មន្ត្រីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា ព្រះរាជអាជ្ញានិងនគរបាលនៅថ្ងៃនេះនឹងចុះទៅពិនិត្យមើលដីទំហំ១ហិកតានៅក្នុងរាជធានីភ្នំពេញ ដើម្បីបែងចែកដីនេះឲ្យបានត្រឹមត្រូវក្នុងចំណោមអ្នកភូមិ១៦៣គ្រួសារ ដែលអះអាងថា ស្ត្រីម្នាក់បានកាន់កាប់ដីនេះតែឯងបន្ទាប់ពីពួកគាត់ឈ្នះនៅក្នុងវិវាទដីធ្លីមួយ។
គ្រួសារទាំងនោះត្រូវបានផ្តល់ដីមួយក្បាលទំហំ៩.៩៨២ម៉ែត្រក្រឡានៅក្នុងខណ្ឌសែនសុខ នៅក្នុងសេចក្ដីសម្រេចឆ្នាំ២០១១របស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានវិវាទជាមួយពាណិជ្ជករក្នុងមូលដ្ឋានម្នាក់ ប៉ុន្តែបានលើកឡើងថា អ្នកស្រី ជា សារុំ ពេលនោះបានអះអាងកាន់កាប់តំបន់នោះទាំងមូលតែម្នាក់ឯង ហើយបានរារាំងអ្នកផ្សេងទៀតមិនឲ្យរស់នៅទីនោះ។
លោក មូ ម៉ានិត អភិបាលរងខណ្ឌបានមានប្រសាសន៍កាលពីម្សិលមិញថា លោក កុល ប៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីនឹងធានាថា គ្រួសារទាំងអស់ដែលត្រូវបានផ្តល់ដីក្នុងឆ្នាំ២០១១នោះ នឹងទទួលបានចំណែកនៃដីនោះដូចការសន្យា។
លោក ម៉ានិត បានមានប្រសាសន៍ថា “ថ្ងៃស្អែកយើងបានបញ្ជាឲ្យនគរបាល និងកងរាជអាវុធហត្ថចុះទៅជាមួយអំឡុងការអនុវត្តសាលក្រមតុលាការរបស់ព្រះរាជអាជ្ញារងរូបនេះ ហើយតុលាការមានបញ្ជីឈ្មោះគ្រួសារទាំងអស់ដែលត្រូវទទួលបានដី។
ប៉ុន្តែលោក កុល ប៊ុន បានមានប្រសាសន៍ថា លោកមិនមានបញ្ជាដែលបញ្ជាក់ថា នរណានឹងទទួលបានដីនេះទេ មានតែបញ្ជីដែលបញ្ជាក់ពីអ្នកដាក់ពាក្យបណ្ដឹងដែលបានចូលរួមនៅក្នុងវិវាទផ្លូវច្បាប់នេះដែលបានបញ្ចប់កាលពីឆ្នាំ២០១១ ដែលលោកបានលើកឡើងថា លោកនឹងអាននៅថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា “គ្រួសារណាដែលត្រូវទទួលបានដីនោះ អាជ្ញាធររាជធានីមានបញ្ជី។ ខ្ញុំមានបញ្ជីពីតុលាការកំពូលតែប៉ុណ្ណោះ ប៉ុន្តែបញ្ជីរបស់អាជ្ញាធរច្បាស់លាស់។ ខ្ញុំមិនមានចំនួនច្បាស់លាស់ថាប៉ុន្មាន ឬនរណាជាគ្រួសារពិតដែលនឹងទទួលបានដីនេះឡើយ។
អ្នកស្រី ព្រីង សុជាតិ តំណាងគ្រួសារទាំងនោះ ដែលអ្នកស្រី សារុំ មិនបានរាប់បញ្ចូលនោះ បាននិយាយថា អ្នកស្រីមិនមានអារម្មណ៍ខឹងចំពោះស្ត្រីរូបនេះទេ ហើយសប្បាយចិត្តពីការដែលសាលក្រមរយៈពេលបួនឆ្នាំទៅហើយនោះ ឥឡូវនេះត្រូវបានអនុវត្ត។
អ្នកស្រីបាននិយាយថា “យើងសប្បាយចិត្ត ហើយយើងនឹងមិនបណ្តោយឲ្យអ្នកស្រី ជា សារុំ មិនទទួលបានដីទេ ពីព្រោះគាត់បានជួយ និងបានតំណាងពួកយើង។ ឈ្មោះរបស់គ្រួសារយើងមានក្នុងសាលក្រមរួចហើយ ដូច្នេះយើងនឹងទទួលបានដី”៕ សារុន