28 C
Phnom Penh

មិន​មាន​ការ​ផ្តល់​មូលនិធិ​អេឌីប៊ី​បន្ថែម​ដល់​គម្រោង​ផ្លូវ​ដែក​ដែល​ជាប់​គាំង​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មក​ធ្វើ​ទស្សន​កិច្ច លោក តាកេហ៊ីកុ ណាកាវ (Takehiko Nakao) បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា នឹង​មិន​មាន​ប្រាក់​ថែមទៀត​ពី​ធនាគារ​នេះ​ដើម្បី​បញ្ចប់​គម្រោង​ដែល​ជាប់​គាំង​និង​ក្ស័យធន ដើម្បី​ស្ថារ​បណ្តាញ​ផ្លូវ​ដែក​ចាស់​របស់​ប្រទេស​កម្ពុជា គឺ​គម្រោង​មាន​ទឹក​ប្រាក់​១៤២​លាន​ដុល្លារ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​ផ្តួចផ្តើម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​សំខាន់។cam-photo-adb

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្រើ​ប្រាក់​ភាគច្រើន​សម្រាប់​គម្រោង​នេះ។ រីឯ​ផ្លូវ​ភាគ​ខាង​ត្បូង​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​កំពុង​ដំណើរការ​នោះ កិច្ចការ​ភាគច្រើន​លើ​កំណាត់​ផ្លូវ​ដ៏​វែង ពី​រាជធានី​ដល់​ក្រុង​ប៉ោយប៉ែត​នៅ​ព្រំដែន​ថៃ មិន​ទាន់​ធ្វើ​នៅឡើយ​ទេ។ គេ​ប្រមាណ​ថា​ ត្រូវការ​យ៉ាងហោចណាស់​​ទឹក​ប្រាក់​៧៥​លាន​ដុល្លារ​ដើម្បី​ធ្វើ​បញ្ចប់​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ។

ប៉ុន្តែ​នៅ​ឯ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ លោក ណាកាវ បាន​មាន​ប្រសាសន៍​ថា ប្រាក់​នឹង​មិន​បាន​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចំណែក​នៅ​សេសសល់​នៃ​ហិរញ្ញវត្ថុ​របស់​យើង នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ថែទាំ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់ គឺ​ផ្នែក​ភាគ​ខាង​ត្បូង​និង​ផ្នែក​ដែល​ជួស​ជុល​រួចរាល់​នៃ​ខ្សែ​ភាគខាង​ជើង។ នោះ​ជា​ស្ថាន​ភាព​បច្ចុប្បន្ន”។

លោក ណាកាវ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ផែនការ​ណាមួយ ដែល​រដ្ឋាភិបាល​មាន​សម្រាប់​ការ​បញ្ចប់​ការងារ​ជាមួយ​នឹង​មូលនិធិ​ផ្សេងទៀត​ទេ ហើយ​ថា គម្រោង​នោះ​មិន​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​អំឡុង​ជំនួប​របស់​លោក​នៅ​ថ្ងៃ​នោះ ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ផ្សេងទៀត​ទេ។

កាលពី​ខែ​ធ្នូ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បញ្ចេញ​ឲ្យដឹង​នូវ​ផែនការ​កម្ចី​រយៈ​ពេល​ប្រាំ​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​៨០០​លាន​ដុល្លារ ក្នុង​នោះ​មាន​ទាំង១៤៨​លាន​ដុល្លារ​សម្រាប់​គម្រោង​ពាណិជ្ជកម្ម​និង​ដឹក​ជញ្ជូន។ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស ​លោក អេរិក ស៊ិដវិក ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ​ដែរ បាន​មាន​ប្រសាសន៍​ថា មិន​មាន​ថវិកា​នឹង​ត្រូវ​ចំណាយ​លើ​ការ​បញ្ចប់​គម្រោង​ផ្លូវដែក​ទេ ពីព្រោះ​រដ្ឋាភិបាល​មិន​បាន​ស្នើ​សុំ។

លោក ស៊ិដវិក មាន​ប្រសាសន៍​ថា “យើង​មិន​​បាន​ទទួល​សំណើ​ពី​រដ្ឋាភិបាល​ទេ។ ដូច្នេះ​ពេល​ដែល​អ្នក​ឃើញ​ផ្លូវ​ដឹក​ជញ្ជូន គឺ​ទឹក​ប្រាក់​១៤៨​លាន​ដុល្លារ​សម្រាប់គម្រោង​នោះ ទាំង​នេះ​គឺ​សម្រាប់​គម្រោង​ដែល​បាន​ពិភាក្សា​គ្នា​រួច​ហើយ​ជាមួយ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ត្រូវ​ការ​សម្រាប់​គម្រោង​ទាំង​នេះ។ ដូច្នេះ​រហូត​ដល់​ពេល​នេះ យើង​មិន​បាន​ទទួល​សំណើ​ណាមួយ​សម្រាប់​គម្រោង​នោះ​ទេ”។

គម្រោង​ផ្លូវ​ដែក​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​ជាច្រើន​ទាក់ទិន​នឹង​ប្រជាពល​រដ្ឋ​៤.០០០​គ្រួសារ ដែល​បាន​បាត់បង់​ទាំង​អស់​ឬ​មួយ​ផ្នែក​នៃ​ដី​ធ្លី​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវ​ដែក។

បន្ទាប់ពី​ធ្វើ​ការ​វាយ​តម្លៃ​ឯករាជ្យ​មួយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាលពី​ឆ្នាំ​មុន​បាន​ទទួល​ស្គាល់​ការ​មាន​កំហុស​ដ៏​ធំ​ក្នុង​ការ​រៀបចំ​និង​អនុវត្ត​គម្រោង​នេះ ជា​កំហុស​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន​ដែល​បាន​បាត់​បង់​ដី​ធ្លី​ កាន់តែ​ធ្លាក់​ខ្លួន​ក្រីក្រ​ទៅៗ ដែល​ជា​ការ​បំពាន​គោល​នយោបាយ​ធនាគារ​នោះ។ ក្រោម​ផែនការ​ជំនួយ​សម្រេច​ដោយ​រដ្ឋាភិបាល​នោះ គ្រួសារ​ទាំង​នោះ​មាន​ឈ្មោះ​ទទួល​សំណង​បន្ថែម​ដើម្បី​ប៉ះប៉ូវ​ការ​ខាតបង់​របស់​ខ្លួន។

លោក ណាកាវ ដែល​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ បាន​មាន​ប្រសាសន៍​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​ធ្វើការ​សម្រេច​ថាតើ​ត្រូវ​ផ្តល់​សំណង​បន្ថែម​របៀបណា​នៅ​ឡើយ។

ជម្រើស​មួយ​ដែល​ធនាគារ​នេះ​កំពុង​ពិចារណា ហើយ​ក៏​ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ដែរ​នោះ គឺ​ត្រូវ​ផ្តល់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ថែម​ទៀត​ដល់​គ្រួសារ​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាក​ចេញ​ធ្វើ​ឲ្យ​មាន​​បំណុល​ថ្មី ដោយសារតែ​ការ​បណ្តេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស