កម្មករចម្ការកៅស៊ូជិត២០០នាក់ ក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានបញ្ចប់កូដកម្មរយៈពេលបីថ្ងៃជុំវិញប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ បើទោះជាមិនមានការដោះស្រាយនូវកង្វល់របស់ខ្លួនជាមួយក្រុមហ៊ុន Socfin KCD ជាក្រុមហ៊ុនបារំាងដ៏ចម្រូងចម្រាសដែលកាន់កាប់ចម្ការកៅស៊ូនេះក៏ដោយ។
យោងតាមលោក ចាន់ សុគន្ធ រដ្ឋបាលនៅក្រុមហ៊ុន Socfin ដែលមានទីស្នាក់ការក្នុងស្រុកពេជ្រាដា បានមានប្រសាសន៍ថា កម្មករបានធ្វើការតវ៉ាពីព្រោះក្រុមហ៊ុនបានកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួនពី៦ដុល្លារមក៥ដុល្លារក្នុងឆ្នាំ២០១៣ ហើយមិនបានដំឡើងឲ្យពួកគាត់ទេចាប់តាំងពីពេលនោះមក។
លោកបានមានប្រសាសន៍ថា “កម្មករមិនហ៊ានធ្វើការតវ៉ាទេពីមុនមក ពីព្រោះពួកគាត់ខ្លាចម្ចាស់ក្រុមហ៊ុនបណ្ដេញពួកគាត់ចេញ”។ លោកបានបន្ថែមថា បើទោះណាជាលោកមានប្រាក់ខែ២៣១ដុល្លារក្នុងមួយខែក៏ដោយ ក៏លោកបានចូលរួមកូដកម្មនោះដែរ។
លោកបានមានប្រសាសន៍ថា “យើងបានសម្រេចធ្វើការតវ៉ាក្នុងពេលនេះប៉ុណ្ណោះ ដោយសារក្រុមហ៊ុនបានដាក់សម្ពាធលើកម្មករ”។
លោក សុគន្ធ បានមានប្រសាសន៍ថា កម្មករបានចូលរួមកិច្ចប្រជុំរយៈពេល៦ម៉ោងនៅការិយាល័យរបស់ក្រុមហ៊ុនកាលពីថ្ងៃពុធ ប៉ុន្តែថា អ្នកគ្រប់គ្រងបានយល់ព្រមចំពោះការទាមទាររបស់ពួកគាត់តែមួយចំណុចប៉ុណ្ណោះ ដោយអនុញ្ញាតឲ្យអ្នកបើកបររថយន្តដែលត្រូវបណ្ដេញចេញចូលធ្វើការវិញ។
លោកបានពន្យល់ថា កម្មករក៏បានទាមទារឲ្យក្រុមហ៊ុន Socfin ដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួនដល់៧,៥ដុល្លារផងដែរ និងកាត់បន្ថយម៉ោងធ្វើការពី១០ម៉ោងមក៨ម៉ោងក្នុងមួយថ្ងៃ។
តំណាងក្រុមហ៊ុន Socfin មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែលោក សុគន្ធ បានមានប្រសាសន៍ថា ក្រុមហ៊ុនបានសន្យារៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីឲ្យកម្មករ១៨០នាក់ត្រូវបានជួលធ្វើការពេញម៉ោងក្នុងរយៈពេល១ឆ្នាំ និងដោះស្រាយបញ្ហាមួយចំនួនក្នុងរយៈពេល៣ខែក្រោយនេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងបន្តតវ៉ាទៀត ប្រសិនបើពួកគេមិនគោរពតាមការសន្យា”។
ស្ត្រីឈ្មោះ បាញ់ ស្រឿត អាយុ២៦ឆ្នាំ ដែលធ្វើការនៅចម្ការកៅស៊ូនេះរយៈពេល៧ឆ្នាំមកហើយនោះបាននិយាយថា គាត់នឹងត្រឡប់ទៅធ្វើការវិញនៅថ្ងៃនេះ ប៉ុន្តែថា គាត់មិនសប្បាយចិត្តនឹងការសម្រេចបញ្ចប់កូដកម្មនេះឡើយ។
គាត់បាននិយាយថា “ខ្ញុំនឹងទៅក្រុមហ៊ុនទាមទារដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្ញុំយ៉ាងហោចណាស់ក៏២៥.០០០រៀលដែរ ហើយប្រសិនបើក្រុមហ៊ុនមិនព្រមទេនោះ ខ្ញុំនឹងឈប់ធ្វើការ ហើយទៅធ្វើស្រែចម្ការវិញ”។
ចាប់តាំងពីទទួលបានដីសម្បទានទំហំ៤.០៦២ហិកតាក្នុងឆ្នាំ២០០៩ អង្គការសិទ្ធិមនុស្សបានចោទក្រុមហ៊ុន Socfin ថា បានគាបសង្កត់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់នេះឲ្យលក់ដីដូនតារបស់ខ្លួន៕សារុន