29 C
Phnom Penh

ប្រជាជន​កម្ពុជា​មួយ​ភាគបី​ប្រើ​អីុនធឺណិត​តាម​រយៈ​ទូរស័ព្ទ​ដៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ស្ថិតិ​ផ្តល់​ដោយ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​ប្រហែល​មួយ​ភាគបី​សព្វ​ថ្ងៃ​នេះ​តភ្ជាប់​អីុនធឺណិត ដោយ​ចំនួន​ការ​ទិញ​សេវាអីុនធឺណិត​កើន​ឡើង​៣១​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៤។

លោក អូក ដូរ៉ានី សមាជិក​ទី​២​នៃ​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ខែ​មករា​ឆ្នាំ​នេះ មាន​ការ​ទិញ​សេវា​អីុនធឺណិត​ជាង​ប្រាំ​លាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​កើន​ឡើង​ពីប្រហែល​៣,៨​លាន​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៣។

លោក ដូរ៉ានី បាន​មាន​ប្រសាសន៍​ថា ការ​ប្រើ​សេវា​អីុនធឺណិត​ភាគ​ច្រើន​លើសលប់​គឺ​តាម​រយៈ​ឧបករណ៍​ចល័ត។

លោក​មាន​ប្រសាសន៍​ថា “ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើ​ពីរ​ក្រុម មួយ​ក្រុម​ប្រើ​ទូរស័ព្ទ​ខ្សែ ឬ DSL និង​មួយ​ក្រុម​ប្រើ​ឧបករណ៍​ចល័ត ដែល​រួម​មាន​ទូរ​ស័ព្ទ​ដៃ​និង​អាយផែត។ ការ​ប្រើ​សេវា​អីុនធឺណិត​៩៨,៦៧​ភាគរយ​គឺ​ពី​ឧបករណ៍​ចល័ត”។

លោក ហ្សាវីយ៉េ សូឡា នាយក​វិទ្យា​ស្ថាន​បើក​ទូលាយ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា ការ​ប្រើ​អីុនធឺណិត​ក្នុង​ប្រទេស​នេះ​គឺ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​យល់​ដឹង​អំពី​ទូរស័ព្ទ​ស្មាតហ្វូន ដែល​មាន​តម្លៃ​ថោក​ជាង​មុន និង​ងាយ​ស្រួល​ប្រើ​ជាង​កុំព្យូទ័រ។

លោក​មាន​ប្រសាសន៍​ថា “ការ​ចូល​ប្រើ​អីុនធឺណិត អ្នក​ត្រូវការ​ឧបករណ៍​មួយ កុំព្យូទ័រ​ដើរ​យឺត ទូរស័ព្ទ​ដើរ​លឿន​រហ័ស​ជាង”។

យោងតាម​លោក សូឡា បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​មាន​ចំណែក​ភាគ​ច្រើន​ក្នុង​កំណើន​នេះ ដោយ​លោក​លើក​ឡើង​ថា “អ្នក​ដែល​មាន​អាយុ​២៥​ឆ្នាំ​ដល់​៣៥​ឆ្នាំ​មាន​ប្រាក់កាស​ច្រើន ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ក្រោម​២៥​ឆ្នាំ​មាន​ហេតុផល​ចង់​ដឹង​ច្រើន​ជាង”។

លោក សូឡា ដែល​បាន​បន្ថែម​ថា​អ្នក​ប្រើ​ប្រាស់​ជាច្រើន​មិន​ត្រឹមតែ​ប្រើ​មាតិកា ប៉ុន្តែ​ថែម​ទាំង​បង្កើត​វា​រឹតតែ​ច្រើន​ថែម​ទៀត​នោះ បាន​មាន​ប្រសាសន៍​ថា ហ្វេសប៊ុក ដែល​មាន​ការ​និយម​ច្រើន​ក្នុង​ចំណោម​យុវជន គឺ​ជា​ការ​ជំរុញ​ដ៏​សំខាន់​ក្នុង​កំណើន​អីុនធឺណិត។

លោក​មាន​ប្រសាសន៍​ថា “ការ​ចូលរួម​របស់​ប្រជាពល​រដ្ឋ​បាន​កើន​ឡើង។ មិន​សូវ​មាន​អ្នក​ប្រើ​សុទ្ធសាធ​ច្រើន​នោះ​ទេ ប៉ុន្តែ​មាន​អ្នក​ផលិត​ច្រើន ធ្វើ​ឲ្យ​អីុនធឺណិត​ក្លាយ​ជា​ឧបករណ៍​កាន់តែ​ប្រសើរ​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា”។

លោក​មាន​ប្រសាសន៍​ថា “តាម​រយៈ​អីុនធឺណិត ប្រជាជន​អាច​ផ្លាស់​ប្តូរ​គំនិត​គ្នា​ដោយ​មិន​បាច់​ធ្វើ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​ដែល​មាន​ស្រាប់ ដែល​មិន​មែន​តែងតែ​ជា​មតិ​ផ្ទាល់​របស់​គេ​នោះ។ ដូច្នេះ​ហើយ​ ហ្វេសប៊ុក​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​ណាស់​សម្រាប់​ក្រុម​ប្រឆាំង​អំឡុង​ពេល​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន” ហើយ​អ្នក​ប្រើប្រាស់​បាន​បន្ត​ប្រើ​វេទិកា​នេះ​ដើម្បី​បញ្ចេញ​មតិ​របស់​ពួកគេ។

លោក សូឡា បាន​បន្ថែម​ថា ការ​ចូល​ប្រើ​អីុនធឺណិត​ងាយ​ស្រួល​របស់​ពលរដ្ឋ​កម្ពុជា គឺ​ភាគ​ច្រើន​ដោយសារតែ​ការ​កំណត់​តម្លៃ។

លោក​បាន​មាន​ប្រសាសន៍​ថា “គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្នុង​ពិភព​លោក​ក្នុង​ការ​ចូល​ប្រើ​អីុនធឺណិត​ថោក​បំផុត។ អ្នក​អាច​ចូល​ប្រើ​សេវា​ទាំងអស់​ដែល​អ្នក​ត្រូវការ​ក្នុង​តម្លៃ​តែ​៥​ដុល្លារ​ក្នុង​មួយ​ខែ។គឺ​ប្លែក​ពី​គេ​ណាស់។ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ អ្នក​ត្រូវ​ចំណាយ​៤០​ដុល្លារ ឬ​៥០​ដុល្លារ​សម្រាប់​អីុនធឺណិត”។

ស្ថិតិ​ថ្មី​នេះ​បញ្ចេញ​ឲ្យ​ដឹង​ខណៈ​ដែល​ក្រុមហ៊ុន We Are Social បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​អំពី​និន្នាការ​កើន​ឡើង​ផ្នែក​ឌីជីថល​និង​ម៉ូបាល នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​បង្ហាញ​ផងដែរ​នូវ​ការ​លូតលាស់​ច្រើន​ក្នុង​ការ​ប្រើ​អីុនធឺណិត​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​និយាយ​ថា “ការ​ផ្លាស់​ប្តូរ​សំខាន់​បំផុត​ក្នុង​ការ​ប្រើ​អីុនធឺណិត​មាន​នៅ​ប្រទេស​កម្ពុជា និង [ភូមា] ដែល​ចំនួន​អ្នក​ប្រើ​បាន​កើន​ដល់​៤១៤​ភាគរយ​នៅ​ប្រទេស​កម្ពុជា និង​៣៤៦​ភាគរយ​នៅ​ប្រទេស​ភូមា”។

ស៊ីម៉ុន កែម ដៃគូ​គ្រប់គ្រង​ក្នុង​តំបន់​របស់​ក្រុមហ៊ុន​នេះ ដែល​និពន្ធ​របាយការណ៍​ បាន​មាន​ប្រសាសន៍​ថា ការ​ពិត​ដែល​ថា​រដ្ឋាភិបាល​បាន​បញ្ចេញ​ទិន្នន័យ​ឲ្យ​ដឹង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ មាន​ន័យ​ថា ស្ថិតិ​នេះ​មិន​អាច​ជឿជាក់​បាន​ទេ ប៉ុន្តែ​ថា ទោះយ៉ាងណា​ក៏ដោយ​វា​បង្ហាញ​និន្នាការ​ជារួម​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​ប្តូរ​ទៅ​ប្រើ​អីុនធឺណិត៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស