38 C
Phnom Penh

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​ច្រាន​ចោល​ការ​អះអាង​​អំពី​ការ​ចំណាយ​លើស​ខ្ទង់​របស់​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​ច្រាន​ចោល​ការ​អះអាង​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ ដែល​លើក​ឡើង​ថា ប្រធាន​រដ្ឋបាល​នៃ​រដ្ឋសភា​​ គឺ​ជា​អ្នកទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចំណាយ​​លើស​​ខ្ទង់​​នៅ​ក្នុង​ថវិកា​​របស់​រដ្ឋសភា​ ដោយ​ចាត់ទុក​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា ” គ្មាន​មូលដ្ឋាន​ និង​គ្មាន​ប្រភព​ច្បាស់​លាស់”។

លោក សុន ឆ័យ តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​រដ្ឋសភា​ថា​ ជាអ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ទិញ​​សម្ភារ​បំប៉ោង​តម្លៃ​ រួម​មាន​ទាំង​២៥.០០០​ដុល្លារ​សម្រាប់​បង្គោល​ដង​ទង់ជាតិ​មួយ​ដើម​នៅ​ឆ្នាំ​នេះ​ និង​១១.៥លាន​ដុល្លារ​លើ​ “សេវា​កម្ម​” កាលពី​ឆ្នាំមុនផង​ដែរ​​ ហើយ​បាន​​​​សុំ​ឲ្យ​​គណៈកម្មការ​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា ​​កោះ​ហៅ​មក​សាក​សួរ​កាលពី​ថ្ងៃអង្គារ។

លោក​ ជាម យៀប ដែល​ជា​ប្រធាន​គណៈកម្មការ​នេះ​ បាន​ចូល​បើក​អង្គប្រជុំ ប៉ុន្តែ​បាន​ចាក​ចេញទៅ​វិញ​ដោយទុក​ឲ្យ​លោក សុន ឆ័យ អនុប្រធាន​គណៈកម្មការ​នេះ​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​ជំនួស​លោក​។

កាលពី​ម្សិលមិញ តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ បាន​ធ្វើ​សន្និសីទ​កាសែត​​ ដើម្បីច្រាន​ចោល​​ការ​អះអាង​​របស់​លោក សុន ឆ័យ ថា​គ្មាន​មូលដ្ឋាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “តាង​នាម​​ប្រធាន​គណៈកម្មការ​នេះ​ ​​​ដែល​មាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ប្រធាន​រដ្ឋសភា [លោក ហេង សំរិន​] អ្វី​ដែល​ឯក​ឧត្ដម​ សុន ឆ័យ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​​អំពី​រឿង​អ្វី​ៗ គឺគ្មាន​មូលដ្ឋាន​​ និង​គ្មាន​ប្រភព​ច្បាស់​លាស់​ទេ​។ គាត់​និយាយ​បំផ្លើស​រឿងគ្រប់យ៉ាង​”។

លោក​បាន​បន្ត​ថា ការ​អះអាង​របស់​លោក សុន ឆ័យ ​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា ប្រសិន​បើ​លោក​មាន​ភ័ស្តុ​តាង​ដាក់​បន្ទុក​លើ​លោក ឡេង ប៉េងឡុង លោក​អាច​​ធ្វើ​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​បាន​។ លោក​បាន​បន្ត​ថា “ប្រសិន​បើ​គណៈកម្មការ​ជំនាញ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ ហើយ​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​ គណៈកម្មការ​នឹង​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ប្រធាន​រដ្ឋសភា​ ដើម្បី​ស្នើ​សុំ​​ [គាត់​] ចាត់​វិធាន​ការ​​លើ​បញ្ហា​នេះ​។ ប្រសិន​បើ​ចាំបាច់​ ប្រធាន​រដ្ឋសភា​អាច​សរសេរ​លិខិត​ទៅ​អាជ្ញាធរ​បាន​ ដូច​ជាភាគីទី៣ នោះគឺ​តុលាការ ឬអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​​​ធ្វើ​ការ​ស៊ើបអង្កេត​​”។

ពេល​ទាក់ទង​តាម​ទូរស័ព្ទ​​ លោក សុន ឆ័យ ​បានមាន​ប្រសាសន៍​​​ថា លោក ជាម យៀប កំពុង​ការ​ពារ​​មន្ត្រី​គណបក្ស​ប្រជាជន​គ្នាឯង​បន្ទាប់ពី​​ធ្លាប់​ទទួល​ស្គាល់​ដោយ​ផ្ទាល់​កាលពី​​ពេល​កន្លង​មក​ថា ​លោក ឡេង ប៉េងឡុង គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ការ​ចំណាយ​។

លោកបាន​លើក​ឡើង​ថា “នេះ​ជា​ក្ដី​បារម្ភ​របស់​បក្ស​។ គាត់​និយាយ​ជួស​មុខ​ឲ្យ​បក្ស ហើយ​ត្រូវ​តែការ​ពារ​មនុស្ស​របស់​គាត់​។ ធាតុពិត​គាត់​ដឹង​ ហើយ​​ជួន​កាល​​គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា មានបញ្ហា​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ការ​ចំណាយ​នៅ​រដ្ឋសភា​ទៀត​ផង​​”។

លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា លោកជឿ​ថា ព័ត៌មាន​របស់​លោក​គឺ​ត្រឹម​ត្រូវ ហើយ​បាន​ជំរុញ​ឲ្យ​លោក ឡេង ប៉េងឡុង ចេញ​មុខ​បក​ស្រាយ​​ដើម្បី​បញ្ជាក់​​ថា ​លោក​និយាយ​ខុស​​តាម​រយៈការ​បញ្ចេញ​តួលេខ​គណនី​កាលពី​ឆ្នាំ​មុន។

លោក​ថ្លែង​ថា “​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​​លើស​​ខ្ទង់​គឺ​អាច​ជឿ​ទុក​ចិត្ត​បាន​ ប៉ុន្តែ​ក្ដី​បារម្ភ​ចម្បង់គឺ​ការ​ចំណាយ​លើ​​សេវាកម្ម​ចំនួន​១១,៥លាន​ដុល្លារ​។ ចាប់​ផ្ដើម​ពី​ប្រភព​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នេះ គេ​ជឿ​ថា ក្នុង​មួយ​ឆ្នាំៗ​នៅ​ពេល​រដ្ឋសភា​ត្រូវ​ទទួល​ភ្ញៀវ​ ឬ​នៅពេល​សមាជិកគណៈកម្មការ​ធ្វើ​ដំណើរ​ទៅ​បរទេស​ ការ​ចំណាយ​​អាច​តិច​ជាង​៣០ភាគ​រយ​នៃ​ចំនួន​១១,៥​លាន​ដុល្លារ​នោះ”។

លោក​បាន​លើក​ឡើង​ទៀត​ថា លោក​នឹង​ឈប់​ដេញ​ដោល​រឿង​នេះតទៅ​ទៀត​ ប្រសិន​​បើ​​​បង្ហាញ​បង្កាន់​ដៃ​ចំណាយ១១,៥លាន​ដុល្លារ​នេះ​។ ” តើបង្កាន់​ដៃ​ចំណាយ​កាលពី​ឆ្នាំ​មុន​នៅ​ឯណា តើ​អ្នក​ណា​មក​ខ្លះ​​ តើ​ពួកគេ​ស្នាក​់​​នៅ​សណ្ឋាគារ​ណា ហើយ​តើ​ពួកគេ​ចំណាយ​លើ​អ្វី​ខ្លះ​? ម៉េច​ក៏​​​ពួកគេ​និយាយ​ថា​ គ្មាន​ឯកសារ​​ទៅ​​កើត​?”៕ សុខុម​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស