ឧត្តមសេនីយ៍យោធាដែលជាប់ចោទពាក់ព័ន្ធជាមួយរឿងអាស្រូវពុករលួយដ៏ធំនៅតុលាការក្រុងភ្នំពេញ ដែលបានឈានទៅដល់ការដកប្រធានតុលាការក្រុងភ្នំពេញកាលពីខែមុននោះ កាលពីថ្ងៃអង្គារបានបដិសេធការចោទប្រកាន់លើរូបលោក បន្ទាប់ពីត្រូវសាកសួរនៅតុលាការនេះ។
លោក ពេជ្រ ព្រហ្មមុន្នី ឧត្តមសេនីយ៍ត្រីកងកម្លាំងខេមរភូមិន្ទ និងជាអតីតសមាជិកនៃកម្លាំងសន្តិសុខរបស់ប្រធានតុលាការដែលត្រូវគេបណ្តេញចេញពីតំណែង បានឆ្លើយបដិសេធការចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងកិច្ចការមន្ត្រីសាធារណៈ និងការប្រើដោយគ្មានការអនុញ្ញាតនូវរថយន្តពាក់ស្លាកលេខប៉ូលិស ឬយោធា។
លោកបានប្រាប់អ្នកកាសែតទាំងគ្រវីក្បាលពេលប៉ូលិសនាំខ្លួនគាត់ចេញពីតុលាការក្រុងថា “ខ្ញុំគ្រាន់តែជាអង្គរក្សម្នាក់ប៉ុណ្ណោះ។ ខ្ញុំមិនទទួលយកការចោទប្រកាន់ទេ។ ខ្ញុំគ្មានការពាក់ព័ន្ធណាមួយឡើយ ហើយខ្ញុំមិនទទួលយកការចោទនោះទេ”។
ឧត្តមសេនីយ៍ត្រី ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ខែកុម្ភៈ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគេដកលោក អាំង មាលតី ចេញពីតំណែង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថា ថាសេចក្តីសម្រេចរបស់តុលាការឲ្យនៅក្រៅឃុំចំពោះឪពុកម្តាយរបស់មន្ត្រីក្រសួងការពារជាតិដែលរត់គេចខ្លួន ថោង សារ៉ាត់ អាចរងឥទ្ធិពលដោយសារប្រាក់សំណូកប្រាំលានដុល្លារ។
ឧត្តមសេនីយ៍ទោ សារ៉ាត់ ត្រូវជាប់ចោទពីបទរៀបចំការបាញ់សម្លាប់ឧកញ៉ា អុឹង ម៉េងជឺ កាលពីខែវិច្ឆិកា ហើយកំពុងគេចខ្លួននៅឡើយ រីឯឪពុកម្តាយរបស់គាត់ គឺអ្នកស្រី កែវ សាវី និងលោក ថោង ចំរើន ជាប់ពន្ធនាគារដោយសារមានអាវុធខុសច្បាប់ បន្ទាប់ពីប៉ូលិសចូលឆែកឆេរភូមិគ្រឹះរបស់ឧត្តមសេនីយ៍ទោរូបនេះនៅក្រុងភ្នំពេញកាលពីដើមខែធ្នូ។
អ្នកទាំងពីរត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃទី៧ខែកុម្ភៈ។ នៅថ្ងៃទី១៥ខែកុម្ភៈ ប្តីប្រពន្ធទាំងពីរត្រូវបានចាប់ខ្លួនជាថ្មី នៅពេលដែលពួកគេប៉ុនប៉ងភៀសខ្លួនទៅប្រទេសវៀតណាមតាមរថយន្តពេទ្យ។
ផេង ស៊ីដែត មេធាវីរបស់ឧត្តមសេនីយ៍ត្រី ព្រហ្មមុន្នី បាននិយាយកាលពីថ្ងៃអង្គារថា ការសាកសួរកូនក្តីរបស់លោកដោយចៅក្រមស៊ើបអង្កេត ឡុង កេសភីរម្យ មិនមាន”ភាពតានតឹង”ទេ។
លោកបាននិយាយថា “មិនមានការតានតឹងណាមួយក្នុងការសាកសួរ ហើយគាត់បានឆ្លើយគ្រប់សំណួរទៅតាមការពិត”។
លោក ស៊ីដេត បានបន្ថែមថា “ខ្ញុំជឿថា កូនក្តីរបស់ខ្ញុំនឹងរួចពីការចោទប្រកាន់ជាមិនខាន”៕ និត