31 C
Phnom Penh

រដ្ឋសភា​​​នឹង​​​អនុម័ត​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ចំនួន​​​ពីរ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋ​​​សភា​នឹង​បើក​សម័យ​ប្រជុំ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​​​និង​​​​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន​​​ពីរ​ ដើម្បី​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នៅមុន​​ចូល​ឆ្នាំ​​​ខ្មែរ។

លោក កឹម សុខា ដែល​ជា​អនុប្រធាន​ទី១​រដ្ឋសភា​ដែរ​​​នោះ​បាន​ប្រាប់​អ្នក​យក​​​ព័ត៌មាន​​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃ​​​ស​ក្នុង​រាជធានី​ភ្នំពេញ​ថា លោក​សង្ឃឹម​ថា ដំណើរ​ការ​ដ៏​​​ឆាប់​​​នេះ​នឹង​​ធ្វើ​ឲ្យ​ច្បាប់​ថ្មី​នេះ​ចូល​ជា​ធរមាន​ត្រឹម​ថ្ងៃ​ទី១៣​ ខែ​មេសា។

លោក​បាន​​​មាន​ប្រសាសន៍​ថា “គណបក្ស​ទាំងពីរ​បាន​យល់ព្រម​បញ្ចប់​ច្បាប់​ទាំង​ពីរ​នេះ​នៅ​ថ្ងៃ​​​ទី​១៩ និង​២០​ ខែ​​​មីនា ដើម្បី​អនុម័ត​ច្បាប់​ទាំង​ពីរ​នេះ​នៅ​រដ្ឋសភា ហើយ​បន្ទាប់​មក​​បញ្ជូន​​​ទៅ​​​ព្រឹទ្ធ​​​សភា និង​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ រួច​​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​​​ព្រះហស្ត​លេខា​​មុន​ថ្ងៃ​ទី​៣០ខែ​នេះ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​​​ទី​៣០ ខែ​មីនា នឹង​កោះ​ហៅ​បេក្ខជន​សម្រាប់​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មក​ជួប​ជុំ​​​គ្នា​ក្នុង​រយៈ​ពេល​១០​ថ្ងៃ។ បន្ទាប់មក គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ជួប​ប្រជុំ​​​ដើម្បី​ជ្រើស​រើស​​​សមាជិក​គណៈ​​​កម្មការ​ទាំង​៩​។

លោក​ កឹម សុខា បាន​​​មាន​ប្រសាសន៍​ថា “ត្រឹម​ថ្ងៃ​​​ចូល​ឆ្នាំ​ខ្មែរ​ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ហើយ​អ្នក​ដែល​មាន​ជាប់​ទោស​ទណ្ឌ​​នយោបាយ​​នឹង​​​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​”។

អនុប្រធាន​គណបក្ស​សង្គ្រោះ​​​ជាតិ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​នេះ​កាលពី​ម្សិល​​​មិញ ដើម្បី​ជួប​ជាមួយ​លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​ប្រឆាំង​​ជាប់ពន្ធនាគារ ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​​​ពីចុង​ឆ្នាំ​មុន មួយ​ថ្ងៃ​​បន្ទាប់ពី​​ការ​ចរចា​ជុំវិញ​​ច្បាប់​បោះ​ឆ្នោត​ថ្មី​ត្រូវ​បាន​ជាប់​គាំង​ជាថ្មី​ម្ដង​ទៀត​។

គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក មាជ សុវណ្ណារ៉ា គឺ​ជា​រឿង​នយោបាយ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​​​ចរចា​ ហើយ​លោក កឹម សុខា បាន​​​មាន​ប្រសាសន៍​កាលពី​ម្សិល​​​មិញ​ថា លោក​សង្ឃឹម​ថា នៅ​ពេល​ច្បាប់​ថ្មី​​​ទាំង​ពីរ​នេះ​ត្រូវ​បាន​អនុម័ត​​ មន្ត្រី​រូបនេះ​នឹង​ត្រូវ​ដោះលែង។

លោក កឹម សុខា បាន​​​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​​​ជួប​លោក មាជ សុវណ្ណារ៉ា ហើយ​សុខភាព​របស់​គាត់​មិន​អី​ទេ។ គាត់​និយាយ​ថា គាត់​នៅ​តែ​មាន​សង្ឃឹម​ថា នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅ​​​ពេល​ឆាប់ៗ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។

លោក​បាន​បន្ថែម​ថា យើង​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ ហើយ​យើង​នឹង​លើក​​​ឡើង​​​ពី​​​​បញ្ហា​ការ​ជាប់​ពន្ធនាគារ​របស់​គាត់​បន្ទាប់ពី​ការ​អនុម័ត​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​។​​​

ច្បាប់​បោះ​ឆ្នោត​ថ្មី​​នេះ​បាន​រង​ការ​រិះគន់​ពី​សំណាក់​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ដោយ​សារ​មាត្រា​មួយ​​​ចំនួន​​​​​ដែល​ពួកគេ​និយាយ​ថា នឹង​បំបិទ​មាត់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ការ​បោះ​ឆ្នោត ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​​​ជាតិ​មិន​​​អើពើ​ចំពោះ​ការ​រិះគន់​នេះ​​​ទេ ហើយ​បាន​លើក​ឡើង​ថា ច្បាប់​ថ្មី​នេះ​នឹង​រារាំង​បុគ្គលិក​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​​​មិន​ឲ្យ​លម្អៀង​ ឬ​​​ជេរ​ប្រមាថ​តែប៉ុណ្ណោះ​។

ការ​បង្កើត​គណៈ​​​កម្មា​​​ធិ​​​ការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​ដែល​មាន​ពីរ​គណបក្ស​ ដែល​​​សមាជិក​បួន​រូប​ត្រូវ​​​បាន​​​ជ្រើស​រើស​ដោយ​គណបក្ស​នីមួយៗ ហើយ​ក៏​​​មាន​សមាជិក​ទី​៩អព្យាក្រឹត​ម្នាក់​ផង​ដែរ​។

លោកស្រី ពុង ឈីវ​​​កេក ប្រធាន​អង្គការ​លីកាដូ​ ទំនង​​​ជា​​​អ្នក​​​ត្រូវ​​​បាន​​​ជ្រើស​​​​​​តាំង​​​នោះ​​​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា លោកស្រី​មិន​ទាន់​សម្រេច​ថា តើ​ទទួល​យក​តួនាទី​នេះ​ឬ​​​យ៉ាង​ណា​នោះ​​​ឡើយ រហូត​ដល់​ច្បាប់​ថ្មី​នេះ​​​​ជា​​​ផ្លូវការ​​​​សិន​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស