិន​​​ត្រឹមតែ​​​សម្រាប់​​​គ្រួសារ​​​ដែល​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​ទី​​​លំនៅ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​​​​ថែមទាំងសម្រាប់​​​ប្រជាជន​​​ទាំងអស់​​​ផងដែរ។

ក្រៅពី​​​ទឹក​​​ជំនន់​​​ជន់​​​លិច​​​ស្រែ​​​ចម្ការ​​​និង​​​ ព្រៃ​​​ឈើ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ ក្នុង​​​លិខិត​​​នា​​​ពេល​​​ថ្មីៗ​​​កន្លង​​​ទៅ​​​នេះ​​​​​ ដែល​​​ផ្ញើ​​​ ជូន​​​តំណាង​​​រាស្ត្របក្ស​​​ប្រឆាំង​​​មួយ​​​រូបថា ទំនប់​​​ វារីអគ្គិសនី “មិន​​​មាន​​​ផល​​​ប៉ះពាល់” លើ​​​វប្បធម៌​​​និង​​​ទំនៀប​​​ ទម្លាប់​​​របស់​​​ជង​​​ទេ។ ម្យ៉ាង​​​វិញ​​​ទៀត លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទំនប់​​​វារីអគ្គិសនី​​​នឹង​​​នាំ​​​មក​​​នូវ ​​​ប្រាក់​​​ចំណូល​​​ពន្ធ និង​​​កាត់​​​បន្ថយ​​​ការ​​​សាយភាយ​​​ឧស្ម័ន​​​ ផ្ទះ​​​កញ្ចក់​​​​​​របស់​​​ប្រទេស​​​ជាតិ ដោយ​​​ជួយ​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ ផ្លាស់​​​ប្តូរ​​​ពី​​​​​​ការដុត​​​ធ្យូង​​​ទៅជា​​​ការ​​​ប្រើ​​​ថាមពល​​​ វារីអគ្គិសនី​​​វិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជងអាច​​​រក​​​ការងារ​ ​​ធ្វើ​​​ដោយ​​​កសាង​​​ទំនប់ និង​​​នាំ​​​ភ្ញៀវ​​​ទេសចរ​​​។Areng-3

 តម្លៃ​​​នៃ​​​ការ​​​អភិវឌ្ឍ

គម្រោង​​​វារីអគ្គិសនី​​​ពិត​​​ជាមាន​​​អ្នក​​​គាំទ្រ​​​នៅ​​​ក្នុង​​​តំបន់​​​អារ៉ែង។

លោក កែវ សារុន មេឃុំ​​​ថ្ម​​​ដូនពៅ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជាពលរដ្ឋ​​​ភាគច្រើន​​​នៅ​​​ក្នុង​​​ឃុំ​​​របស់​​​លោក​​​ចង់​​​ឃើញ​​​រដ្ឋាភិបាល​​​សាងសង់​​​ទំនប់ “ពីព្រោះ​​​ពួកគេ​​​ចង់​​​ឲ្យ​​​ភូមិ​​​មាន​​​ការ​​​អភិវឌ្ឍ”។

លោក សារុន បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​រស់​​​នៅ​​​ទី​​​នេះ​​​តាំង​​​ពី​​​ឆ្នាំ​១៩៩៨​​​មក​​​ម៉្លេះ ហើយ​​​មិន​​​ដែល​​​ឃើញ​​​មាន​​​ការ​​​ផ្លាស់ប្តូរ​​​ទេ ដូច្នេះ​​​ប្រជាជន​​​ត្រូវ​​​ការ​​​អគ្គិសនី”។

ឥឡូវ​​​​​​នេះប្រជាពលរដ្ឋ​​​ទទួល​​​បាន​​​អគ្គិសនី​​​ពី​​​ម៉ាស៊ីន​​​ភ្លើង និង​​​ផ្ទាំង​​​ពន្លឺព្រះ​​​អាទិត្យ​​​ពីរ​​​បី​​​ផ្ទាំង​​​ប៉ុណ្ណោះ។​​​​​​ មិន​​​មាន​​​គ្លីនិក​​​ ហើយ​​​សាលា​​​ពី​​​របី​​​មាន​​​ត្រឹម​​​តែ​​​ថ្នាក់​​​ទី​​​ប្រាំមួយបឋម​​​សិក្សាប៉ុណ្ណោះ។​​​ តំបន់​​​អារ៉ែង​​​ទាំង​​​មូល​​​មិន​​​មាន​​​សេវា​​​ទូរស័ព្ទ​​​ដៃ​​​ទេ។​​​ វិធី​​​តែ​​​មួយ​​​គត់​​​ដែល​​​អាច​​​ហៅចូល​​​ ឬ​​​ហៅ​​​ចេញ​​​បាន​​​ គឺ​​​ប្រើទូរស័ព្ទ​​​ផ្កាយ​​​រណប​​​ប៉ុណ្ណោះ។​​​

លោក សារុន​​​ បាន​​​និយាយ​​​ថា​​​ នាពេល​​​ថ្មីៗ​​​កន្លង​​​ទៅ​​​នេះ លោក​​​បាន​​​ដើរ​​​យក​​​​​​សំបុត្រ​​​មួយច្បាប់​​​សួរ​​​ប្រជាពលរដ្ឋដែល​​​ចង់​​​បាន​​​ក្រុម​​​ហ៊ុន សាវ៉ាក់​​​មក​​​ម្តង​​​ទៀត​​​ ដើម្បី​​​ធ្វើការ​​​វាយ​​​តម្លៃផល​​​ប៉ះពាល់​ជាថ្មី។​​​ ក្នុង​​​ចំណោម​​​ប្រជាពលរដ្ឋ​​​១០០​​​គ្រួសារដែល​​​លោក​​​បាន​​​សួរ លោក​​​បាន​​​និយាយ​​​ថា​​​ ទាំង​​​អស់​​​គ្នា​​​និយាយ​​​ថា​​​យល់​​​ព្រម​​​ លើក​​​លែង​​​តែ​​​ប្រាំ​​​គ្រួសារ​​​ប៉ុណ្ណោះ​​​ដែល​​​ជំទាស់។

លោក សារុន ដែល​​​បាន​​​អង្គុយ​​​នៅ​​​ជុំវិញ​​​ដោយ​​​ឯកសារ​​​ជា​​​ច្រើន​​​នៅ​​​លើផ្ទះ​​​ឈើ​​​ដែល​​​មាន​​​ខ្យល់​​​ចេញ​​​ចូល​​​រសៀកៗ​​​​​​បាន​​​និយាយ​​​ថា ៉យើង​​​មិន​​​បង្ខំពួកគេ​​​ទេ។​​​ វា​​​ជា​​​ការ​​​ស្ម័គ្រចិត្ត​​​។​​​​​​ ខ្ញុំនៅ​​​កណ្តាល​​​ ខ្ញុំ​​​មិន​​​លម្អៀង​​​ទៅ​​​​​​រក​​​គណបក្ស​​​​​​ណា​​​ទេ ពីព្រោះ​​​ខ្ញុំ​​​ជា​​​ខ្មែរ ៉។

អ្នកស្រី យូម រ៉ា ដែល​​​មិន​​​ម៉ែន​​​ជាជង ហើយ​​​បើក​​​ហាង​​​លក់ដូរ​​​មួយនៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​គាត់​​​ មាន​​​ចម្ងាយប្រហែល​​​ដប់ម្ភៃម៉ែត្រប៉ុណ្ណោះពី​​​គម្រោង​​​សាង​​​សង់​​​ជញ្ជាំង​​​ទំនប់​​​ បាន​​​និយាយ​​​ថា អ្នកស្រី​​​នឹង​​​មិន​​​រើ​​​ចេញ​​​ពី​​​ទី​​​នេះ​​​ទេ ប៉ុន្តែចាំ​​​ស្តាប់​​​ថា​​​តើ​​​រដ្ឋាភិបាល​​​នឹង​​​ផ្តល់​​​សំណង​​​ប៉ុន្មានសិន​​​ ទើប​​​រើ​​​ចេញ។ ដូច​​​ជា​​​មេឃុំ​​​ដែរ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា​​​ ភាគ​​​ច្រើន​​​នៃ​​​អ្នក​​​ជិត​​​ខាង​​​របស់​​​គាត់​​​ បាន​​​គាំទ្រ​​​ឲ្យ​​​មាន​​​ទំនប់វារី​​​អគ្គិសនី។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ៉មនុស្ស​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ ចង់​​​ឲ្យ​​​ចិន​​​មក​​​ទី​​​នេះ។​​​ ពួកគេ​​​និយាយ​​​ថា យើង​​​នឹង​​​មាន​​​ភ្លើង​​​អគ្គិសនី​​​ សាលា​​​រៀន និង​​​មន្ទីរ​​​ពេទ្យ ប្រសិន​​​បើ​​​គេ​​​មក​​​ទី​​​នេះ ៉។

​​​​​​​​​​​​​​​​​​​​​​​អ្នកស្រី​​​ពេញ ដែល​​​រស់​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ បាន​​​ជំទាស់។​​​

 

អ្នក​​​ស្រី​​​ពេញ​​​បាន​​​និយាយ​​​ថា ៉ពេល​​​ខ្ញុំ​​​និយាយ​​​ជាមួយ​​​ជងផ្សេងទៀត ពួកគេ​​​និយាយ​​​ថា​​​ ពួកគេ​​​មិន​​​ចង់​​​ផ្លាស់​​​ប្តូរ​​​ទី​​​កន្លែង​​​ទេ ពី​​​ព្រោះ​​​យើង​​​មាន​​​អ្វីៗ​​​គ្រប់​​​យ៉ាង​​​នៅ​​​ទី​​​នេះ ហើយ​​​ការ​​​​​​ចាប់​​​ផ្តើម​​​ម្តង​​​ទៀត​​​ ពិបាក​​​ណាស់​​​។ ប៉ុន្តែ​​​យើង​​​មិន​​​ហ៊ាន​​​តវ៉ា​​​ទេ ពី​​​ព្រោះ​​​ពួក​​​គេ​​​ខ្លាច​​​អាជ្ញាធរ​​​ចោទ​​​ពួកគេ​​​ថា​​​នៅ​​​ជាមួយ​​​បក្ស​​​ប្រឆាំង​​​…. ពួកគេ​​​ខ្លាច​​​អាជ្ញាធរ​​​​​​ស្អប់​​​ពួកគេ ៉។

 

អ្នក​ស្រី ពេញ បាន​និយាយ​ថា ទាហានបាន​រិះគន់​អ្នក​ស្រី​ព្រោះ​ការ​សួរ​នាំ​​រក​ហេតុផល​ដែល​គ្រួសារ​ជាច្រើន​មិន​ត្រូវ​បាន​គេ​ពិគ្រោះយោបល់​មុន​ពេល​ការ​ចុះ​មក​ពិនិត្យ​មុនៗ ពី​បណ្តា​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​គម្រោង​នេះ ហើយ​ឮ​ថា ក្រុម​មន្ត្រី​មូលដ្ឋាន​ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​អង្គការ មាតា​ធម្មជាតិ ដោយ​ចោទ​ពួកគេ​ថា​ឃុបឃិត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ស្រី​ក៏​បានឮ​ដែរ​ថា ក្រុម​មន្ត្រី​សន្យា​ថា​នឹង​ជំនួស​ឲ្យ​វិញ​នូវ​អ្វី​ក៏​ដោយ​ដែល​គ្រួសារ​ទាំងអស់​​​​បាត់បង់ ប្រសិនបើ​ពួកគេ​ព្រម​រើ​ចេញ។ ជាផ្លូវការ រដ្ឋាភិបាល​និយាយ​ថា ផែនការ​សំណង​និង​ការ​តាំង​លំនៅ​ជាថ្មី​​​​កំពុង​សិក្សា​នៅ​ឡើយ។

អ្នក​ស្រី​បាន​និយាយ​ថា “ពួកគេ​និយាយ​ថា យើង​នឹង​ទទួល​បាន​អ្វី​ដែល​យើង​មាន​ពីមុន ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ពួកគេ​ទេ”។

អ្នក​ស្រី​មាន​មូលហេតុ​ព្រួយ​បារម្ភ។

គ្រួសារ​ជាច្រើន​ដែល​ត្រូវ​បង្ខំ​ឲ្យ​រើ​ចេញ​ដោយសារ​គម្រោង​ធ្វើ​ចម្ការ​​​​កសិឧស្សាហកម្ម​​​និង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស បាន​តវ៉ា​អំពី​ការ​ផ្តល់​សំណង​តិចតួច និង​ក្បាលដី​តូច ឬ​ដី​គ្មាន​ជីជាតិ​មិន​អាច​ដាំ​ដុះ​បាន​នៅ​កន្លែង​តាំង​លំនៅ​ថ្មី ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ក្រីក្រ​លំបាក​និង​ជំពាក់​បំណុល​កាន់តែ​ច្រើន សូម្បី​នៅ​ពេល​ដែល​មាន​ដៃគូ​អន្តរជាតិ ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ចេញ​លុយ​ឲ្យ​ក៏​ដោយ។

លោក ហ៊ឹង ពៅ សមាជិក​សកម្ម​អង្គការ​មាតា​ធម្មជាតិ​ដែល​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន បាន​និយាយ​ថា ការ​សន្យា​​ថា​មាន​ការងារ​សំណង់​ភ្លាមៗ​និង​អគ្គិសនី​ថោក​នៅ​កន្លែង​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​នេះ មិន​អាច​ទូទាត់​សំណង​សម្រាប់​អ្វី​ដែល​ក្រុម​ជនជាតិ​ជង​មាន​នៅ​នៅ​ទី​នេះ​បាន​ទេ។

លោក​បាន​និយាយ​ថា “វា​ហាក់​ដូចជា​ពួកគេ​មាន​លុយកាក់ ហើយ​ចង់​បង់​ឲ្យ​យើង​ដើម្បី​បំផ្លាញ​ផ្ទះ​សំបែង​របស់​យើង​អ៊ី​ចឹង។ រដ្ឋាភិបាល​អាច​ផ្តល់​ការងារ​ឲ្យ​យើង ប៉ុន្តែ​មិន​អាច​បង់​លុយ​ឲ្យ​​យើង​សម្រាប់​វប្បធម៌​និង​ព្រៃ​ភ្នំ​របស់​យើង​បាន​ទេ”។

លោក ពៅ មាន​សកម្មជន​គ្នីគ្នា​​៦​នាក់​នៅ​ជុំ​វិញ​ក្នុង​​​​​ផ្ទះ​ខ្ទម​ឈើ ដែល​ប្រើ​ជា​មូលដ្ឋាន​មួយ​សម្រាប់​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ទំនប់​នេះ។ បដា​មួយ​ព្យួរ​នៅ​ខាង​ក្រោយ​សរសេរ​ថា “ឈប់​បំផ្លាញ​ធនធាន​ធម្មជាតិ”។

លោ ផល ចំរើន អ្នក​សង្កេត​ការណ៍​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ក្នុង​ខេត្ត ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំនួយ​ច្បាប់​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ភ្នំពេញ បាន​និយាយ​ថា “ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​យកចិត្ត​ទុក​ដាក់​មែន ពួកគេ​អាច​សាងសង់​សាលា​រៀន​និង​គ្លីនិក​នៅ​ទី​នេះ”។

នៅ​មិន​ទាន់​ច្បាស់​ដែល​ថា​ទំនប់​នេះ​នឹង​ដំណើរការ​នោះ។ ក្រុមហ៊ុន​ចិនពី​មុន​ដែល​គិត​អំពី​ការ​សង់​ទំនប់​ស្ទឹង​ជាយ​អារ៉ែង​ បាន​ដក​ចេញ​វិញ បន្ទាប់ពី​បាន​សម្រេច​ថា វា​នឹង​មិន​អាច​ផ្តល់​ថាមពល​កម្លាំង​១០៨​មេហ្គាវ៉ាត់​តាម​គ្រោង​ទុក​បាន​ទេ ហើយ​នឹង​នាំ​ឲ្យ​ខាត​បង់​ប្រាក់។ មិន​មាន​ការ​ចង្អុល​បង្ហាញ​ថា ក្រុមហ៊ុន Sinohydro Resources ជា​ក្រុមហ៊ុន​ចិន​ដែល​បាន​ឈាន​ចូល​យក​កន្លែង​នេះ បាន​ធ្វើការ​សន្និដ្ឋាន​ផ្សេង​នោះ​ទេ។

វា​នាំ​ឲ្យ​មាន​ការ​ប៉ាន់​ស្មាន​ថា ក្រុមហ៊ុន ស៊ីណូហាយដ្រូ និង​រដ្ឋាភិបាល​មាន​ហេតុផល​លាក់​បាំង ថា​ក្រុមហ៊ុន​នេះ​ប្រហែល​គ្រាន់តែ​ចង់​យក​រ៉ែ​នៅ​តំបន់​នេះ ឬ​កាប់​ឈើ​ដើម្បី​បាន​ចំណេញ​ឆាប់​ហើយ​ចេញ​ទៅ​វិញប៉ុណ្ណោះ។

ប្រសិនបើ​ទំនប់​េនះ​សាងសង់​មែន​នោះ និង​ផ្តល់​ថាមពល វា​នឹង​ក្លាយ​ជា​គម្រោង​វារី​អគ្គិសនី​មួយ​ក្នុង​ចំណោម​គម្រោង​តូចៗ​ក្នុង​ប្រទេស​នេះ។

រដ្ឋាភិបាល​កំពុង​ជំរុញ​ប្រភព​ថាមពល​វារីអគ្គិសនី​ជា​ខ្លាំង​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​របស់​ខ្លួន ជា​សេដ្ឋកិច្ច​មួយ​រីក​ចម្រើន​បំផុត​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ រដ្ឋាភិបាល​មើល​ឃើញ​ជ្រលង​ដង​អូរ​របស់​ប្រទេស​នេះ​ជា​កម្លាំង​ជំរុញ ដែល​នឹង​ជួយ​បញ្ចុះ​តម្លៃ​អគ្គិសនី​ខ្ពស់​បំផុត​ក្នុង​តំបន់​បាន​ខ្លះ ហើយ​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ។

យោងតាម​ “សៀវភៅ​មគ្គុទេសន៍​វិនិយោគ”​ឆ្នាំ​២០១៣​ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គម្រោង​ថាមពល​ចំនួន​១២​ក្នុង​ចំណោម​១៨​គម្រោង​កំពុង​សាងសង់ ឬ​កំពុង​ពិចារណា​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ​២០២០ ជា​ទំនប់​វារី​អគ្គិសនី។ ជា​សរុប ១៨​គម្រោង​នេះ​នឹង​ផ្តល់​ថាមពល​ប្រហែល​៦.៣២០​មេហ្គាវ៉ាត់ ច្រើន​ជាង​ទ្វេដង​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ប្រមាណ​ទុក ដែល​ថា​ខ្លួន​នឹង​ត្រូវ​ការ​នៅ​ពេល​នោះ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រទេស​កម្ពុជា។

កម្លាំង​ត្រឹម​១០៨​មេហ្គាវ៉ាត់ ទំនប់​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ប្រសិនបើ​ដំណើរការ​មែន​នោះ នឹង​តំណាង​ប្រហែល​១,៧​ភាគរយ​ប៉ុណ្ណោះ​នៃ​គោលដៅ​ឆ្នាំ​២០២០។

 

ការព្រមព្រៀង ឬ ការ​​​មិន​ព្រមព្រៀង

តប​នឹង​អ្នក​រិះគន់​គម្រោង​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ថា ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នឹង​កំណត់ ថាតើ​​ទំនប់​នេះ​ត្រូវ​សង់​ឬ​យ៉ាណា គឺមិន​មានមុន​ឆ្នាំ​២០១៨​ទេ។

ក៏​ប៉ុន្តែ​ ជនជាតិ​ជង​ជាច្រើន​នៅ​តំបន់​នេះ​មាន​អារម្មណ៍​ថា គម្រោង​នោះ​មាន​សន្ទុះ​មិន​អាច​បញ្ឈប់​បាន​ទេ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​គាំទ្រ​គម្រោង​នេះ។ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​ លោក ឡាវ ម៉េងឃិន និង ភរិយា​របស់​លោក ជា​គូស្វាមី​ភរិយា​​​មានឥទ្ធិពល​បំផុត​ក្នុង​ប្រទេស​នេះ អ្នក​ទាំង​ពីរមាន​ឈ្មោះ​ជា​អភិបាល​ក្នុង​បញ្ជី​របស់​ក្រុមហ៊ុន​ស៊ីណូហាយដ្រូ ជាមួយ​ក្រសួង​ពាណិជ្ជកម្ម។ ស៊ីណូហាយដ្រូ​បាន​ចុះ​កិច្ច​សន្យា​មួយ​ជាមួយ​ក្រុមហ៊ុន​សំណង់​ចិន​ដើម្បី​សង់​ទំបន់​នេះ​កាលពី​ឆ្នាំ​មុន ហើយ​តាំង​ពី​ពេល​នោះ​មក បាន​បោះ​ជំហាន​បន្ថែម​ដោយ​ចុះ​ឈ្មោះ​គម្រោង​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ជាមួយ​ក្រសួង​នេះ​ផង​ដែរ។

អ្នក​ភូមិ​នៅ​តំបន់​នោះ​និយាយ​ថា មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ពួកគេ​ដែរ​ថា ទំនប់​នេះ​មាន​ការ​ព្រមព្រៀង​រួច​ហើយ។

អ្នក​ស្រី ណា ម្ចាស់​ហាង​ទំនិញ បាន​និយាយ​ថា “ពួកគេ​និយាយ​ថា ពួកគេ​ត្រូវ​សង់​វា ព្រោះ​​​អី​ពួកគេ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​រួច​ហើយ​ជាមួយ​ក្រុមហ៊ុន។ ខ្ញុំ​ឮ​វា​​ពី​មេឃុំ។ យើង​បាន​ទៅ​ប្រជុំ ហើយ​គាត់​បាន​មក​ប្រាប់​យើង​ថា វា​នឹង​ត្រូវ​សាងសង់ បើ​មិន​នៅ​អាណត្តិ​[រដ្ឋាភិបាល]​នេះ ក៏​នៅ​អាណត្តិ​ក្រោយ​ដែរ”។ អ្នក​ស្រី​បាន​និយាយ​ថា ការ​ប្រជុំ​នោះ​បាន​ធ្វើ​កាលពី​ខែ​ធ្នូ។

អ្នក​ស្រី ពេញ បាន​និយាយ​ថា “ស្តាប់ទៅ​ដូចជា​គ្រួសារ​ជាច្រើន​នឹង​ត្រូវតែ​រើ​ចេញ។ កាលពី​ពេល​កន្លង​មក ពួកគេ​បាន​និយាយ​ថា គម្រោង​នេះ​នឹង​មិន​កើត​ឡើង​ទេ។ ក្រោយ​មក​ទៀត​ពួកគេ​បាន​និយាយ​ថា ទំនប់​នេះ​នឹង​ត្រូវ​សាងសង់”។

ក៏​មាន​ការ​ព្រមាន​ពី​លោក ហ៊ុន សែន ដែរ​កាលពី​សប្តាហ៍​មុន ថា​នឹង​បញ្ជូន​​​​​រ៉ុកកែត​ទៅ ប្រសិនបើ​គ្រួសារ​ទាំង​នោះ​ប្រឹង​ខ្លាំង​ប្រឆាំង​នឹង​គម្រោង​នេះ។ អ្នក​ភូមិ​ទាំង​អស់​ក្នុង​ការ​ធ្វើ​សម្ភាស​នៅ​ទី​នោះ​កាលពី​សប្តាហ៍មុន លើក​លែង​តែមេ​ឃុំ​ម្នាក់​ចេញ បាន​ច្រាន​ចោល​នូវ​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទាក់ទិន​នឹង​ផែនការ​អបគមន៍ ថា​មិន​សម​ហេតុ​ផល​ទេ។

លោក ពៅ សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បាន​និយាយ​ថា “យើង​មិន​មាន​រឿង​បែប​ហ្នឹង​ទេ​នៅ​ទី​នេះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា [លោក ហ៊ុន សែន] ជឿ​នូវ​អ្វី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​គាត់”។

ក្នុង​ឆ្នាំ​២០១២ លើក​ចុង​ក្រោយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចោទ​ភូមិ​មួយ​ថា​ព្យាយាម​បែក​ចេញ​ពី​រដ្ឋ គឺ​កាលណោះ​កសិករ​មួយ​ក្រុម​ក្នុង​ខេត្ត​ក្រចេះ​តវ៉ា​ប្រឆាំង​ម្ចាស់​ចម្ការ​ម្នាក់​ដែល​ពួកគេ​បាន​ចោទ​ថា​បាន​ប្លន់​ដី​ចម្ការ​របស់​ពួកគេ លោក​មិន​បាន​បញ្ជូន​រ៉ុកកែត​ទៅ​ទេ។ លោក​បាន​បញ្ជូន​កម្លាំង​ចម្រុះ​មាន​ប៉ូលិស​ទាហាន​ជាង​១០០​នាក់ ដើម្បី​បង្ក្រាប​ភូមិ​នោះ​ទាំង​ព្រឹក។

ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែល​ក្រាបពួន​ទាំង​ភិតភ័យ​ក្បែរ​ផ្ទះ​របស់​នាង​បាន​ត្រូវ​គ្រាប់​ស្លាប់។ លោក ហ៊ុន សែន បាន​ច្រានចោល​ភ្លាមៗ​នូវ​ការ​ត្រូវ​គ្រាប់​ស្លាប់​នោះ ថា​ជា​គ្រោះ​ថ្នាក់​អកុសល ហើយមិន​អើពើ​នឹង​ការ​អំពាវនាវឲ្យ​មាន​ការ​ស៊ើប​អង្កេតទេ។

នៅ​អារ៉ែង ការ​និយាយ​របស់​នាយក​រដ្ឋ​មន្ត្រី​អំពី​អបគមន៍ កើត​ចេញ​ពី​របាំងផ្លូវ​ខុស​ច្បាប់ ដែល​អង្គការ​មាតា​ធម្មជាតិ​បាន​ដាក់​ទទឹង​ផ្លូវ​ចូល​តំបន់​នោះ។ ទាហាន​បាន​​​​រើ​​​​របាំង​ផ្លូវ​នោះ​នៅ​ខែ​កញ្ញា ហើយ​បាន​បោះ​ជំរំ​តូច​មួយ​នៅ​កន្លែង​នោះ​តាំង​ពី​ពេល​នោះ​មក។ ទាហាន​វ័យ​ក្មេង​ម្នាក់​ដែល​លាង​ចាន​នៅ​ជំរំ​នោះ​កាលពី​សប្តាហ៍​មុន​បាន​និយាយ​ថា ពួកគេ​គ្មាន​ផែនការ​ដក​ចេញ​ទៅ​វិញ​ក្នុង​ពេល​ឆាប់ៗ​ឡើយ។

លោក ហាស ម៉ន មេ​ភូមិ​ជំនាប់ ក្នុង​ឃុំ​ជំនាប់ បាន​និយាយ​ថា លោក​និង​ជនជាតិ​ជង​ភាគ​ច្រើន​បំផុត​ផ្សេង​ទៀត​ក្នុង​តំបន់​នេះ ដែល​នៅតែ​ប្រឆាំង​នឹង​ទំនប់​នេះ បារម្ភ​នឹង​អ្វី​ដែល​ពួកគាត់​នឹង​បាត់​បង់ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ឡើង​វិញ។

លោក​បាន​និយាយ​ថា “អ្នក​អាច​មើល​ឃើញ​ដើម​ឈើ​និង​ដើម​ខ្នុរ​របស់​ខ្ញុំ វា​ខ្ពស់ៗ​ណាស់។ បើ​យើង​រើ​ចេញ យើង​ត្រូវ​ចាប់​ផ្តើម​ឡើង​វិញ ហើយ​ពីបាក​ណាស់”។

លោក ម៉ន បាន​ដើរ​ចេញ​ពី​ផ្ទះ​​​​ដោយ​ពាក់​អាវ​យឺត​គណបក្ស​ប្រជាជន​រហែក​រហុយ​ទៅ​អង្គុយ​​​​ក្រោម​​​ម្លប់​ឈើពេល​រសៀល។ មងនិង​សំណាញ់ព្យួររយីង​រយោង​នៅ​​​ក្រោម​​​ផ្ទះនៅពី​លើ​ក្បាល។

លោក​បាន​និយាយ​ថា “ប្រសិនបើ​លិចលង់​ទាំង​អស់​នោះ យើង​នឹង​បាត់​បង់​វប្បធម៌​ជង​របស់​យើង​ជា​មិន​ខាន។ ជីដូនជីតា​ទួត​របស់​ខ្ញុំ​កើត​នៅ​ទី​នេះ ហើយ​ឱម៉ែ​របស់​ពួកគាត់​ក៏​កើត​នៅ​ទី​នេះ​ដែរ”។

ដូច​អ្នក​ដទៃ​ទៀត​ដែរ លោក​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាក់ទិន​នឹង​អបគមន៍។ ប៉ុន្តែ​លោក​នៅតែ​ជឿ​ជាក់​ថា ពួកគេ​មាន​ឱកាស​បញ្ឈប់​គម្រោង​ទំនប់​នេះ។

លោក​បាន​និយាយ​ថា “មាន​តែ​ប្រជាជន​ប៉ុណ្ណោះ​ទើប​អាច​បញ្ឈប់​វា​បាន ប្រសិនបើ​ពួកគេ​ហ៊ាន​និយាយ​ខ្លាំង​ឡើង។ យើង​មាន​ឱកាស បើ​យើង​រួបរួម​គ្នា”៕​​​រើន និងនិត

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស