31 C
Phnom Penh

សាលា​ដំបូង​ខេត្ត​កោះ​កុង​ពន្យារ​ពេល​សាកសួរ​​សកម្ម​ជន​ប្រឆាំង​គម្រោង​ សាងសង់​ទំនប់​វារី​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​យល់​ព្រម​ចំពោះ​សំណើ​សុំពន្យារពេល​​សាកសួរ​សកម្ម​ជន​ប្រឆាំង​គម្រោង​​សាង​សង់​ទំនប់​​វារី​អគ្គិសនី ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​កាប់​ឈើ​ខុស​ច្បាប់​យក​ទៅ​សាង​សង់​មជ្ឈ​មណ្ឌល​សហគមន៍​នៅ​ក្នុង​តំបន់​ជ្រលង​អារ៉ែង។

លោក វ៉ែន វ៉ន ជនជាតិ​ដើមភាគ​តិច​ជង​ដែល​បាន​ចូលរួម​ការ​តវ៉ា​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មាតា​ធម្មជាតិ​​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជំទាស់​ទៅ​នឹង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី ដែល​នឹង​ជន់​លិច​តំបន់ជ្រលង​​នេះ ហើយ​បង្ខំ​ឲ្យ​អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ជង​រាប់​រយ​គ្រួសារ​ចាក​ចេញពី​ដី​ដូន​តា​របស់​ខ្លួន​នោះ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​ហៅ​កាល​ពី​ដើម​ខែ​នេះ​ឲ្យ​មក​បង្ហាញ​ខ្លួន​ដើម្បី​ធ្វើ​ការ​សាក​សួរ​កាល​ពី​ម្សិល​មិញ។

លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​សំណើ​សុំ​ពន្យារ​ពេល​របស់​លោក វ៉ែន វ៉ន ហើយ ហើយ​ថា នឹង​​កំណត់​កាល​បរិច្ឆេទ​ថ្មី​នៅ​ពេល​ក្រោយ។

លោក វ៉ែន វ៉ន ដែល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​មក​លើរូប​លោក​​បាននិយាយ​ថា លោក​ត្រូវ​ការ​ពេល​វេលា​បន្ថែមទៀត​ដើម្បី​រៀបចំ​ឯកសារ។ លោក​បាន​និយាយ​ថា “យើង​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​​ទាក់ទង​ទៅ​នឹង​រឿងក្ដី​នេះទេ ហើយ​ខ្ញុំកំពុង​ស្វែង​រក​សាក្សីមួយ​ចំនួន”។

ដីកា​កោះ​របស់​តុលាការ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក អាឡិច ហ្គន់ហ្សា​ឡេស ដាវីត​សុន​ ជន​ជាតិ​អេស្បា៉ញ​ជា​សហស្ថាបនិក​អង្គការ​មាតាធម្មជាតិ​ ​ត្រូវ​បាន​និរទេស​ចេញពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​រដ្ឋាភិបាល​បដិសេធ​មិន​បន្ត​ទិដ្ឋាការ​ដល់​រូប​លោក​។

លោក វ៉ែន វ៉ន បាននិយាយ​ថា លោក​ជឿ​ថា ដីកា​កោះ​របស់​តុលាការ​នេះ​ក្នុង​បំណង​បំភិត​​បំភ័យ​រូប​លោក ដោយ​សារ​លោក​ធ្វើ​ការ​ជាមួយ​អង្គការ​មាតាធម្មជាតិ​៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស