រដ្ឋាភិបាលលើកឡើងថា ខ្លួនបានរឹបអូសឈើប្រណីតពីអ្នកកាប់ឈើខុសច្បាប់នៅក្នុងខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៤តិចជាងឆ្នាំមុន ដោយសារការអនុវត្តច្បាប់តឹងរ៉ឹង បន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីម្សិលមិញដើម្បីពិនិត្យមើលសកម្មភាពប្រឆាំងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ។
អ្នកកាប់ឈើខុសច្បាប់តែងតែលួចចូលក្នុងប្រទេសថៃ ពីខេត្តបន្ទាយមានជ័យ ដើម្បីកាប់ឈើប្រណីតដ៏មានតម្លៃ និងមានការការពារជាអន្តរជាតិ ហើយតែងតែត្រូវរងការបាញ់ប្រហារ ជួនកាលស្លាប់ក៏មាន ពីសំណាក់កម្លាំងសន្តិសុខថៃ។
លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា មន្ត្រីប្រចាំតំបន់ និងមន្ត្រីថ្នាក់ជាតិបានជួបប្រជុំគ្នានៅក្នុងខេត្តនេះ ដើម្បីពិនិត្យមើលការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់សកម្មភាពនេះ។
តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនេះ លោក ផល្លី បានមានប្រសាសន៍ថា ចំនួនករណី និងចំនួនឈើដែលរឹបអូសបាននៅក្នុងខេត្តបានធ្លាក់ចុះកាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ថា អាជ្ញាធររឹបអូសឈើប្រណីតបានប្រាំពីរម៉ែត្រគូបក្នុងសកម្មភាពកើតឡើង១១ករណីកាលពីឆ្នាំ២០១៤ កត់សម្គាល់ឲ្យឃើញពីការធ្លាក់ចុះជាងឆ្នាំមុនដែលរឹបអូសបានឈើ៣០ម៉ែត្រគូបក្នុងសកម្មភាពកើតឡើង១៣ករណី។
លោកបានមានប្រសាសន៍ថា ” យើងឃើញថា ការដឹកឈើប្រណីតបានថយចុះ ហើយយើងសង្ឃឹមថា សកម្មភាពនេះនឹងត្រូវលុបបំបាត់ក្នុងរយៈពេលពីរបីឆ្នាំក្រោយនេះ ដោយសារយើងបានពង្រឹងកម្លាំងរបស់យើង”។
ក្រុមមន្ត្រីខេត្ត និងមន្ត្រីក្រសួងកសិកម្មក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះ ដែលឃ្លាំមើលការកាប់ឈើខុសច្បាប់បានមានប្រសាសន៍ថា លោកសង្ស័យថា ការធ្វើអាជីវកម្មឈើខុសច្បាប់មិនបានថយចុះដូចលោក ផល្លី បានអះអាងនោះឡើយ។
លោកបានមានប្រសាសន៍ថា “យើងឃើញថា បទល្មើសពាក់ព័ន្ធការកាប់ឈើប្រណីតមិនបានថយចុះទេ ពីព្រោះឈ្មួញរកស៊ីឈើប្រណីតបានឆ្លងកាត់ខេត្តនេះរាល់ថ្ងៃ និងរាល់យប់”។
លោកបានបន្ថែមថា “ពួកគេ [អាជ្ញាធរ] ស្គាល់អត្តសញ្ញាណអ្នករកស៊ីឈើទាំងនោះ ប៉ុន្តែពួកគេមិនបានចាប់ខ្លួនឡើយ។ ខ្ញុំគិតថា អាជ្ញាធរបានចាប់ខ្លួនអ្នករកស៊ីឈើទាំងនោះម្ដងម្កាលតែប៉ុណ្ណោះ ពីព្រោះអ្នករកស៊ីឈើទាំងនោះមិនបានសូកបា៉ាន់ពួកគេ”។
វាជារឿងខុសច្បាប់ក្នុងការកាប់ឈើ គរឈើទុក ដឹកជញ្ជូន ឬនាំចេញឈើប្រណីតនៅក្នុងប្រទេសកម្ពុជា។
ទោះយ៉ាងណា នៅក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះ អង្គការក្លូបលវីតណេស ជាអង្គការឃ្លាំមើលបរិស្ថានដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានលើកឡើងថា អ្នកស៊ើបអង្កេតសម្ងាត់មួយក្រុមបានរកឃើញភ័ស្តុរបស់ក្រុមហ៊ុនដែលកាន់កាប់ដោយលោក ទ្រី ភាព ដែលបានឃុបឃិតជាមួយរដ្ឋាភិបាល និងមន្ត្រីយោធាដើម្បីកាប់ឈើ និងនាំចេញឈើប្រណីតយ៉ាងច្រើននិងប្រភេទឈើការពារដទៃទៀតទៅប្រទសចិន។ ក្រុមមន្ត្រីរដ្ឋាភិបាល និងតំណាងលោក ទ្រី ភាព បានបដិសេធការអះអាងនេះ៕ សារុន