32 C
Phnom Penh

មេដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ប្តេជ្ញា​បន្ត​សកម្មភាព​កូដកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​សហជីព​ម្នាក់​ដែល​​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​សប្ដាហ៍​មុន ដែល​រង់ចាំ​សវនាការ​ជំនុំជម្រះ​តាម​ការ​ចោទ​ប្រកាន់បី​បទ​គំរាម​ទារ​ប្រាក់​ និង​​ធ្វើ​ការ​គំរាម​កំហែង​អំឡុង​ការ​ធ្វើ​កូដកម្ម​កាល​ពីខែមុន​នោះ​ បាន​សន្យា​កាលពី​ថ្ងៃ​ម្សិលមិញ​ថា នឹង​បន្ត​ដឹក​នាំ​សកម្ម​ភាព​ឧស្សាហកម្ម​ទៀត ប្រសិន​បើ​កម្មករ​ត្រូវ​ការ​រូប​លោក​។

លោក សៀង រិទ្ធី ប្រធាន​​សហព័ន្ធ​សហជីព​សាមគ្គី​ការ​ងារ​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី៣ ខែ​កុម្ភៈ ដោយ​មាន​ដំបង​ឫស្សី​ចំនួន​៥១​ដើម តាម​ផ្លូវ​ទៅ​កន្លែង​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រកាត់ដេរ​អប្សរា​ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ​។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃបន្ទាប់ ​ថ្កោល​ទោស​របៀប​នៃសកម្មភាពឧស្សាហកម្មរបស់លោក​ ហើយ​ចាត់​ទុក​លោក​ថា ជា​មេដឹកនាំ​សហជីព​ហិង្សា​ម្នាក់​។ នៅ​ថ្ងៃបន្ទាប់គឺ​ថ្ងៃទី៥ ខែកុម្ភៈ លោក​ត្រូវ​បាន​ចោទ​ប្រកាន់ ហើយ​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​។

យោង​តាម​លោក គុត កែវសុធា មេធាវី​តំណាង​លោក រិទ្ធី ដែល​ឥឡូវ​នេះ​កំពុង​​ជំរុញ​​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន​់​បាន​ឲ្យ​ដឹង​ថា លោក​ រិទ្ធី ត្រូវ​បាន​ដោះលែង​កាលពីថ្ងៃទី​២៧ ខែ​កុម្ភៈ បន្ទាប់ពី​មាន​ការ​ដក​ពាក្យ​បណ្ដឹង​ពី​អ្នក​គ្រប់គ្រង​រោងចក្រ​។

មេដឹកនាំ​សហជីព​រូប​នេះ​បាន​មាន​ប្រសាសន៍​កាលពី​​ម្សិលមិញ​ថា លោក​នឹង​មិន​បញ្ឈប់​សកម្មភាព​របស់​លោកទេ ដោយសារ​លោក​ត្រូវ​បាន​ដោះលែង​។

លោក រិទ្ធី បានមាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ខ្លាច​ឡើយ។ មុន​ការ​ចាប់​ខ្លួន​ និង​ក្រោយ​ការ​ចាប់​ខ្លួន​គឺ​ដដែល​។ ប្រសិន​បើ​កម្មករ​ត្រូវ​​ការ​ខ្ញុំ​ឲ្យ​ជួយ​ពួកគេ ពីព្រោះ​អ្នក​គ្រប់​គ្រង​​បាន​ដាក់​សម្ពាធ​លើពួកគេ និង​កេង​ប្រវ័ញ្ច​ពួកគេ​ ខ្ញុំ​នឹង​ជួយ”​។

លោក​បាន​បន្ថែម​ថា ” ខ្ញុំ​ធ្វើការ​ក្នុង​វិស័យ​នេះ ហើយ​ខ្ញុំ​​ក៏​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ណាមួយ​ខ្ញុំ​អាច​ត្រូវ​គេ​ចាប់​ខ្លួន និង​ចាប់ដាក់ពន្ធនាគារ​។ នេះ​គឺ​ជារឿង​ធម្មតា​សម្រាប់​ការ​ងារ​របស់​យើង​។ ខ្ញុំ​យល់​ថា ពួកគេ​បាន​ចាប់​ខ្លួន​ខ្ញុំ​ក្នុង​ពេល​កន្លង​មកនេះ​ ដើម្បី​ដាក់​សម្ពាធ​លើ​កម្មករ​ឲ្យ​បញ្ចប់​កូដកម្ម​តែប៉ុណ្ណោះ”។

លោក រិទ្ធី បាន​អះអាង​ថា សហជីព​​របស់​លោក​មាន​កម្មករ​ប្រហែល​២០.០០០​នាក់​នៅ​តាម​រោងចក្រ​ជាង​៣៨​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​កណ្ដាល កំពង់ស្ពឺ តាកែវ និង​ខេត្ត​កំពង់ចាម ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​តំណាង​ឲ្យ​ផល​ប្រយោជន៍​របស់​ពួកគេ​។

នៅ​ក្នុង​បទ​សម្ភាស​កាលពី​ឆ្នាំ​មុន លោក រិទ្ធី បានមាន​ប្រសាសន៍​ថា សហជីព​តូច​របស់​លោក​នឹង​ដឹកនាំ​កូដកម្ម​នៅ​តាម​រោងចក្រ​កាត់​ដេរ​ នៅ​ពេល​សហជីព​ដែល​បាន​បង្កើត​ឡើង​កាន់​តែ​ច្រើន​ បាន​បដិសេធ ​​ហើយ​ថា ស្ថាប័ន​នោះ​ទ្រទ្រង់​ខ្លួន​ឯង​តាម​រយៈ​សមាជិក​ម្នាក់ៗ​បង់​ប្រាក់​ប្រចាំ​ខែ​​០,៥០ដុល្លារ​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស