34 C
Phnom Penh

រដ្ឋាភិបាល​​​ពិចារណា​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ដំបូង​​​នៃ​​​ការ​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​។

លោក ម៉េង ស័ក្តិធារ៉ា អ្នក​​​នាំពាក្យ​​​ក្រសួង​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​ និង​​​ក៏​​​ជា​​​រដ្ឋលេខាធិការ​​​ផង​​​ដែរ​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា ក្រសួង​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញវត្ថុ ដើម្បី​​​វាយ​​​តម្លៃ​​​ពី​​​ហានិភ័យ​​​នៃ​​​ការ​​​បង្កើត​​​ក្រុមហ៊ុនប្រេង​​​ដែល​​​គ្រប់​​​​​​គ្រង​​​និង​​​ធ្វើ​​​ប្រតិបត្តិការ​​​ដោយ​​​រដ្ឋាភិបាល​​​។

លោក ស័ក្តិ​​​ធារ៉ា​​​ បាន​​​មានប្រសាសន៍​​​ថា “រដ្ឋាភិបាល​​​កំពុង​​​តែ​​​សិក្សា​​​ពី​​​លទ្ធភាព​​​ថា តើ​​​គួរ​​​តែ​​​បង្កើត​​​ក្រុមហ៊ុន​​​ ឬក៏​​​មិន​​​បង្កើត​​​​​​។ ប្រសិន​​​បើ​​​​​​បង្កើត ​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​​​ប្រេង​​​​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​នឹ​​​ង​​​ដើរ​​​តួ​​​ជា​​​ស្ថាប័ន​​​មួយ​​​ដែល​​​វិនិយោគ​​​ប្រាក់​​​ក្នុង​​​ឧស្សាហកម្ម​​​ប្រេង​​​ និង​​​ឧស្ម័ន​​​”។

លោក ស័ក្តិធារ៉ា​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ក៏​​​នឹង​​​មាន​​​​​​ការ​​​ចូល​​​ហ៊ុន​​​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​បរទេស​​​ផង​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រៀប​​​ចំ​​​បែប​​​នេះ​​​ថា  “​​​​​​យើង​​​នឹង​​​ចែក​​​រំលែក​​​ហានិភ័យ​​​ទាំង​​​អស់​​​…ហើយ​​​យើង​​​ចែក​​​រំលែក​​​ផល​​​ប្រយោជន៍​​​”។

លោក ស័ក្តិ​​​ធារ៉ា បាន​​​មានប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ពិត​​​ជា​​​សម្រេច​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​ផ្ទាល់​​​ខ្លួន​​​នោះ​​​ តួនាទី​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ត្រូវ​​​តែ​​​បាន​​​ចែង​​​ក្នុង​​​​​​ច្បាប់​​​ដែល​​​ក្រសួង​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “សេចក្តី​​​ព្រាង​​​ច្បាប់​​​ប្រេង​​​ថ្មី​​​ក៏​​​នឹង​​​មាន​​​ចែង​​​អំពី​​​តួនាទី​​​ និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​ផង​​​ដែរ​​​​​”។

នៅពេល​​​តម្លៃ​​​ប្រេង​​​ពិភព​​​លោក​​​បាន​​​បន្ត​​​ធ្លាក់​​​ចុះ​​​កាល​​​ពី​​​ខែ​​​មុន លោក​​​នាយ​​​ក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​សែន បាន​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​នាំ​​​ប្រេង​​​ចូល​​​បន្ថែម​​​ទៀត​​​​​​ដើម្បី​​​​​​ស្តុក​​​ទុក​​​ អំឡុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​ធ្នូ។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក ស័ក្តិធារ៉ា បាន​​​លើក​​​ឡើ​​ង​​​ថា សេចក្តី​​​សម្រេច​​​ដើម្បី​​​ចាប់​​​ផ្តើម​​​ការ​​​វាយ​​​តម្លៃ​​​ថា តើ​​​ត្រូវ​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ ឬ​​​យ៉ាង​​​ណា​​​គឺ​​​មិន​​​មែន​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សុន្ទរកថា​​​របស់​​​លោក​​​ ហ៊ុន សែន ឡើយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​នៅ​​​មិន​​​ទាន់​​​បាន​​​ពិភាក្សា​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន នៅ​​​ឡើយ​​​ទេ​​​​​​​​​” ។​​​លោក​​​បាន​​​បន្ថែម​​​ថា ក្រសួង​​​​​​បាន​​​​​​ធ្វើ​​​ការ​​​សិក្សា​​​នៅ​​​ក្នុង​​​ការ​​​​​​ចាប់​​​ផ្តើម​​​បង្កើត​​​ក្រុមហ៊ុន​​​​​​នេះ​​​ តាំង​​​ពីខែ​​​ធ្នូ​​​មក​​​ម្លេ៉ះ​​​។

យោង​​​តាម​​​លោក ស័ក្តិ​​​​​​ធារ៉ា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ក្រសួង​​​កំពុង​​​តែ​​​សម្លឹង​​​មើល​​​លទ្ធភាព​​​នៅ​​​ឡើយ​​​​​ថា តើ​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ត្រូវ​​​ធ្វើ​​​ការ​​​រុក​​​រក​​​ប្រេង​​​ និង​​​ឧស្ម័ន​​​ ត្រូវ​​​នាំ​​​ចូល​​​ប្រេង​​​សម្រាប់​​​ស្តុក​​​ទុក​​​ ឬក៏​​​​​ត្រូវ​​​ចាប់​​​យក​​​វិធានការណ៍​​​ទាំង​​​ពីរ​​​នេះ។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “នៅ​​​ពេល​​​នេះ​​​​​​ យើង​​​​​​មិន​​​ទាន់​​​ដឹង​​​ទេ វា​​​ជា​​​បញ្ហា​​​ដែល​​​នៅ​​​ត្រូវ​​​​​​​​​​​​យក​​​មក​​​ពិភាក្សា និង​​​វាយ​​​តម្លៃ​​​នៅ​​​ឡើយ​​​”។

លោក​​​ Bin Many Mialia ប្រធាន​​​គ្រប់​​គ្រង​​​ទី​​​ផ្សារ​​​របស់​​​ក្រុមហ៊ុន​​​ PTT (Cambodia) Ltdជា​​​ក្រុមហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​របស់​​​ក្រុមហ៊ុន PTT Public Company Limited ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល​​​ថៃ​​​ បាន​​​លើក​​​ឡើ​​​ងថា ការ​​​នាំ​​​ចូល​​​ប្រេង​​​ដើម្បីបង្កើន​​​ការ​​​ស្តុក​​​ទុក​​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​ នឹង​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ដល់​​​ទាំង​​​រដ្ឋាភិបាល​​​ និង​​​អ្នក​​​​​​ដែល​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​​​​ឧស្សាហកម្ម​​​នេះ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មាន​​​ប្រេង​​​ ឬ​​​សហគ្រាស​​​ផ្ទាល់​​​ខ្លួន ​​​នោះ​​​វា​​​ជា​​​ការ​​​ប្រសើរ​​​សម្រាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ព្រោះ​​​ថា​​​រដ្ឋាភិបាល​​​អាច​​​គ្រប់គ្រង​​​តម្លៃ​​​បាន​​​ដោយ​​​ខ្លួន​​​ឯង​​​”។

ក្រសួង​​​ពាណិជ្ជកម្ម​​​​​​បាន​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ជា​​​បន្ត​​​បន្ទាប់​​​់នៅ​​​ក្នុង​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​ក្រុមហ៊ុន​​​ប្រេង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កំណត់​​​តម្លៃ​​​ប្រេង​​​របស់​​​ខ្លួន​​​ដោយ​​​ឆ្លុះ​​​បញ្ចាំង​​​ទៅ​​​នឹង​​​ការ​​​ប្រែ​​​ប្រួល​​​​​នៃ​​​តម្លៃ​​​ប្រេង​​​ពិភព​​​លោក។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា មានក្រុមហ៊ុន​​​ខ្លះ​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ក្នុង​​​ការ​​​​​​បញ្ចុះ​​​តម្លៃ​​​ប្រេង​​​របស់​​​ខ្លួន​​​។

អ្នក​​​ស្រី គឹម ណាតាឆា នាយក​​​ប្រតិបត្តិ​​​សម្ព័ន្ធភាព​​​កម្ពុជា​​​ដើម្បី​​​ចំណូល​​​ធន​​​ធាន​​​​​​ដែល​​​ជា​​​អង្គការ​​​ក្នុង​​​ស្រុក​​​ បាន​​​លើក​​​ឡើង​​​​​​ថា ការ​​​បង្កើត​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ក្នុង​​​គោល​​​បំណង​​​រុក​​​រក​​​ប្រេង​​​​​​អាច​​​មាន​​​ដំណើរ​​​ការ​​​ទៅមុខ​​​បាន​​​លុះ​​​ត្រា​​​តែ​​​កម្ពុជា​​​​​​មាន​​តំបន់​​​រុក​​​រក​​​ប្រេង​​​ធំ​​​។

លោក​​​​​​ស្រី​​​បាន​​​មានប្រសាសន៍​​​ថា ​​​​​​​​​”ប៉ុន្តែ​​​មក​​​ទល់​​​ពេល​​​នេះ ​​​យើង​​​មិន​​​ទាន់​​​មាន​​​ព័ត៌​​​​​​មាន​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បង្ហាញ​​​ថា តើ​​​យើង​​​អាច​​​បង្កើត​​​​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​បាន ឬមិន​​​បាន​​​​​​នៅ​​​ឡើយ​​​ទេ​​​”។ លោក​​​ស្រី​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “ការ​​​រុក​​​រក​​​ប្រេង​​​​​​បា​​ន​​​ចាប់​​​ផ្តើម​​​ដោយ​​​ទទួល​​​បាន​​​លទ្ធផល​​​ល្អ​​​គ្រាន់​​​បើ​​​នា​​​ពេល​​​ថ្មី​​​នេះ​​​ប្រសិន​​​បើ​​​និយាយ​​​ទាក់​​​ទិន​​​នឹង​​​ស្តង់ដារ​​​ឧស្សាហកម្ម​​​ ហើយ​​​ព័ត៌មាន​​​​​​ដែល​​​ត្រូវ​​​ប្រើ​​​ដើម្បី​​​វិភាគ​​​នៅ​​​មិន​​​ទាន់​​​បង្ហាញ​​​ជា​​​សាធារណៈ​​​នៅ​​​ឡើយ​​​ទេ”។

អាង​​​ប្រេង​​​នៅ​​​ក្នុង​​​សមុទ្រ​​​ដ៏​​​មាន​​​សារៈសំខាន់​​​បំផុត​​​របស់​​​​​​ប្រទេស​​​កម្ពុជា​​​គឺ​​​ស្ថិត​​​ក្នុង​​​ប្លុក​​​A​​​​​​ជា​​​តំបន់​​​មាន​​ផ្ទៃ​​​​​​៤.៧៩០គីឡូម៉ែត្រក្រឡា​​​នៅ​​​ក្នុង​​​សមុទ្រ​​​ក្រុង​​​ព្រះ​​​សីហនុ​​​ ដែល​​​គេ​​​ជឿ​​​ជាក់​​​ថា អាច​​​បូម​​​ប្រេង​​​បាន​​​១០.០០០បារ៉ែល​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។

បន្ទាប់​​​ពី​​​ក្រុមហ៊ុន Chevronដែល​​​ជា​​​ក្រុមហ៊ុន​​​ប្រេង​​​យក្សរបស់​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​បរាជ័យ​​​ជាង​​​មួយ​​​ទសវត្សរ៍​​​​​​ក្នុង​​​ការ​​​បូម​​​យក​​​ប្រេង​​​ពី​​​​​​ប្លុក“A”  ក្រុមហ៊ុន​​​ប្រេង​​​ និង​​​ឧស្ម័ន​​​របស់​​​សិង្ហបុរី​​​ឈ្មោះ​​​ថា KrisEnergy ​​​បាន​​​ទិញ​​​ភាគ​​​ហ៊ុន​​​ចំនួន​​​៣០​​​ភាគ​​​នៅ​​​ក្នុង​​​ប្លុក​​​ “A” នេះ​​​ពី​​​ក្រុម​​​ហ៊ុន Chevron​​​ ​​​កាល​​​ពី​​​ខែ​​​សីហា ។

ឥឡូវ​​​នេះ​​​ក្រុមហ៊ុន KrisEnergy ​​​​​​មាន​​​សិទ្ធិ​​​គ្រប់​​​គ្រង​​​ប្លុក​​​“A” នេះ​​​ចំនួន​​​៥២,២៥​​​ភាគ​​​រយ​​​ រីឯ​​​រដ្ឋាភិបាល​​​កម្ពុជា​​​វិញ​​​មាន​​​ភាគ​​​ហ៊ុន​​​៥ភាគ​​​រយ​​​ក្នុង​​​ប្លុក​​​នេះ​​​។

លោក សុន ឆ័យ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​​​​ក៏​​​ជា​​​អនុប្រធាន​​​គណៈកម្មការ​​​ហិរញ្ញាវត្ថុ​​​ និង​​​ធនាគារ​​​នៅ​​​រដ្ឋសភា​​​ផង​​​ដែរ​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​ទំនង​​​ជា​​​ខ្វះ​​​ការ​​​អត់​​​ធ្មត់​​​ក្នុង​​​ការ​​​រង់​​​ចាំ​​​ក្រុមហ៊ុន​​​ឯកជន​​​រុក​​​រក​​​ប្រេង​​​នៅ​​​ប្លុក“A” នេះ​​​ ហើយ​​​ចង់​​​ជួយ​​​ដោះ​​​ស្រាយ​​​​​រឿង​​​នេះ​​​។

លោក សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា ការ​​​បង្កើត​​​ក្រុមហ៊ុន​​​​​​គ្រប់​​​គ្រង​​​ដោយ​​​​​​រដ្ឋាភិបាល ​​​​​វា​​​​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ។ លុះ​​​ត្រា​​​តែ​​​យើង​​​មាន​​​ប្រេង​​​ច្រើន​​​សម្រាប់​​​រុក​​​រក​​​ បើ​​​​​​ពុំ​​​ដូច្នោះ​​​ទេ​​​ការ​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង និង​​​ការ​​​ទិញ​​​ឧបករណ៍​​​អាច​​​ធ្វើ​​​ឲ្យ​​​យើង​​​ចាយ​​​ប្រាក់​​​ច្រើនជាង​​​​​​ប្រេង​​​ដែល​​​ទទួល​​​បាន​​​៕ស៊ុយឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស